អាជ្ញាធរជាតិអប្សរានិងស្ថាប័ន GIZ អាល្លឺម៉ង់ បើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មនិងអបអរសាទរខួប ១៥ឆ្នាំ នៃទំនាក់ទំនងរបស់ស្ថាប័នទាំងពីរនៅលើទឹកដីអង្គរ
អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បើកវគ្គបណ្តុះបណ្តាលជំនាញព្យាបាលនិងអភិរក្សថ្មដល់សិក្ខាកាមខ្មែរចំនួន២០រូប នៅប្រាសាទបន្ទាយសំរ៉ែ អស់រយៈពេលពាក់កណ្តាលឆ្នាំមកហើយ បើគិតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣។
ការបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យយុវជនខ្មែរក្លាយជាអ្នកជំនាញជំនាន់ថ្មីនៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរទៅថ្ងៃអនាគត។ ក្នុងឱកាសថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ក៏ជាការរំលឹកខួបទី១៥ឆ្នាំ របស់អង្គការ GIZ អាល្លឺម៉ង់ ក្នុងកិច្ចសហការលើការងារអភិរក្សថ្មនិងបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរលើជំនាញនេះដូចគ្នា។
លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាមានប្រសាសន៍ថា គម្រោងបង្រៀនអភិរក្សថ្មនៅក្នុងតំបន់អង្គរ មានរយៈពេល២ឆ្នាំកន្លះ មកដល់បច្ចុប្បន្ន បានពាក់កណ្តាលឆ្នាំហើយ។ ការបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម មាន១៣វគ្គ ដែលផ្តោតសំខាន់លើការងារជួសជុល ការស្វែងយល់ពីកំណរកំណើតថ្ម យល់ដឹងអំពីការខូចខាតរបស់ថ្មដោយសារកត្តាអ្វីខ្លះ? វិភាគទៅលើជំងឺរបស់ថ្ម និងសិក្សាអំពីវត្ថុធាតុ និងវិធីសាស្ត្រព្យាបាលជាដើម។
ចំណែកគ្រូបង្រៀនជនជាតិអាល្លឺម៉ង់កញ្ញា Helen Jacobsen ឱ្យដឹងថាក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ អង្គការ GIZ បានបណ្ដុះបណ្ដាលយុវជនខ្មែរលើជំនាញព្យាបាលនិងអភិរក្សថ្ម បានប្រមាន៤០នាក់ហើយ។ កញ្ញា Helen សម្តែងការសប្បាយចិត្តដែលបានចូលរួមបណ្ដុះបណ្ដាលយុវជនខ្មែរឱ្យក្លាយជាអ្នកជំនាញសម្រាប់បន្តវេនក្នុងការអភិរក្សនិងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ហើយកញ្ញាសង្ឃឹមថា នៅពេល១០ឆ្នាំខាងមុខទៀត អាជ្ញាធរជាតិអប្សរានឹងមានអ្នកជំនាញផ្នែកព្យាបាលនិងអភិរក្សថ្ម កើនឡើងដែលនឹងធ្វើឱ្យការងារអភិរក្ស និងជួសជុលប្រាសាទបុរាណនានាដោយខ្មែរខ្លួនឯង ពុំចាំបាច់ពឹងផ្អែកលើអ្នកជំនាញបរទេសទៀតទេ៕
អត្ថបទ និងរូបភាព៖ យី សុថា