នាយករដ្ឋមន្ត្រីអនាគត៖ «ត្រឹមមានគំនិត និងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកបង្ហាញជាទស្សនៈសម្រាប់ការដឹកនាំថា «ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»។
អនាគតនាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលនឹងចូលគ្រងតំណែងនាពេលដ៏ខ្លីខាងមុខរូបនេះ បានគូសរំលេចទៀតថា ធ្វើកិច្ចការអ្វីមួយ ត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង…។ លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិ ឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ។
យោងតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាពេលកន្លងទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ ៤៦ឆ្នាំ នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ចាប់ពីថ្ងៃទី២២ ខែសីហា តទៅលោកបណ្ឌិត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវខ្ពស់លើជោគជ័យវាសនាប្រទេសជាតិ បន្តពីសម្តេចតេជោ ហ៊ុន សែន៕
Fresh News