ខ្មែរប៉ុស្ដិ៍ Close

អ្នកលួចថតមន្ត្រីនគរបាលដែលកំពុងលង់លក់ ឥឡូវត្រូវវិន័យយ៉ាងធ្ងន់ក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 96
អ្នកលួចថតមន្ត្រីនគរបាលដែលកំពុងលង់លក់ ឥឡូវត្រូវវិន័យយ៉ាងធ្ងន់ក អ្នកលួចថតមន្ត្រីនគរបាលដែលកំពុងលង់លក់ ឥឡូវត្រូវវិន័យយ៉ាងធ្ងន់ក

តាម​លិខិត​បង្គាប់​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ចុះ​កាល​ពី​ថ្ងៃ​ពី​០៥ ខែ​មិថុនា ឆ្នាំ​២០១៨ ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ឯម កុសល បាន​បង្គាប់​ឲ្យ​ដាក់​ពិន័យ​មន្ត្រី​នគរបាល​២​រូប គឺ​លោក​វរសេនីយ៍​ឯក ខេង ស្រេង អធិការ​នគរបាល​ស្រុក​ចម្ការ​លើ និង​វរសេនីយ៍​ឯក អ៊ឹម ស៊ាងឌី ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ដែល​រួម​សហការ​គ្នា​ថត និង​បង្ហោះ​មន្ត្រី​នគរបាល​៣​រូប​ផ្សេង​ទៀត កំពុង​សម្រាន្ត​លក់ ក្នុង​ពិធី​អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​កោះពេជ្រ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កន្លង​ទៅ។

តាម​លិខិត​នោះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ដែល​រួម​គ្នា​ថត និង​បង្ហោះ ធ្វើ​ឲ្យ​កក្រើក​ហ្វេសប៊ុក​ស្ទើរ​ទូទាំង​ប្រទេស ត្រូវ​ដក​មក​បញ្ឈរ​ជើង នៅ​ការិយាល័យ​បុគ្គលិក។ ចំណែក​ឯ​មន្ត្រី​នគរបាល​ដែល​បាន​សម្រាន្ត​លង់លក់​ទាំង​៣​រូប​នោះ មិន​ទទួល​ការ​ពិន័យ​អ្វី​ឡើយ។

មាន​ការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ការ​រិះគន់​ជា​ខ្លាំង ពី​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រូបភាព​មួយ​សន្លឹក​ធ្លាយ​ បង្ហាញ​ពី​ការ​គេង​លង់លក់​របស់​មន្ត្រី​នគរបាល​៣​រូប មក​ខេត្ត​កំពង់​ចាម ចេញ​ពី​កម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​កោះពេជ្រ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។ មាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​វិនិច្ឆ័យ​ទៅ​តាម​ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន។

បន្ទាប់​ពី​រូបភាព​នោះ បាន​ចែកចាយ​យ៉ាង​ផុលផុស​កាលពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ​២០១៨ ម្សិល​មិញ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​បកស្រាយ​ថា មន្ត្រី​នគរបាល​ទាំង​៣រូប​នោះ ក៏​ដូច​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដទៃ​ទៀត​ក្នុង​ស្រុក​ស្រី​សន្ធរ បាន​ចេញ​ល្បាត​ការពារ​រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ​ហើយ​ដល់​ម៉ោង​២​បាន​ចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​។ ហេតុនេះ​ហើយ​បាន​ជា​ទម្រេត​ខ្លួន​បន្តិច​មែន តែ​ការ​ទម្រេត​ខ្លួន​របស់​ពួកគាត់​នេះ​ គឺ​នៅ​មុន​ពេល​កម្មវិធី​ចាប់​ផ្ដើម។ បាន​ន័យ​ថា​គឺ​ពេល​រង់ចាំ​ មិន​មែន​សម្រាន្ត​ក្នុង​ពេល​ដែល​សម្ដេច ថ្លែង​សន្ទរក​ថា​នោះ​ទេ នៅ​ពេល​ដែល​សម្ដេច​អញ្ជើញ​មក​ដល់ និង​បើក​កម្មវិធី គឺ​ពួក​គាត់​មិន​បាន​សម្រាន្ត​ឡើយ៕

អត្ថបទទាក់ទង