ខ្មែរប៉ុស្ដិ៍ Close

អាស៊ានត្រូវការផែនការធ្វើមាតុភូមិនិវត្តន៍ សម្រាប់ស្ថានការណ៍មិនច្បាស់លាស់នៅតៃវ៉ាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 95
អាស៊ានត្រូវការផែនការធ្វើមាតុភូមិនិវត្តន៍ សម្រាប់ស្ថានការណ៍មិនច្បាស់លាស់នៅតៃវ៉ាន់ អាស៊ានត្រូវការផែនការធ្វើមាតុភូមិនិវត្តន៍ សម្រាប់ស្ថានការណ៍មិនច្បាស់លាស់នៅតៃវ៉ាន់

នៅពេលដែលចិនបង្កើនការបញ្ចេញវោហាសាស្ត្រប្រឆាំងនឹងតៃវ៉ាន់ ទន្ទឹមនឹងការធ្វើកម្មវិធីទំនើបកម្មយោធា អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងនូវការព្រួយបារម្ភថា «ជម្លោះយោធារវាងភាគីទាំងពីរ ដែលផ្តើមឡើងដោយចិន អាចនឹងកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ»។

ការផ្លាស់ប្តូរទិដ្ឋភាពសន្តិសុខនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសភាពតានតឹងរវាងអាមេរិកនិងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ បានជំរុញឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី លោក Tommy Koh សម្តែងនូវការព្រួយបារម្ភថា «សង្រ្គាមនៅកោះតៃវ៉ាន់ធ្លាប់ជា រឿងដែលមិនទំនងនឹងកើតឡើង តែឥឡូវនេះវាមិន មែនបែបនេះទៀតនោះទេ»។

ទោះបីជាចិនមិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីប្រយុទ្ធនិងយកឈ្នះនៅក្នុងជម្លោះឆ្លងច្រកសមុទ្រក៏ដោយ ក៏ភាពតានតឹងដែលបានបន្តកើតមាននិងការបង្កើនភាពអាសន្ននៅច្រករបៀងរវាងមហាអំណាចទាំងចិន និងអាមេរិកអាចបង្កឱ្យមានជម្លោះ។ បើទោះបីជាបណ្តារដ្ឋអាស៊ាននៅតែអាចរក្សាអព្យាក្រឹតភាពក៏ដោយ ក៏ពួកគេនៅមិនទាន់បានពង្រឹងការការពារខ្លួនពីផលវិបាកណាមួយ ដែលអាចបង្កឡើងដោយសារជម្លោះនៅច្រកសមុទ្រតៃវ៉ាន់នៅឡើយទេ។

តៃវ៉ាន់ស្ថិតនៅច្រកផ្លូវសមុទ្រយុទ្ធសាស្ត្រនិងផ្លូវអាកាសដែលតភ្ជាប់រវាងតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍។ ជម្លោះយោធារវាងចិននិងតៃវ៉ាន់ នឹងប៉ះពាល់ដល់ការតភ្ជាប់ផ្លូវអាកាសនិងដែនសមុទ្ររវាងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងពីរ ដែលអាចនាំមកនូវផលវិបាកផ្នែកសេដ្ឋកិច្ច។ ជាងនេះទៅទៀត បណ្តារដ្ឋអាស៊ាននឹងរងសម្ពាធរបស់ចិននិងអាមេរិកក្នុងការបង្ខំឱ្យកាន់ជើងភាគីជម្លោះណាមួយ ជាពិសេសប្រសិនបើអាមេរិកសម្រេចចិត្តផ្តល់ជំនួយយោធាដោយផ្ទាល់ដល់តៃវ៉ាន់។

