ខ្មែរប៉ុស្ដិ៍ Close

ជំនួបយ៉ាង​ប្រញាប់ប្រញាល់របស់ថៃ​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​រំខានដល់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 167
ជំនួបយ៉ាង​ប្រញាប់ប្រញាល់របស់ថៃ​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​រំខានដល់អាស៊ាន រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ធ្វើដំណើរមកដល់កិច្ចប្រជុំកំពូល ASEAN នៅទីក្រុង Labuan Bajo កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣។ រូបថតដោយ៖ Willy Kurniawan ផ្ដល់ឱ្យ AFP ។

កាល​ពី​ចុង​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការ​បរទេស​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍បាន​ទទួល​ការ​អញ្ជើញដ៏នឹកស្មានមិនដល់​មួយ​ នៅ​នាទី​ចុង​ក្រោយ។

កាលពីថ្ងៃទី ១៤ ខែមិថុនា រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានកោះប្រជុំអាស៊ានក្រៅផ្លូវការមួយនៅទីក្រុងប៉ាតាយ៉ា ដើម្បីពិភាក្សាអំពីការចូលរួមឡើងវិញរបស់ប្លុកជាមួយមីយ៉ាន់ម៉ា ដែលបង្កឱ្យមានរលកនៃការរិះគន់ ព្រមទាំងសំណួរជាច្រើនពីទូទាំងតំបន់។

តំណាងមកពីបណ្តាប្រទេសមួយចំនួនរបស់អាស៊ាន ដូចម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី ជាដើម បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនានា នៅមុនកិច្ចប្រជុំដែលមានមេដឹកនាំមកពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចូលរួមដែរនោះ
និងដែលជាទង្វើដែលប្រឆាំងនឹង «ការឯកភាពទាំង ៥ ចំណុច» របស់អាស៊ានក្នុងការដោះស្រាយជម្លោះក្រោយរដ្ឋប្រហារ បាននិយាយថា ពួកគេមិនមានគម្រោងចូលរួម ឬថាមិនបានដឹងអំពីកិច្ចប្រជុំនេះទេ។ អ្នកជំនាញជឿថា ការប្រជុំដ៏ប្រញាប់ប្រញាល់នេះបានគូសបញ្ជាក់អំពីការបែកបាក់គ្នានៅក្នុងតំបន់ ជុំវិញជម្លោះដ៏ក្ដៅគគុកនៅមីយ៉ាន់ម៉ា។

លោក Hunter Marston អ្នកវិភាគ និងជាអ្នកស្រាវជ្រាវថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបាន និយាយថា «ការកោះប្រជុំនេះមិនត្រឹមតែបង្ហាញអំពីការបែកបាក់ផ្នែកនយោបាយរវាងផ្នែកដីគោកនិង
ផ្នែកដែនសមុទ្រនៃតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់ឥណ្ឌូនេស៊ីក្នុងឋានៈជាប្រធានអាស៊ានទៀតផង»។ លោក Marston បាន​ហៅការដែល​ឡាវ, វៀតណាម និង​កម្ពុជា​គាំទ្រ​ថៃ​ក្នុងការ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញជាមួយមីយ៉ាន់ម៉ា ថាជាការ​ផ្ទុយទៅ​នឹង​ការ​ប្រឆាំងដ៏​ខ្លាំងក្លា​របស់​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានថ្កោលទោសការធ្វើរដ្ឋប្រហារនោះ និងបាននិយាយថា «វាឆាប់ពេកក្នុងការចូលរួមឡើងវិញជាមួយរបបយោធាមីយ៉ាន់ម៉ានៅកិច្ចប្រជុំកម្រិតកំពូល ឬសូម្បីតែនៅកម្រិតរដ្ឋមន្ត្រីការបរទេស»។

លោក Balakrishnan បានថ្កោលទោសរដ្ឋប្រហារនោះ និងបាននិយាយថា អាស៊ានមិនឃើញមាន «វឌ្ឍនភាពដ៏លេចធ្លោណាមួយក្នុងការបំពេញការឯកភាពទាំង ៥ ចំណុច» ដែលទាមទារឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សា និងបើកឱ្យមានការសន្ទនាពីចំណោមភាគីទាំងអស់នោះទេ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេសរូបនេះ​ក៏​បានបន្ធូរបន្ថយទម្ងន់នៃពាក្យពេជន៍​របស់​លោក​បន្តិច​ដែរ។

លោក Balakrishnan បាននិយាយថា «ក្នុងន័យនេះ ឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានកំពុងចូលរួមជាមួយភាគីពាក់ព័ន្ធជាច្រើន ហើយចំណុចដែលសំខាន់គឺ នៅទីបំផុតទៅគេត្រូវការឱ្យគ្រប់គ្នាអង្គុយចុះ ហើយចរចា។ លោកបន្តថា «ខ្ញុំ​មិន​ដឹង​ថា តើគេ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មានទៀត​ទេ។ កាលពីពេលមុន គេត្រូវចំណាយពេល ២៥ ឆ្នាំដើម្បីផ្លាស់ប្ដូរទៅកាន់លទ្ធិប្រជាធិបតេយ្យក្នុងទម្រង់មួយចំនួននៅមីយាន់ម៉ា ហើយខ្ញុំសង្ឃឹមថា វានឹងមិនចំណាយពេលយូរដូចមុនទៀតទេ»។

