លោក ប៉ែន បូណា៖ ៣ខែរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលហួសការរំពឹងទុក និងមានសុទិដ្ឋិនិយមខ្ពស់ ឈានទៅសម្រេចគោលដៅប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរយៈពេល ៣ខែគត់នៃការចាប់ផ្តើមបំពេញការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចការងារលើសពីការរំពឹងទុក។
តាមរយៈសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ លោក ប៉ែន បូណា បានគូសរំលេចឱ្យឃើញនូវសមិទ្ធផលធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេល៣ខែនេះ។ ការងារធំទាំង៣នោះ រួមមាន៖ ការរក្សាបាននូវសន្តិភាព ស្ថិរ ភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការជាប្រប្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍន៍, ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតលើនយោបាយអាទិភាពទាំង៦ ដែលផ្តល់ការយក ចិត្តទុកដាក់ខ្ពស់ទៅលើសុខភាព ការងារយុវជន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, លើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។
ពាក់ព័ន្ធសុខសន្តិភាពនេះ លោក ប៉ែន បូណា បានគូសរំលេចថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺធានាប្រប្រតីភាពគ្រប់យ៉ាង និងធានាការពារសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន កសាងឡើងមិនឱ្យបានត់បង់ ឬមិនមិនឱ្យសូម្បីតែការប្រែប្រួលជាអវិជ្ជមានណាមួយឡើយ។ នេះជាសមិទ្ធផលធំធេងដំបូងបង្អស់ដែលគេមិនត្រូវមើលរំលងពីព្រោះប្រវត្តិសាស្ត្របានបង្ហាញហើយថា កម្ពុជាពេលផ្លាស់ប្តូរអ្នកដឹកនាំម្តងៗ តើប្រទេសជាតិជួបអ្វីខ្លះ? សង្គ្រាម បែកបាក់ កាប់សម្លាប់ សងសឹក… តែការផ្លាស់ប្តូរមេដឹកនាំលើកនេះ ជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម ក៏ដូចជាការអភិវឌ្ឍន៍។
ក្រៅតែពីបង្ហាញនូវសមិទ្ធផលសន្តិភាពហើយនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា ក៏បានគូសរំលេចផងដែរនូវសមិទ្ធផលនៃការអនុវត្តន៍នយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលរួមមាន៖ ផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, ពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ និងការពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្ម។
បើតាមលោក ប៉ែន បូណា ក្រៅតែសមិទ្ធផលបានបង្ហាញខាងលើនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ក៏បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ។ បន្ថែមពីលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី តាមរោងចក្រ សហគ្រាស ក្នុងរាជធានី/ខេត្ត ចំនួន ១០លើក សរុបអ្នកចូលរួមជិត ២០ម៉ឺននាក់។ សម្រាប់លោក ប៉ែន បូណា តាមរយៈជំនួបបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាលចំពោះកម្មករ និយោជិតតាមរោងចក្រ សហគ្រាស ហើយដាក់ចេញនូវកិច្ចអន្តរាគមន៍ជាច្រើន ធានាការពារប្រយោជន៍របស់កម្មករ និយោជិត។
បន្ថែមពីលើនេះ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ តាមរយៈវេទិកានេះ សម្តេចធិបតី បានសម្រេចដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជួយដល់ផ្នែកឯកជន មានដូចជាវិស័យទេសចរណ៍, អចលនទ្រព្យ, ការដឹកជញ្ជូន និងការធ្វើធុរកិច្ចជាដើម។
«ត្រឹមតែ៣ខែ រាជរដ្ឋាភិបាលអណត្តិទី៧ សម្រេចបានលទ្ធផលធំធេងជូនជាតិ និងប្រជាពលរដ្ឋ។ គ្រាន់តែឃើញលទ្ធផលបីខែនេះ យើងប្រាកដជាមានសុទិដ្ឋនិយមយ៉ាងប្រាកដ ប្រជាថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្រេចបានគោលដៅ របស់ខ្លួន យ៉ាងពិតប្រាកដពោល គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលខ្ពស់»។ ជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា។
ក្នុងសន្និសីទបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលនេះ លោក ប៉ែន បូណា បានទាញចំណាប់អារម្មណ៍ឱ្យកត់ចំណាំលើចំណុចគន្លឹះដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ឧស្សាហ៍លើកឡើងផងដែរ។ ចំណុចគួរកត់ចំណាំទាំងនោះរួមមាន៖ កុំនិយាយតែមាត់ កុំសរសេរតែលើក្រដាស់ តែត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង, បង្អង់ការពង្រីក តែយកចិត្តទុកដាល់លើការពង្រឹង (ពង្រឹងគុណភាព និងប្រសិទ្ធភាព), កសាងមូលធនមនុស្ស (ចំណេះដឹង សមត្ថភាព សុខភាព និងសីលធម៌)។
តាមរយៈចំណុចខាងលើនេះ គឺបង្ហាញឱ្យឃើញថា សម្តេចធិបតីជាមេដឹកនាំប្រាកដនិយម មានចក្ខុវិស័យវែងឆ្ងាយ និងចង់ឃើញលទ្ធផល ហើយទាំងនេះ គឺជាចំណុចខ្លាំងដែលជាចលករជំរុញឱ្យគោលនយោបាយទាំងឡាយសម្រេចគោលដៅផងដែរ៕