ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈវិភាគ៖ ប្រវត្តិសាស្ត្រច្រំដែល «ប្រមុខដឹកនាំខ្មែរខំប្រឹងដើម្បីបុព្វហេតុជាតិ តែពួកក្បត់ជាតិបែរជាខំបំផ្លាញទៅវិញ!»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 1432
    ទស្សនៈវិភាគ៖ ប្រវត្តិសាស្ត្រច្រំដែល «ប្រមុខដឹកនាំខ្មែរខំប្រឹងដើម្បីបុព្វហេតុជាតិ តែពួកក្បត់ជាតិបែរជាខំបំផ្លាញទៅវិញ!»ទស្សនៈវិភាគ៖ ប្រវត្តិសាស្ត្រច្រំដែល «ប្រមុខដឹកនាំខ្មែរខំប្រឹងដើម្បីបុព្វហេតុជាតិ តែពួកក្បត់ជាតិបែរជាខំបំផ្លាញទៅវិញ!»

    កំឡុងពេលនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងតែដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៨ ដែលរៀបចំឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តាមការគ្រោងទុក គោលដៅធំមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចធ្លាប់បានបង្ហើបប្រាប់ប្រជាពលរដ្ឋខ្មែររួចមកហើយ ដោយសម្តេចបានលើកឡើងថា ការទៅកាន់សហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំ UN គឺកម្ពុជាទៅដើម្បីបង្ហាញពីជំហរដ៏រឹងមាំរបស់ខ្លួន ក្នុងកិច្ចការនយោបាយការបរទេស ទាំងបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ។ ជាមួយគ្នានេះ គោលដៅធំមួយទៀត គឺប្រមុខដឹកនាំកម្ពុជាគ្រោងទៅនឹងទាក់ទាញវិនិយោគទុនពីអាមេរិកមកកម្ពុជា តាមរយៈគម្រោងជួបជាមួយអ្នកវិនិយោគអាមេរិក និងជួបសមាគមអ្នកវិនិយោគអាមេរិក-ខ្មែរ នៅញូវយ៉ក។

    ផ្ទុយពីគោលដៅនៃបេសកម្មដ៏ពិសិដ្ឋ ដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រទេសជាតិនេះ ក្រុមពួកប្រឆាំងជ្រុលនិយមមួយចំនួនតូច បានខំប្រឹងបំប៉ោងផែនការដ៏ខ្មៅកង្វក់របស់ពួកគេ ដោយបានកៀរគប្រមូលគ្នាទៅប្រឆាំងនឹងវត្តមានរបស់មេដឹកនាំកម្ពុជានៅអាមេរិកទៅវិញ។

    នេះគឺជាសកម្មភាពចាស់ ក្នុងសករាជថ្មី ដែលពួកផ្កាប់មុខ ដែលជាអាយ៉ងពួកក្បត់ជាតិ តែងតែធ្វើដដែលៗក្នុងពេលដែលសម្តេចតេជោ នៅជាប្រមុខដឹកនាំកម្ពុជាមកម្លេះ។

    ក្នុងរយៈពេលចុងក្រោយនេះ ពួកនេះបានធ្វើសកម្មភាព វ៉ៃប្រហារ លើបណ្តាញសង្គមមួយចំនួន ទៅលើដំណើរទៅកាន់សហរដ្ឋអាមេរិករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងងងើល ដោយពួកគេ ហ៊ានសូម្បីប្រើពាក្យជេរប្រមាថ លើ សម្តេចធិបតី មើលងាយ បន្ទាបបន្ថោកសមត្ថភាពរបស់សម្តេច ក្នុងគោលដៅទុច្ចរិតរបស់ពួកគេ គឺចង់បំបាក់មុខមាត់ជាតិលើឆាកអន្តរជាតិ។ នេះមិនមែនជារឿងថ្មីទេសម្រាប់ពួកជ្រុលនិយម រឿងនេះវាជាប្រវត្តិសាស្ត្រច្រំដែល ដែលបានកើតឡើងច្រើនលើកច្រើនសាររួមមកហើយ ក្នុងដំណាក់កាលដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

    ប៉ុន្តែទោះបីជាយ៉ាងណា ទង្វើអាក្រក់មិនអាចឈ្នះល្អ ហើយក្រុមដែលមានគំនិតដូចជាខ្មោចព្រាយបិសាច ដែលតាមចងកម្មពារ បំពាន ប្រមាថលើមេដឹកនាំប្រទេសទាំងនោះ គឺមិនដែលស្គាល់ពាក្យថាឈ្នះនោះឡើយ ពោលគឺក្រុមបិសាច មិនអាចយកឈ្នះលើទេវតានោះទេ។ ជាក់ស្តែងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ជាច្រើនបានផ្ញើរសារអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរទៅកាន់អាមេរិករបស់ សម្តេចធិបតី។ លើសពីនេះ ពួកគាត់ថែមទៅទទួលស្វាគមន៍ សម្តេចធិបតី លោកជំទាវ និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅបំផុត និងយ៉ាងច្រើនកុះករផងដែរ។

