ខ្មែរប៉ុស្ដិ៍ Close

ខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលីបើកការដ្ឋានស្ថាបនា «គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ដែលមាន លោក ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលីបើកការដ្ឋានស្ថាបនា «គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន» ដែលស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព អាជ្ញាធរស្រុកឯកភ្នំ មន្ត្រីបច្ចេកទេស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន នេះមានទីតាំងស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដើម្បីយកទឹកស្តុកទុកក្នុងស្ទឹងសង្កែ និងសម្រាប់ប្រើប្រាស់ទាំងរដូវប្រាំង និងរដូវវស្សា ដែលមានផ្ទៃដីស្រោចស្រពជាង ១០.៤០០ ហិកតា មានប្រឡាយសរុបប្រវែង ១៥គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណ ៣៧.០៨៦.៣៦៣ ដុល្លារ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់រួចរាល់ ការរំពឹងទុកថា ក្រុងបាត់ដំបងនឹងមានទឹកស្តុកទុកក្នុងស្ទឹងសង្កែ មានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង។

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ត្រូវបានដំណើរការអនុវត្តដោយមានទំហំការងារ សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹងសង្កែប្រវែង ២៥០ម៉ែត្រ សាងសង់សំណង់ទ្វារទឹកមេកាត់ស្ទឹងសង្កែប្រវែង ៧៤ម៉ែត្រ ចំនួន១កន្លែង សាងសង់ប្រឡាយបេតុង ចំនួន ៤ខ្សែ ប្រវែង១៣,៧៨ គីឡូម៉ែត្រ សាងសង់សំណង់ទ្វារទឹក ចំនួន១២កន្លែង សាងសង់សំណង់ស្ទាក់ទឹកប្រឡាយរង ចំនួន២កន្លែង សាងសង់សំណង់លូចែកចាយទឹកប្រឡាយមេ ចំនួន ៨ កន្លែង សាងសង់ស្ពានឆ្លងកាត់ និងស្ពានថ្មើរជើងកាត់ប្រឡាយមេ សរុបចំនួន ១៨កន្លែង និងសាងសង់ជណ្តើរចុះប្រឡាយមេសម្រាប់អ្នកភូមិប្រើប្រាស់ ជាច្រើនកន្លែងទៀត។

ទន្ទឹមនឹងនេះ ស្ទឹងសង្កែដែលទឹកធ្លាប់តែហូរធ្លាក់ចូលទៅកាន់បឹងទន្លេសាប នឹងមានទឹកខួបប្រាំង ខួបវស្សា សម្រាប់ផ្គត់ផ្គង់ ឱ្យការផលិតទឹកស្អាត ស្រោចស្រពដំណាំកសិកម្ម និងលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