ក្តីបារម្ភដ៏ចម្បងមួយដែលទំនងជានឹងបង្កផលប៉ះពាល់ដល់រដ្ឋអាស៊ានគឺ «សន្តិសុខរបស់ពលរដ្ឋរបស់ពួកគេ ដែលកំពុងធ្វើការនៅតៃវ៉ាន់»។ យោងតាមទិន្នន័យពីក្រសួងការងាររបស់តៃវ៉ាន់ «កម្មករមកពីតំបន់អាស៊ីអាគ្នេយ៍មានចំនួនជាង ៧៣០ ០០០ នាក់នៅតៃវ៉ាន់ បើគិតត្រឹមខែមេសា ឆ្នាំ ២០២៣ ដោយក្នុងនោះ «២៥៥ ៨៧៤ នាក់មកពីឥណ្ឌូណេស៊ី ២៥៣ ៨០០ នាក់មកពីវៀតណាម ១៥៤ ០២៧ នាក់មកពីហ្វីលីពីន និង ៦៧ ៩១១ នាក់មកពីថៃ»។

ការកើនឡើងបន្តិចម្តងៗនៃភាពតានតឹងអាចអនុញ្ញាតឱ្យការធ្វើមាតុភូមិនិវត្តន៍កើតឡើងមុនពេលជម្លោះផ្ទុះឡើង។ ប៉ុន្តែជម្លោះយោធា ភ្លាមៗអាចធ្វើឱ្យពលរដ្ឋអាស៊ានយ៉ាងហោចណាស់ ៧៣០ ០០០ នាក់ជាប់គាំងនៅតៃវ៉ាន់»។ បណ្តារដ្ឋអាស៊ាននឹងប្រឈមមុខនឹងសម្ពាធក្នុងស្រុកក្នុងការធ្វើមាតុភូមិនិវត្តន៍ ពលករទាំងនេះមកពីតៃវ៉ាន់។

ការបរាជ័យក្នុងការធ្វើដូច្នេះ អាចបង្កផលវិបាកចំពោះស្ថិរភាពក្នុងស្រុក ក៏ដូចជាស្ថិរភាពនយោបាយ។ ជាឧទាហរណ៍ : ឧបមាថាមានការស្លាប់បាត់បង់ជីវិតរបស់កម្មករឥណ្ឌូណេស៊ីនៅតៃវ៉ាន់ ដោយសារសកម្មភាពយោធារបស់ចិន។ ក្នុងករណីនោះ លទ្ធភាពគឺមានខ្ពស់ ដែលក្រុមនិកាយឥណ្ឌូណេស៊ីមួយចំនួនអាចកំណត់គោលដៅលើផលប្រយោជន៍របស់ចិននៅក្នុងប្រទេសឥណ្ឌូណេស៊ី បូករួមនឹងលើជនជាតិភាគតិចចិន។

ប៉ុន្តែ ប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនពីតៃវ៉ាន់នឹងមានភាពស្មុគស្មាញ ដោយសារបញ្ហាមួយចំនួន។ បញ្ហាចម្បងទី១ គឺ «ការសម្រេចចិត្តអំពីពេលវេលានៃការចាប់ផ្តើមប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍»។ តើការធ្វើមាតុភូមិនិវត្តន៍គួរចាប់ផ្តើម នៅពេលដែលចិនប្រមូលផ្តុំកងកម្លាំងយោធារបស់ខ្លួននៅជិតតៃវ៉ាន់ឬ?

តើការធ្វើមាតុភូមិនិវត្តន៍គួរកើតឡើងនៅពេលដែលរូបភាពច្បាស់លាស់ជាងនេះកើតឡើង ដូចជាការប៉ុនប៉ងរបស់ចិនក្នុងការបិទផ្លូវអាកាសនិងកងនាវាចរនៅជុំវិញកោះតៃវ៉ាន់ ឬនៅពេលមានការឈ្លានពានកោះតៃវ៉ាន់កាន់តែកៀកមកជិតដីគោក? ការសម្រេចចិត្តនីមួយៗអាចនឹងនាំមកនូវការឆ្លើយតបផ្សេងៗគ្នាពីសំណាក់អាជ្ញាធរចិន ឬតៃវ៉ាន់។

