សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
នាល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែល ឯកឧត្តម តែងចាត់ទុកជាបងប្អូនដ៏គួរឱ្យគោរព។ ទន្ទឹមនេះ, ឯកឧត្តម បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជា, ជាពិសេស ជូនចំពោះ សម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។ ការជួយឱ្យប្រទេស ទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន នាខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និង ការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រឡេស្តេរៀនសូត្រ និង រៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការកោតសរសើរចំពោះប្រទេសកម្ពុជា និងសម្តេចតេជោ។ សម្តេចធិបតី ក៏បានបន្ថែមថា ការជួយប្រទេសទីម័រឡេស្តេនេះ ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជាដែលបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រឡេស្តេកំពុងស្ថិតនៅ នាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ, ក្រោមការដឹកនាំរបស់ សម្តេចធិបតី, កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត, ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួន ចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។
ក្រៅពីការសម្តែងការគួរសម, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស វិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃ សម្រាប់ប្រជាជាតិទាំងពីរ៕