ខ្មែរប៉ុស្ដិ៍ Close

អ្នកឈ្នះដ៏នឹកស្មានមិនដល់ (Dark Horse) អាចក្លាយជានាយករដ្ឋមន្ត្រីថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 42
អ្នកឈ្នះដ៏នឹកស្មានមិនដល់ (Dark Horse) អាចក្លាយជានាយករដ្ឋមន្ត្រីថៃ អ្នកឈ្នះដ៏នឹកស្មានមិនដល់ (Dark Horse) អាចក្លាយជានាយករដ្ឋមន្ត្រីថៃ

ជាមួយនឹងជ័យជម្នះនៅពេលថ្មីៗនេះនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី ១៤ ខែឧសភា បក្ស Move Forward កំពុងប្រឈមមុខនឹងឧបសគ្គសំខាន់ៗមួយចំនួនក្នុងដំណើរឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រី។ ឧបសគ្គកើតចេញពីបញ្ហាធំៗចំនួន ៣ ដែលរួមមានកង្វះការគាំទ្រពីព្រឹទ្ធសភា, ភាពមិនច្បាស់លាស់ជុំវិញបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស និងជម្លោះផ្ទៃក្នុងនៅក្នុងក្រុមចម្រុះ ដែលកំពុងត្រូវបានស្នើឡើង។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺ «បក្ស Pheu Thai គឺជាបក្សប្រឆាំងដែលទទួលបានអាសនៈច្រើនជាងគេទី២ ទំនងជាកំពុងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមួយ ហើយអាចនឹងដាក់បេក្ខជនរបស់ខ្លួនទៅក្នុងតំណែងកំពូលរបស់ប្រទេស»។ នៅពេលបច្ចុប្បន្ននេះ បក្ស Move Forward បានទទួល ១៥១ អាសនៈនៅក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិក ៥០០ នាក់ និងអាសនៈសរុបចំនួន ៣១២ នៅក្នុងចំណោមក្រុមចម្រុះដែលមាន ៨ គណបក្ស និងដែលអាចធានាបាននូវរដ្ឋាភិបាលសំឡេងភាគច្រើន។

ប៉ុន្តែដើម្បីទទួលបានតំណែងជានាយករដ្ឋមន្ត្រីសម្រាប់មេដឹកនាំបក្ស Move Forward គឺលោក Pita Limjaroenrat ក្រុមចម្រុះដែលរួមមានទាំងបក្ស Move Forward និងបក្ស Pheu Thai នឹងត្រូវការសំឡេងយ៉ាងតិច ៣៧៦ នៅក្នុងសម័យប្រជុំសភារួម ដែលមានសមាជិកសភាសរុប ៥០០ នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់។

ការទទួលបាននូវការគាំទ្រពីព្រឹទ្ធសភាអភិរក្សនិយមគឺជាបញ្ហាប្រឈមដ៏ចម្បង ដោយសារតែការប្ដេជ្ញាចិត្តរបស់បក្ស Move Forward ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ (ច្បាប់ប្រមាថព្រះមហាក្សត្រ) ដែលសមាជិកព្រឹទ្ធសភាមួយចំនួនចាត់ទុកជា «ការគំរាមកំហែងដល់រាជាធិបតេយ្យ»។ លោក Pita ត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងហោចណាស់ ៦៤ នាក់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅសល់តែសមាជិកព្រឹទ្ធសភា ២០ នាក់ប៉ុណ្ណោះដែលបានបង្ហាញពីឆន្ទៈគាំទ្រលោក។

លើសពីនេះទៅទៀត លក្ខណៈសម្បត្តិរបស់លោក Pita សម្រាប់តំណែងជានាយករដ្ឋមន្ត្រី នៅតែមិនទាន់មានភាពប្រាកដប្រជានៅឡើយ ដោយសារតែការរងនូវការចោទប្រកាន់ដែលថា «លោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុន iTV ដែលជាក្រុមហ៊ុនទូរទស្សន៍ ដែលលែងមានដំណើរការ ចាប់តាំងពីខែមីនា ឆ្នាំ ២០០៧»។ គណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវបានរំពឹងថា នឹងធ្វើការសម្រេចនៅពាក់កណ្តាលខែកក្កដា «ថាតើគេមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជូនសំណុំរឿងនេះបន្តទៅកាន់តុលាការធម្មនុញ្ញដែរឬទេ»។

ដោយសាររដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ បានរារាំងអ្នកដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមិនឱ្យធ្វើជាសមាជិកសភា លោក Pita អាចនឹងត្រូវបានដកសិទ្ធិ។ ប្រឆាំងនឹងស្ថានភាពមិនច្បាស់លាស់នេះ បក្ស Pheu Thai បានទាមទារឱ្យលើកមេដឹកនាំរបស់ខ្លួនគឺលោក Chonlanan Srikaew ឱ្យធ្វើជាប្រធានសភា។ លោក Chonlanan គឺជាវេជ្ជបណ្ឌិតវ័យ ៦២ ឆ្នាំនិងជាសមាជិកសភាជាប់ឆ្នោត ៦ ដងដែលមកពីខេត្ត Nan ភាគខាងជើង។

ការទាមទារនេះគឺជាពុតត្បុតរបស់បក្ស Pheu Thai ដើម្បីស្នើសម្បទានពីបក្ស Move Forward ជាថ្នូរនឹងការផ្តល់ការគាំទ្រដល់សំណើរបស់លោក Pita សម្រាប់មុខតំណែងនាយករដ្ឋមន្ត្រី។ បក្ស Pheu Thai បាននិយាយថា «ប្រធានសភាដែលជាប្រធានអង្គនីតិបញ្ញត្តិ ត្រូវតែជាមនុស្សយុត្តិធម៌ និងអព្យាក្រឹត»។ នេះគឺជាការឆ្លើយតបទៅនឹងការអះអាងរបស់បក្ស Move Forward ដែលថា «ខ្លួនត្រូវការតំណែងប្រធានសភាដើម្បីជំរុញរបៀបវារៈនីតិប្បញ្ញត្តិរបស់ខ្លួន បូករួមទាំងការធ្វើវិសោធនកម្មមាត្រា ១១២ និងដើម្បីសម្រួលដល់ការតាក់តែងរដ្ឋធម្មនុញ្ញថ្មី»។

យុទ្ធសាស្រ្តរបស់បក្ស Pheu Thai នឹងកំណត់ថា «តើបក្សប្រឆាំងមួយណាក្នុងចំណោមបក្សប្រឆាំងទាំងពីរ នឹងអាចដណ្តើមបានតំណែងកំពូលរបស់ប្រទេសបាន»។ ប្រសិនបើគ្មានការគាំទ្រពីសមាជិកសភាចំនួន  ១៤១ នាក់របស់បក្ស Pheu Thai ទេ ក្រុមចម្រុះដែលដឹកនាំដោយបក្ស Move Forward នឹងបរាជ័យក្នុងការធានាបាននូវតំណែងជានាយករដ្ឋមន្ត្រីសម្រាប់លោក Pita និងការបង្កើតរដ្ឋាភិបាលថ្មី។

ទោះជាយ៉ាងណាក៏ដោយ ខុសពីបក្ស Move Forward ដែលបានបដិសេធលទ្ធភាពក្នុងការធ្វើការជាមួយបក្សដែលធ្លាប់ចងសម្ព័ន្ធភាពជាមួយយោធា បក្ស Pheu Thai នៅមានជម្រើសផ្សេងដែលរួមមានទាំងការបង្កើតក្រុមចម្រុះជាមួយបក្សផ្សេងៗទៀតដូចជា បក្ស Bhumjaithai (សមាជិកសភា ៧១ រូប), បក្ស Democrat (សមាជិកសភា ២៥ រូប), បក្ស Chatthaipattana (សមាជិកសភា ១០ រូប) ឬសូម្បីតែបក្ស Palang Pracharath (សមាជិសភា ៤០ រូប)។

