ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះមានរាជរដ្ឋាភិបាលថ្មី តែទំនាក់ទំនងកម្ពុជា-អង់គ្លេស មិនប្រែប្រួលឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 86
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះមានរាជរដ្ឋាភិបាលថ្មី តែទំនាក់ទំនងកម្ពុជា-អង់គ្លេស មិនប្រែប្រួលឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះមានរាជរដ្ឋាភិបាលថ្មី តែទំនាក់ទំនងកម្ពុជា-អង់គ្លេស មិនប្រែប្រួលឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីកម្ពុជា មានរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី តែនយោបាយការបរទេសរបស់កម្ពុជារក្សានៅដដែល ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេស គឺមិនប្រែប្រួលនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ដូមីនិច វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធទី៤ ខែតុលា ឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបនេះ លោក ដូមីនិច វីល្លៀម បានអបអរសាទរចំពោះសម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលថ្មី និងអបអរសាទរចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខណ្ឌ អាស៊ាន និងអង្គការសហប្រជាជាតិ។

លោកឯកអគ្គរាជទូត ក៏បានសម្តែងការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងក្នុង ឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះកម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល អង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យចំនួនពីរនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺវិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀតនៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។

លោកឯកអគ្គរាជទូត ក៏បានកត់សម្គាល់អំពីជោគជ័យនៃដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមដោយបានវាយតម្លៃថា នេះជាការបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរាជទូតអង់គ្លេស ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការជំរុញឱ្យមានការរីកចម្រើននៃកិច្ចសហប្រ តិបត្តិការរវាងប្រទសទាំងពីរ ជាអាទិ៍៖ ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម រហូតដល់ទីបញ្ចប់, ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥ ជាដើម។ល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរនូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យ សេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងក្តីរីករាយសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំងនេះនាពេលខាងមុខ។ សម្តេចធិបតី ក៏បានបង្ហាញក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀតលើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថានឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន ការធ្វើលំហាត់រួម និងការចូលចតនាវាជាដើម៕

អត្ថបទទាក់ទង