ផ្លូវមួយចំនួនត្រូវផ្អាកចរាចរអំឡុងពេលប្រារព្ធខួប «បុណ្យឯករាជ្យជាតិ» ៩វិច្ឆិកានៅភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៦ វិច្ចកា បានចេញសេចក្ដីជូនដំណឹង អំពីការផ្អាកការធ្វើចរាចរនៅកំណាត់ផ្លូវមួយចំនួន ជុំវិញវិមានឯករាជ្យ សួនចន្ទឆាយ៉ា និងមុខព្រះបរមរាជវាំង ជាបណ្តោះអាសន្នមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ ដើម្បីអបអរសារទព្រះរាជពិធីបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យនាថ្ងៃទី៨ ទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង អំពីការផ្អាកចរាចរចំពោះយានយន្តគ្រប់ប្រភេទត្រូវបញ្ចៀសចរាចរ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤, ផ្លូវលេខ៥១, ផ្លូវលេខ២៩៤, មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ ចាប់ពី ថ្ងៃទី០៨ ទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ត្រូវបានបញ្ចប់តាមកាលបរិច្ឆេទខាងលើ។ ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកាណូតដឹកភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលឆ្លងកាត់មុខ ព្រះបរមរាជវាំង ត្រូវផ្អាកធ្វើចរាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី០៧ និងថ្ងៃទី០៩ ខែវិច្ឆិកា ចាប់ពីម៉ោង ៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
គួរបញ្ជាក់ថា ការផ្អាកចរាចរណ៍នៅតាមកំណាត់ផ្លូវមួយចំនួននេះ ដើម្បីឲ្យគណៈកម្មធិការជាតិត្រៀមរៀបចំព្រះរាជពិធីបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ និងនៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ៕