ក្នុងករណីដែលកិច្ចខិតខំប្រឹងប្រែងដណ្តើមយកតំណែងនាយករដ្ឋមន្ត្រីរបស់លោក Pita រងនូវការបរាជ័យ ឬសម្ព័ន្ធភាពដែលដឹកនាំដោយបក្ស Move Forward ត្រូវបានដួលរលំ បក្ស Pheu Thai អាចនឹងចាប់យកឱកាសដើម្បីដាក់ស្នើបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពទាំង ៣ របស់ខ្លួនសម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ មនុស្សទាំងនេះរួមមានកូនស្រីពៅរបស់លោក Thaksin គឺលោកស្រី Paetongtarn Shinawatra, មហាសេដ្ឋីអចលនទ្រព្យ Srettha Thavisin និងអតីតអគ្គមេធាវី Chaikasem Nitisiri។

ក្នុងចំណោមគូប្រកួតប្រជែងទាំងនេះ លោក Srettha ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Sansiri ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសថៃ និងជាសមាជិកនៃគ្រួសារអភិជនកំពុងនាំមុខគេ ដោយសារតែមានការគាំទ្រយ៉ាងទូលំទូលាយសម្រាប់រូបលោក និងសូម្បីតែពីសំណាក់ព្រឹទ្ធសភា។

បើទោះជាលោក Srettha មានទំនាក់ទំនងជាយូរមកហើយជាមួយគ្រួសារ Shinawatra ជាពិសេសជាមួយអតីតនាយករដ្ឋមន្ត្រី Yingluck ក៏ដោយ ក៏ការចូលប្រឡូកក្នុងឆាកនយោបាយរបស់លោកបានចាប់ផ្តើមជាផ្លូវការនៅពេលដែលលោកបានចូលកាន់តួនាទីជាទីប្រឹក្សារបស់លោកស្រី Paetongtarn។ លោក Srettha បានក្លាយជាតួអង្គលេចធ្លោរនៃគោលនយោបាយសេដ្ឋកិច្ចរបស់បក្ស Pheu Thai បូករួមទាំងគោលនយោបាយកាបូបវិធីឌីជីថល ១០ ០០០ បាតដ៏ចម្រូងចម្រាស។

ការប្តេជ្ញាចិត្តឥតងាករេរបស់លោក Srettha ក្នុងតួនាទីជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្ស Pheu Thai មានភាពរឹងមាំណាស់។ លោកបានផ្ទេរភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Sansiri ទៅឱ្យកូនស្រីរបស់លោក និងបានលាលែងពីមុខតំណែងរបស់លោកទាំងអស់នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុន Sansiri ត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុនថៃជាមួយមូលបត្រទីផ្សារចំនួន ២៧,៤ ពាន់លានបាត (៧៩០ លានដុល្លារអាមេរិក)។

បើទោះបីជាលោកបានបដិសេធមិនចូលរួមក្នុងការជជែកពិភាក្សាអំពីគោលនយោបាយនៅក្នុងអំឡុងពេលយុទ្ធនាការក៏ដោយ ក៏លោក Srettha បានប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយអ្នកគាំទ្រនៅលើបណ្តាញ Twitter និងបានចូលរួមការជួបជុំជាមួយអតីតមេដឹកនាំអាវក្រហម Nattawut Saikua ជាពិសេសនៅពេលដែលលោកស្រី Paetongtarn បានដកខ្លួនចេញពីយុទ្ធនាការដោយសារតែលោកស្រីត្រូវសម្រាលកូន។

បក្ស Pheu Thai ហាក់ដូចជាបានផ្តល់នូវការគាំទ្រតាមរយៈការផ្តល់ភ្លើងខៀវឱ្យលោក Srettha ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនៅឯការប្រមូលផ្តុំគ្នាចុងក្រោយរបស់បក្សនៅទីក្រុងបាងកក និងនៅខេត្ត Nonthaburi។ ទោះជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា «តើលោក Srettha គឺជាជម្រើសទី១ របស់បក្ស Pheu Thai ដែរឬអត់»។

លោកស្រី Paetongtarn ដែលជាអ្នកនយោបាយស្របច្បាប់របស់គ្រួសារ Shinawatra ត្រូវបានចាត់ទុកជាបេក្ខជនដ៏សំខាន់របស់បក្សសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រី។ លោក Srettha មិនធ្លាប់បានកាន់តំណែងនយោបាយអ្វីឡើយ ក៏ប៉ុន្តែកាលៈទេសៈហាក់ដូចជាមានលក្ខណៈអំណោយផលចំពោះលោក Srettha ជាង។

ជាមួយនឹងការបរាជ័យរបស់បក្ស Pheu Thai ក្នុងការឈ្នះឆ្នោត វាកាន់តែមានសារៈសំខាន់សម្រាប់គណបក្សនេះ ក្នុងការសម្របសម្រួលដើម្បីបង្កើតឱ្យមានសម្ព័ន្ធកាន់អំណាច។ លោកស្រី Paetongtarn អាច​នឹង​មិន​ទទួលបានការគាំទ្រពី​ព្រឹទ្ធសភា ឬ​ដៃគូ​ចម្រុះ​ដែល​មាន​មូលដ្ឋាន​គាំទ្រ​បែប​អភិរក្ស​នោះទេ ដោយ​សារ​ទំនាក់ទំនង​របស់​លោកស្រី​ជាមួយ​លោក​ថាក់ស៊ីន។

ការពិតដែលថា «លោក Srettha គឺជាអ្នកក្រៅ» អាចត្រូវ​បាន​ចាត់​ទុក​​ជា​ចំណុច​ខ្សោយមួយ។ លោកអាចនឹងមិនទទួលបាន​ការ​គាំទ្រ​ពេញ​លេញ​ពី​គណបក្ស​ ឬ​ការ​ទុក​ចិត្ត​ពី​លោកថាក់ស៊ីននោះទេ។ ប៉ុន្តែ «ចំណុច ខ្សោយនេះ» ឥឡូវនេះអាចក្លាយជាស្ពានមួយដែលនឹងតភ្ជាប់រវាងភាគីពាក់ព័ន្ធរបស់សម្ព័ន្ធដឹកនាំដោយបក្ស Pheu Thai និងស្ថាប័នអភិរក្សនិយម។

សរុបសេចក្តីមក ការតស៊ូដែលកំពុងបន្តដើម្បីបង្កើតរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសថៃ បាននិងកំពុងបង្កើតនូវឱកាសដ៏ពិសេសមួយសម្រាប់បក្ស Pheu Thai តាមរយៈការកេងចំណេញពីបក្ស Move Forward។ បើទោះបីជាដំណើរឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Srettha កំពុងស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ក៏ជំនាញសេដ្ឋកិច្ចនិងសមត្ថភាពរបស់លោកក្នុងការដើរតួជាអ្នកសម្រប សម្រួលរវាងលោកថាក់ស៊ីននិងអ្នកដែលមិនចាត់ទុកបក្ស Pheu Thai ជាជម្រើសដ៏ល្អ កំពុងផ្តល់នូវមូលដ្ឋានដ៏រឹងមាំសម្រាប់រូបលោកក្នុងការ​ឡើង​កាន់​តំណែងជា​នាយក​រដ្ឋមន្ត្រី។

ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតឱកាសនៃភាពជោគជ័យរបស់លោកអាចនឹងនៅតែត្រូវបានកំណត់លើថា «តើព្រឹទ្ធសភាឬអ្នកដែលនឹងតំណាងឱ្យព្រឹទ្ធសភា នឹងពេញចិត្តចង់បានមេដឹកនាំដូចជាលោក Srettha ឬចង់បានអ្នកអភិរក្សនិយមផ្សេងទៀតឱ្យឡើងមកគ្រប់គ្រងប្រទេស បន្ទាប់ពីអ្នកបោះឆ្នោតបានបោះឆ្នោតគាំទ្រការផ្លាស់ប្តូរយ៉ាងលើសលប់»៕

Channel News Asia