ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដែលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅសិង្ហបុរី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 77

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Faceboo និង Telegram បានបង្ហោះសារអបអរសាទរដែលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅសិង្ហបុរី។

សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារដូច្នេះថា «អបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) នៅប្រទេសសិង្ហបុរី លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ក្រោយពីប្រកួតប្រជែងជាមួយនឹងផលិតផលឌីជីថល សេវា និងកម្មវិធី ទាំង១២៥ នៃប្រទេសជាសមាជិកអាស៊ានទាំង១០។

ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ និងការតភ្ជាប់អ៉ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យា​ គឺជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីបន្ថែមនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល​ ដោយរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជន និងវិស័យឯកជន ព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ»។

សូមជម្រាបថា ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ជាបេក្ខភាពតំណាងរបស់កម្ពុជា ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថល ក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និង គ.រ.ឌ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម និងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាននឹងសម្រេចបានគោលដៅរួមក្នុងការទាញយកសក្ដានុពលជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក.ប.ទ. ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។

សូមបញ្ជាក់ថា ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែកមានដូចជា៖ ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។

ក្នុងការប្រកួតប្រជែង ពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤នេះ ប្រព័ន្ធសុខាភិបាលឌីជីថល របស់ព្រះរាជាណាចក្រថៃ ទទួលបានមេដាយប្រាក់ ហើយប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕

អត្ថបទទាក់ទង