ថ្លែងទៅកាន់អ្នករិះគន់ លោក Don បានរំលឹកឡើងវិញថា ប្រទេសថៃមិនបានធ្វើសកម្មភាពក្នុងនាមអាស៊ាននោះទេ និងថាកិច្ចប្រជុំនេះនឹងក្លាយជាសវនាការក្រៅផ្លូវការមួយ ស្តីអំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់នៅមីយ៉ាន់ម៉ា។

ប៉ុន្តែ​ការ​លើកឡើង​នោះ​មិន​បានជួយឱ្យ​អ្នក​ប្រឆាំងស្ងប់ចិត្តនោះ​ទេ។ នៅក្នុងលិខិតចំហមួយផ្ញើជូនរដ្ឋមន្ត្រីថៃរូបនេះ អង្គការសង្គមស៊ីវិលរាប់រយបានទាមទារឱ្យលុបចោលកិច្ចប្រជុំនេះជាបន្ទាន់ ដោយបានហៅចំណាត់ការនេះថា «ជាការប្រមាថទាំងងងើលចំពោះប្រជាជនមីយ៉ាន់ម៉ាដែលបានពលីជីវិតរបស់ពួកគេ ដើម្បីប្រឆាំងនឹងការប៉ុនប៉ងពីសំណាក់យោធាមីយ៉ាន់ម៉ាក្នុងការដណ្តើមអំណាច តាមរយៈយុទ្ធនាការភេរវកម្មជាច្រើនឆ្នាំប្រឆាំងនឹងប្រជាជាតិទាំងមូល»។

ជាមួយនិងព្រំដែនគោកនិងសមុទ្ររួមគ្នាជាង ៣ ០០០ គីឡូម៉ែត្រ ប្រទេសថៃតែងតែជាប្រទេសជិតបំផុតមួយសម្រាប់ការរត់ភៀសខ្លួនពីសំណាក់ពលរដ្ឋមីយ៉ាន់ម៉ា។ ឥឡូវនេះប្រទេសនេះកំពុងប្រឈមមុខនឹងរំហូរជនភៀសខ្លួនពីប្រទេសជិតខាង ហើយតំណាងជាន់ខ្ពស់របស់ប្រទេសនេះ ដែលរួមទាំងនាយករដ្ឋមន្ត្រីផុតអាណត្តិ Prayuth Chan-o-cha ផង ដែលជាអតីតឧត្តមសេនីយ៍យោធាដែលបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០១៤ កំពុងជំរុញឱ្យមានដំណោះស្រាយនៅក្នុងជម្លោះមួយនេះ។

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​បាន​ដណ្តើម​អំណាច​តាមរយៈ​រដ្ឋប្រហារ​ដ៏​ហិង្សា​មួយកាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដោយបាន​ផ្ដួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​។ បើទោះបីជារបបយោធាបានជំរុញឱ្យមានដំណើរការប្រក្រតីភាពជាមួយអាស៊ានក៏ដោយ ក៏របបនេះមិនបានបញ្ចប់អំពើហិង្សា ឬមានកិច្ចសន្ទនាជាមួយរដ្ឋាភិបាលស្រមោលបង្រួបបង្រួមជាតិដែលជាអ្នកស្នងតំណែងពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនោះដែរ។

ប្រទេស​តែ​មួយ​គត់​ដែល​បញ្ជូន​រដ្ឋមន្ត្រី​ការ​បរទេស​ក្រៅ​ពី​ថៃ​ គឺ​ឡាវ។ «ប្រទេស​មួយ​ចំនួន​ទៀត ​ដូច​ជា​កម្ពុជា ​ជាដើម បាន​បញ្ជូន​មន្ត្រី​ថ្នាក់​ក្រោមឱ្យទៅចូលរួមប៉ុណ្ណោះ»។

អ្នកជំនាញនានាក្នុងតំបន់ក៏ងឿងឆ្ងល់ដែរ ថាតើកិច្ចប្រជុំរបស់រដ្ឋាភិបាលថៃចាំផ្ទះមួយនេះ ធ្វើឡើងដោយសារតែរយៈពេលដ៏ខ្លីដែលខ្លួនមាន ខណៈដែលអ្នកឈ្នះឆ្នោត និងជាបក្សប្រឆាំង Move Forward Party ទំនងជានឹងបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងខែសីហា ឬក៏យ៉ាងណា។ មេបក្សប្រឆាំង លោក Pita Limjaroenrat បានប្តេជ្ញាចិត្តប្រកាន់អាកប្បកិរិយាតឹងរ៉ឹងចំពោះបញ្ហាមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះសិទ្ធិនយោបាយរបស់លោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ថាលោកជាម្ចាស់ភាគហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយមួយ។

លោក Marston បាននិយាយថា «រដ្ឋាភិបាលរបស់លោក Prayut កំពុងញាប់ដៃញាប់ជើងជាមួយនិងផែនការរបស់ខ្លួន មុនពេលដែលខ្លួនចុះចេញពីតំណែង ឬក៏កំពុងសាងស្នាដៃសម្រាប់គម្រោងការណ៍រយៈពេលវែងមួយ។ «នោះគឺជាហេតុផលមួយ ប្រសិនបើរដ្ឋាភិបាលចាំផ្ទះនេះមានគម្រោងមិនទទួលស្គាល់ជ័យជម្នះរបស់​គណបក្ស​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យនោះទេ»៕

Southeast Asia Globe

អត្ថបទទាក់ទង