ខ្មែរប៉ុស្ដិ៍ Close

    រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 1440
    រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយអន្តរក្រសួងកាលពីឆ្នាំ២០១៦ កន្លងទៅ ដើម្បីសម្រួលដល់ការប្រកបមុខរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ។

    យោងតាមសេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មានវិសាលភាពទៅលើអាជីវកម្មមួយចំនួន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា៖ ទីតាំងផលិត និងលក់ចម្លាក់ និងជាងគំនូរ, កន្លែងកាត់សក់, សម្អាងការខ្នាតតូច, អាជីវកម្មលក់សម្ភារកីឡា, តូបលក់អាហារ, ម៉ូតូឌុបទេសចរណ៍, រ៉ឺមកម៉ូតូដឹកទេសចរណ៍, ទីតាំងផលិតទៀនធូប, អាជីវកម្ម ផលិតពាង លូ ឥដ្ឋការ៉ូ, ជួសជុលគ្រឿងអគ្គិសនី, លាងម៉ូតូ, លាងរថយន្ត។ល។ តាមរយៈសេចក្តីសម្រេចនេះ ប្រជាពលរដ្ឋដែលធ្វើអាជីវកម្មដូចមានចែងក្នុងសេចក្តីសម្រេច គឺមិនតម្រូវឱ្យទៅសុំច្បាប់អនុញ្ញាតពីរដ្ឋបាលក្រុង ស្រុក និងខណ្ឌនោះឡើយ។

    ទាក់ទិនបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញសង្គមនាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២៣ បានលើកឡើងថា ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រជាពលរដ្ឋដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និងការងារតូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

    សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចធិបតីបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មតូចជាច្រើនផងផងដែរ។

    សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»៕

    អត្ថបទទាក់ទង