ជាងនេះទៅទៀត អាមេរិកអាចចាត់ទុកផែនការណាមួយរបស់រដ្ឋអាស៊ានជាសញ្ញានៃ «ការចាប់ផ្តើមឈ្លានពានពេញលេញពីសំណាក់ចិន»។ ក្រៅពីការសម្រេចចិត្តឱ្យបានច្បាស់លាស់អំពីពេលវេលាធ្វើមាតុភូមិនិវត្តន៍ អ្នកបង្កើតគោលនយោបាយអាស៊ានក៏គួរតែពិចារណាលើបញ្ហាផ្សេងៗទៀតផងដែរ។

ជាដំបូង ពួកគេត្រូវវាយតម្លៃលើផ្លូវដែលមានសុវត្ថិភាពបំផុតដើម្បីផ្លាស់ទីទៅកាន់តៃវ៉ាន់ និងដើម្បីត្រឡប់មកវិញ។ ខុសពីអ៊ុយក្រែនដែលមានព្រំប្រទល់ដីគោកជាប់ជាមួយបណ្តារដ្ឋផ្សេងទៀត កោះតៃវ៉ាន់ត្រូវបានហ៊ុមព័ទ្ធដោយទឹក ដែលនឹងធ្វើឱ្យការជម្លៀសកាន់តែលំបាក ជាពិសេសប្រសិនបើចិនព្យាយាមបិទផ្លូវនាវាចរណ៍។

ជាការចាប់ផ្តើម បណ្តារដ្ឋអាស៊ានអាចរៀបចំ «គោលការណ៍ណែនាំស្តីអំពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ តាមរយៈបេសកកម្មអាស៊ាននៅក្នុងប្រទេសទី៣» ដែលជាការបំផុសគំនិតឱ្យបេសកកម្មរបស់បណ្តាសមាជិកអាស៊ាននៅតៃវ៉ាន់ បង្កើតផែនការសម្រាប់ការសម្របសម្រួលការជម្លៀស និងការទំនាក់ទំនងស្តីពីវិបត្តិដើម្បីការពារពលរដ្ឋរបស់ពួកគេនៅតៃវ៉ាន់ ប្រសិនបើជម្លោះផ្ទុះឡើង។ កិច្ចខិតខំប្រឹងប្រែងបែបនេះអាចបង្ហាញអំពីសាមគ្គីភាព និងសារៈសំខាន់របស់អាស៊ានដែលនឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការមនុស្សធម៌ ពិសេសនៅក្នុងចំណោមរដ្ឋអាស៊ាន។

ទី២ «ជម្លោះយោធាណាមួយនៅតៃវ៉ាន់អាចនឹងលាតសន្ធឹងដល់សមុទ្រចិនខាងត្បូង ដែលជាហេតុបង្កើនផលប៉ះពាល់ចំពោះផ្លូវអាកាស និងផ្លូវដឹកជញ្ជូនបច្ចុប្បន្ន»។ ផ្លូវជម្លៀសតាមផ្លូវអាកាសនិងសមុទ្រ គួរតែមានទីតាំងនៅជិតដែនទឹករបស់រដ្ឋអាស៊ានបំផុតតាមដែលអាចធ្វើទៅបានដើម្បីចៀសវាងពីផលវិបាកដែលអាចកើតមាននៅពេលឆ្លងកាត់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលចិនកំពុងទាមទារថាជារបស់ខ្លួន។

បណ្តាសមាជិកអាស៊ានដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍នឹងត្រូវពិចារណាលើបញ្ហាដូចខាងក្រោម :

តើផ្លូវណាដែលមានសុវត្ថិភាពបំផុត ក្នុងការជម្លៀសពលរដ្ឋរបស់ពួកគេ?
តើពួកគេគួរតែនាំពលរដ្ឋរបស់ខ្លួនទៅប្រទេសហ្វីលីពីនជាមុនសិនដែរឬទេ (ដែលមានភូមិសាស្ត្រជិតកោះតៃវ៉ាន់) មុនពេលដឹកជញ្ជូនបន្តទៅកាន់ប្រទេស កំណើតរបស់ពួកគេ?
តើហ្វីលីពីននឹងយល់ព្រមធ្វើម្ចាស់ផ្ទះទទួល ពលរដ្ឋអាស៊ានដែរឬទេ?

