ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ គឺបានដោយសារប្រសិទ្ធភាពការងារ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 60

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយបានចែករំលែកពីភាពជោគជ័យនៅក្នុងការងារនាពេលកន្លងមក ហើយសម្តេចបានគូសបញ្ជាក់ថា ជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ គឺបានដោយសារប្រសិទ្ធភាពការងារ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំ មិនទាន់បានជួបប្រពន្ធកូន មានរបបស្បៀង១៦គីឡូក្នុងនោះអង្ករ១០គីឡូ ពោតក្រហម៦គីឡូ។ ងាកមកសម្លៀកបំពាក់ ខ្ញុំមានខោអាវធំតែមួយសម្រាប់នេះទេ ដែលជាជំនួយរបស់មិត្តវៀតណាម (រូបថតនេះថតនៅប្រហែលពាក់កណ្តាលកុម្ភៈ ឆ្នាំ១៩៧៩ មុនពេលខ្ញុំជួបភរិយា និងកូនខ្ញុំ)។ ខោអាវធំនេះ មិនបានវាស់កាត់ទេបានជាខោវែងជាងជើង អាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅរើសនៅផ្សារថ្មីម្ខាងធំម្ខាងតូច ពាក់ឈឺជើងស្ទើរដើរមិនរួច»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «តែទោះយ៉ាងណាខោអាវមិនស្អាតនេះ មិនរំខានការងារខ្ញុំនោះទេ វាតាមបំរើខ្ញុំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូ ប្រទេសស្រីលង្កា នៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន្ធ។ ខោអាវមួយសម្រាប់នេះ វាបានជួយឱ្យខ្ញុំទទួលបានជោគជ័យរយៈពេលជាង៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការលំបាក គឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ត្រូវចងចាំជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាពដើម្បីបំរើដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕

អត្ថបទទាក់ទង