    គេនៅចាំយ៉ាងច្បាស់ថា ពាក់ព័ន្ធនឹងសកម្មភាពជ្រុលនិយម ព្រហើន គ្មានសីលធម៌របស់ពួកប្រឆាំង ទោះជាពួកគេខំប្រមូលគ្នីគ្នាមួយតំបរស្វារបស់ពួកគេធ្វើសកម្មភាព អនាធិបតេយ្យ ឬមានផែនការបំផ្លាញកិត្តិយសថ្នាក់ដឹកនាំជាតិក៏ដោយ ក៏ពួកគេតែងតែទទួលបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត ព្រោះថាក្រុមពួកនេះ គឺថមថយកាន់តែតិចទៅៗ ហើយបើនិយាយពីពួកមេកើយរបស់គេវិញ គឺខំលើកផែនការប្រឆាំង ដើម្បីតែលះប្រមូលលុយដាក់ចូលហោប៉ៅប៉ុណ្ណោះ។

    ថ្វីបើក្រុមពួកនេះ នៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជា តាមគ្រប់រូបភាព ប៉ុន្តែសុច្ចរិតភាព និងកិច្ចខិតខំប្រឹងប្រែងបម្រើជាតិ និងប្រជាជនពិតប្រាកដគឺនៅតែលេចធ្លោជានិច្ចនិរន្ត ពោលគឺសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមដ៏របេះរប៉ោះរបស់ពួកគេ យូរនឹងឆាប់ពួកគេនឹងរលាយខ្លួន សាបឥទ្ធិពលដោយសារតែទង្វើឆោតល្ងង់របស់ពួកគេត្រូវបានបង្ហាញកាន់តែច្បាស់។

    គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នេះនឹងធ្វើឡើង ក្រោមមូលបទ «ការកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាព សម្រាប់ទាំងអស់គ្នា»។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចធិបតី នឹងថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន៖ បរិបទពិភពលោក , វឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តសកម្ម នៃគោលដៅអភិវឌ្ឍដោយចីរភាព SDG។

    ក្រៅពីកម្មវិធីថ្លែងសុន្ទរកថាសន្និបាតនេះ សម្តេចធិបតី នឹងមានជំនួបជាមួយ ឥស្សរជន និងតំណាង ស្ថាប័នមួយចំនួន ដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ, ជំនួបជាមួយអនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក, ជំនួបសម្តែងការគួរសម រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋឥណ្ឌា, ជំនួបជាមួយ នាយកមជ្ឈមណ្ឌលនៃការអភិវឌ្ឍប្រកបដោយចីរភាពនៃសាកលវិទ្យាល័យកូឡាំបៀរ, ជំនួបជាមួយប្រធានក្រុមហ៊ុន, ឥស្សរជនជាន់ខ្ពស់នានា, ក៏ដូចជាតំណាងក្រុមហ៊ុនមួយចំនួនផងដែរ។ សម្តេចធិបតី ក៏នឹងអញ្ជើញបើកវេទិការធុរកិច្ចកម្ពុជា-អាមេរិក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជា ហើយនឹងមានការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។

    បើយោងតាមកាលវិភាគនៅលើទឹកដីសហរដ្ឋអាមេរិករបស់ សម្តេចធិបតី គឺបង្ហាញយ៉ាងច្បាស់ អំពិកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ ក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ និងត្រូវបានឈរដោយស្មើភាព ស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសនានាលើសកលលោក។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានខិតខំច្បាមយកនូវឱកាសចំណេញសម្រាប់កម្ពុជា ដោយបម្រើគោលដៅធំនោះគឺ គិត និងយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ នៅគ្រប់កាលៈទេសៈទាំងអស់។

    សកម្មភាពលេចធ្លោរបស់ សម្តេចធិបតី នៅលើឆាកអន្តរជាតិលើកទី៣នេះ គឺជាការទះកំភ្លៀងជាថ្មីម្តងទៀត ទៅលើពួកក្រុមជ្រុលនិយម ដែលមានពួកក្បត់ជាតិនៅពីក្រោយខ្នង។ ពួកគេនឹងអស់តម្លៃ បាត់មុខពីនយោបាយកម្ពុជា ព្រោះតែទង្វើប្រឆាំងងងឹតងងុល ចង់បំផ្លាញប្រយោជន៍ជាតិ និងប្រជាជនខ្មែរ ហើយពួកគេក៏នឹងត្រូវបន្តាសារផងដែរពីពលរដ្ឋខ្មែរ ទាំងក្រៅស្រុក និងក្នុងស្រុក ដែលឱ្យតម្លៃខ្ពស់បំផុតលើសុខសន្តិភាព ការអភិវឌ្ឍ ដែលមានភាពច្បាស់លាស់ និងផ្តល់ផលជាក់ស្តែងដល់ដៃប្រជាជនកម្ពុជា៕

    ដោយ៖ ពៅ ធីតាវណ្ណ

    អត្ថបទទាក់ទង