សំខាន់ជាងនេះទៅទៀត «តើភាគីសង្រ្គាមនឹងយល់ ព្រមជួយសម្រួលប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍ដែរឬទេ?» ភាពស្មុគស្មាញអាចកើតមានឡើង នៅតាមច្រកសមុទ្រ Luzon ប្រសិនបើផ្លូវជម្លៀសស្ថិតនៅជិតកន្លែងឈរជើងរបស់កងកម្លាំងយោធាអាមេរិក។

ការចែករំលែកព័ត៌មាននិងការល្បាតដែលមានលក្ខណៈសម្របសម្រួលនឹងមានសារៈសំខាន់នៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ដើម្បីត្រួតពិនិត្យនិងការពារការជម្លៀសពលរដ្ឋរបស់ពួកគេឆ្លងកាត់ដែនទឹក និងដែនអាកាសពីលើសមុទ្រចិនខាងត្បូង។ បណ្តាសមាជិកអាស៊ានអាចទាញយកបទពិសោធន៍របស់ក្រុមអនុតំបន់អាស៊ានដែលមានស្រាប់ ជាពិសេសគំនិតផ្តួចផ្តើមស្តីអំពីការល្បាតច្រកសមុទ្រម៉ាឡាកា (MSP) និងកិច្ចព្រមព្រៀងសហប្រតិបត្តិការត្រីភាគី (TCA)។

ទី៣ «ដោយសារចំនួនដ៏ច្រើននៃពលរដ្ឋរបស់ពួកគេនៅតៃវ៉ាន់ តើរដ្ឋអាស៊ានមានកម្លាំងទ័ពជើងទឹក ឬអាកាសគ្រប់គ្រាន់ដើម្បីផ្លាស់ទីពលរដ្ឋរបស់ពួកគេក្នុងចំនួនដ៏ច្រើននៅក្នុងរយៈពេលដ៏ខ្លីបំផុតតាមដែលអាចធ្វើទៅបានដែរទេ?» ដោយសារថា «កងកម្លាំងយោធា នៅក្នុងរដ្ឋសមាជិកអាស៊ានមួយចំនួននៅខ្វះសមត្ថភាពនាវាចរណ៍តើអ្វីជាវិធីសាស្ត្រជំនួសដ៏ល្អបំផុត?»

ពួកគេអាចប្រមូលផ្តុំធនធានរបស់ពួកគេដើម្បីជម្លៀសពលរដ្ឋរបស់ពួកគេចេញពីតៃវ៉ាន់។ ជាឧទាហរណ៍ : សិង្ហបុរីមិនមានពលរដ្ឋច្រើនដែលកំពុងធ្វើការនៅតៃវ៉ាន់ទេ។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF) មានកងទ័ពអាកាសដ៏មានសមត្ថភាពដែលរដ្ឋអាស៊ានផ្សេងទៀតកំពុងខ្វះខាត។ ដូច្នេះ រដ្ឋអាស៊ានមួយចំនួនអាចទាក់ទងសុំជំនួយពីកងកម្លាំង SAF។

សេណារីយ៉ូនេះនឹងមានន័យថា «កងកម្លាំងយោធាមកពីរដ្ឋអាស៊ានមួយចំនួននឹងត្រូវធ្វើការរួមគ្នា ប្រហែលជានៅក្នុងរូបមន្ត «អាស៊ាន-ដក X» សម្រាប់ប្រតិបត្តិការរួមគ្នា»។ ប្រតិបត្តិការបែបនេះអាចទៅរួច លុះត្រាតែបណ្តារដ្ឋជាសមាជិកអាស៊ានអាចបង្ហាញអំពីការឯកភាពគ្នា ដូចជាតាមរយៈការយល់ព្រមលើសមយុទ្ធយោធារួមគ្នារបស់អាស៊ាន ដែលផ្តោតលើសន្តិសុខនិងការជួយសង្គ្រោះនៅដែនសមុទ្រដែលគ្រោងធ្វើនៅខែកញ្ញា ឆ្នាំ ២០២៣ នៅជិតសមុទ្រចិនខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋអាស៊ានប្រហែលជាត្រូវចាត់វិធានការជាក់ស្តែងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីប្រែក្លាយគំនិតឱ្យចេញជាសកម្មភាពជាក់ស្តែង។ ដូច្នេះ បណ្តារដ្ឋអាស៊ានអាចពិចារណារៀបចំនីតិវិធីប្រតិបត្តិការ ស្តង់ដារ (SOP) សម្រាប់ «ក្រុមយោធាត្រៀមលក្ខណៈរបស់អាស៊ានសម្រាប់ការផ្តល់ជំនួយមនុស្សធម៌និងជំនួយគ្រោះមហន្តរាយ» (AMRG on HADR)។

យោងតាមនីតិវិធីប្រតិបត្តិការស្តង់ដារ «ក្រុម AMRG សម្រាប់ការផ្តល់ជំនួយមនុស្សធម៌និងជំនួយគ្រោះមហន្តរាយអាចត្រូវបានផ្តួចផ្តើម បើទោះបីជាមិនមានការចូលរួមពីសំណាក់គ្រប់សមាជិកអាស៊ានទាំងអស់នៅក្នុងប្រតិបត្តិការ HADR ក៏ដោយ»។ ក្រុមនេះអាចនឹងផ្តោតលើគោលការណ៍មនុស្សធម៌ដែលអង្គការសហប្រជាជាតិបានអនុម័ត ដូចជាមនុស្សជាតិ, អព្យាក្រឹតភាព, ភាពមិនលម្អៀង និងឯករាជ្យភាព។

បញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹង SOP វាទាមទារនូវការពិភាក្សានៅក្នុងចំណោមរដ្ឋអាស៊ាន ពីព្រោះវាត្រូវបានរចនាឡើងសម្រាប់បរិយាកាសសន្តិសុខមិនប្រពៃណី ដោយក្នុងនោះរួមមានគោលការណ៍ស្តីពីបុគ្គលិកមិនកាន់កាប់អាវុធនៅក្នុងអំឡុងពេលប្រតិបត្តិការ HADR, ការកំណត់តំបន់ប្រតិបត្តិការ និងភាពប្រែប្រួលស្តីពីគំនិតនៃប្រតិបត្តិការ។

ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ «សមាជិកអាស៊ានណាមួយដែលទទួលបានការស្នើសុំឱ្យជួយនៅក្នុងការជម្លៀសពលរដ្ឋអាស៊ានផ្សេងទៀត អាចនឹងត្រូវប្រឈមមុខនឹងបញ្ហាលំបាកក្នុងស្រុកដែលរាប់បញ្ចូលទាំងភាពចាំបាច់នៃការបញ្ជូលបុគ្គលិកយោធាទៅកាន់ស្ថានភាពគ្រោះថ្នាក់, ហានិភ័យចំពោះវត្តមានទ្រព្យសម្បត្តិយោធារបស់ពួកគេ នៅជិតតំបន់ជម្លោះដែលអាចត្រូវបានបកស្រាយខុសដោយចិន ឬអាមេរិក»។

ពួកគេក៏អាចនឹងប្រឈមមុខផងដែរនឹងសំណួរថា «តើវានឹងផ្តល់នូវផលប្រយោជន៍ដល់ជាតិរបស់ពួកគេដែរឬទេក្នុងការគាំទ្រយន្តការរបស់អាស៊ាន នៅពេលជម្លោះរវាងមហាអំណាចផ្ទុះឡើង»។ ផែនការធ្វើមាតុភូមិ និវត្តន៍នឹងក្លាយជាកិច្ចការដ៏ស្មុគស្មាញមួយ ហើយរហូតមកដល់ពេលនេះ សំណួរជាច្រើនកំពុងត្រូវការនូវការពិភាក្សា៕

The Diplomat

អត្ថបទទាក់ទង