ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជានោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 66
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជានោះទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជានោះទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រុមអ្នកវិភាគមួយចំនួនតូច មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជាដែលបានខិតខំប្រឹងប្រែងកសាងតាំងពីបាតដៃទទេ ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថនេះ មិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែរជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។

លើសពីនេះទៅទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា មានវិទ្យុបរទេសនៅក្រៅស្រុកមួយ មិនដែលហ៊ានផ្សាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្ដែខិតខំប្រឌិតព័ត៌មានផ្សព្វផ្សាយរឿងមិនពិតវាយប្រហារមកលើរាជរដ្ឋាភិបាលខ្លួនឯង ដោយធ្វើការប្រៀបធៀបជាមួយប្រទេសដទៃ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខឹងស្អប់មកលើរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង