លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាគាំពារពលរដ្ឋក្រីក្រនិងវិស័យឯកជនគ្រប់កាលៈទេសៈ
តាំងពីសម័យកាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់អណត្តិអ្នកបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែងផ្តល់អាទិភាពដល់ពលរដ្ឋក្រីក្រនិងវិស័យឯកជន។
តាមរយៈវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី ១៩ ដែលបើកធ្វើនាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តនយោបាយគាំពារពលរដ្ឋក្រីក្រនិងវិស័យឯកជនយ៉ាងប្តូរផ្តាច់ដូចរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយឥតងាករេ។
សម្តេចធិបតីបានប្រកាសបន្តមិនយកភាស៊ីពីអ្នកលក់ដូរតូចតាចតាមញ្ច្រែង មិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធអចលទ្រព្យសម្លៃទាបជាង ១០០ លានរៀល មិនយកពន្ធលើប្រាក់បៀវត្សរ៍អប្បបរមា និងប្រាក់ឈ្នួលអប្បបរាមារបស់កម្មករនិងមិនយកពន្ធផ្សេងៗទៀតយ៉ាងច្រើន។ និយាយជារួម រាជររដ្ឋាភិបាលព្យាយាមចៀសវាងមិនយកពន្ធពីអ្នកមានចំណូលទាបដើម្បីកុំឱ្យប៉ះពាល់ជីវភាពបស់ពួកគេ។
ផ្ទុយទៅវិញ ពលរដ្ឋទាំងនោះទទួលបានការគាំពារពីរាជរដ្ឋាភិបាលមុនគេនៅពេលពួកគេជួបវិបត្តិផ្សេងៗដូចជាវិបត្តិកូវីដ១៩ ឬគ្រោះមហន្តរាយធម្មជាតិជាដើម។
ចំពោះវិស័យឯកជនវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសាកលដូចជាវិបត្តិជំងឺកូវីដ១៩ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ក៏ដូចជាសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស ប៉ាឡេស្ទីនក៏ដោយ ក៏រាជរដ្ឋាភិបាលមិនទុកឱ្យវិស័យឯកជននៅឯកោឡើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានដាក់ចេញវិធានការជាច្រើនដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាដែលពាណិជ្ជករកំពុងជួបប្រទះសំដៅធ្វើយ៉ាងណាឱ្យផ្នែកឯកជនមានសន្ទុះទៅមុខ។
ពលរដ្ឋក្រីក្រ និងអ្នករកទទួលទានក្នុងវិស័យឯកជនបានសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនៅតែប្តូរផ្តាច់គាំពារវិស័យឯកជនដូចអ្វីដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើដោយឥតប្រែប្រួល។
គោលនយោបាយគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនយ៉ាងមោះមុតនេះហើយដែលបានឆក់ទាញបេះដូងពលរដ្ឋខ្មែរឱ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាដរាបដោយឥតងាករេ ខណៈវិស័យឯកជនវិញតែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសគ្រប់កាលៈទេសៈរហូតធ្វើឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងខ្លាំងដូចសព្វថ្ងៃ៕
ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល