ខ្មែរប៉ុស្ដិ៍ Close

ចិនវ៉ាដាច់ជប៉ុនក្លាយជាអ្នកនាំចេញរថយន្តធំបំផុតរបស់ពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 145
ចិនវ៉ាដាច់ជប៉ុនក្លាយជាអ្នកនាំចេញរថយន្តធំបំផុតរបស់ពិភពលោក ចិនវ៉ាដាច់ជប៉ុនក្លាយជាអ្នកនាំចេញរថយន្តធំបំផុតរបស់ពិភពលោក

ក្រុមប្រទេស G7 បានចំណាយពេលពេញមួយចុងសប្តាហ៍មុនដើម្បីអំពាវនាវឱ្យមានការងាកចេញឱ្យឆ្ងាយពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏ធំរបស់ចិន និងពីអំណាចសេដ្ឋកិច្ចដែលកំពុងលេចត្រដែតឡើងរបស់ទីក្រុងប៉េកាំង។ ប៉ុន្តែទិន្នន័យថ្មីៗស្តីពីការងាកចេញនៅក្នុងពិភពរថយន្ត ដែលត្រូវបានចេញផ្សាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំ G7 «បានរំឮកដល់អ្នកវិនិយោគថា ហេតុអ្វីបានជាការងាកចេញនៅក្នុងវិស័យនេះ វាយឺតពេលទៅហើយ»។

ចិនបានវ៉ាដាច់ជប៉ុនក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៣ ក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេរបស់ពិភពលោក។ អ្វីដែលជាការជំរុញដ៏សំខាន់នោះគឺការកើនឡើង ៥៨% ពីមួយឆ្នាំទៅមួយឆ្នាំនៃការនាំចេញរថយន្តរបស់ចិន នាអំឡុងខែមករាដល់ខែមីនា ពោលគឺកើនដល់ ១,០៧ លានគ្រឿង។

សមាគមក្រុមហ៊ុនផលិតរថយន្តចិន (China Association of Automobile Manufacturers) បានកត់សម្គាល់បែបបញ្ឈឺថា ការកើនឡើងនេះ មួយផ្នែកគឺដោយសារតែការនាំចេញទៅរុស្ស៊ី។ វា​ជា​ការ​រំឮក​យ៉ាងច្បាស់ៗថា ទណ្ឌកម្ម​ជា​សាកល​លើ​ទីក្រុង​ម៉ូស្គូ​ជុំវិញ​សង្រ្គាម​អ៊ុយក្រែន ​មានការខ្វះចន្លោះ (Swiss cheese) ច្រើនជាងអ្វីដែលជាការយល់ឃើញរបស់លោក Joe Biden ទៅទៀត។

ទីក្រុងតូក្យូក៏ទទួលបានការព្រមានយ៉ាងខ្លាំងផងដែរ។ ហេតុផលធំមួយទៀតដែលចិនកំពុងនាំចេញរថយន្តច្រើនជាងរថយន្តដែលផលិតដោយជប៉ុន (Japan Inc) គឺការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនី (EVs)។ ពិតណាស់ ទីផ្សារ EVs ពិតជាទីផ្សារដែលក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុនយក្សរបស់ជប៉ុនផ្សេងទៀតមានការព្រួយបារម្ភខ្លាំងពីការបាត់បង់ចំណែកទីផ្សាររបស់ពួកគេ។

ចំណែកឯចិនវិញ មិនបានបារម្ភនោះទេដែលវាគឺជាការពន្យល់អំពីមូលហេតុដែលលោក Elon Musk សម្រេចសាងសង់រោងចក្រខ្នាតយក្ខ Tesla លើកដំបូងរបស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក ពោលគឺនៅក្នុងទីក្រុងសៀងហៃ និងមិនមែននៅទីក្រុង Yokohama នោះទេ។ សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុន Tesla នៅចិន គឺ​ជា​ក្រុមហ៊ុន​ដែលនាំ​ចេញ​រថយន្ត​ប្រើថាមពលស្អាត​ធំជាងគេ។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន Tesla ទទួលបានការបញ្ជាទិញនៅក្នុងស្រុកចំនួន ៩០ ០០០ គ្រឿង នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន។

លោក Jorge Guajardo ដែលជាដៃគូនៅក្រុមហ៊ុន Dentons Global Advisors បាននិយាយថា «ទាំងនេះគឺជាការផ្លាស់ប្តូរដ៏ធំនៃទីផ្សារ ហើយវាកើតឡើងក្នុងល្បឿនយ៉ាងលឿន»។ សេដ្ឋវិទូ Jack Gao នៅវិទ្យាស្ថានសម្រាប់ការវិភាគសេដ្ឋកិច្ចថ្មីបានបន្ថែមថា «អ្នកគ្រប់គ្នាដឹងហើយថា រឿងនេះនឹងកើតឡើងនៅថ្ងៃណាមួយ។ អ្នកគ្រប់គ្នាដឹងហើយថា វាជារថយន្ត EV ដែលពួកគេសង្ឃឹមថានឹងបោះជំហានចូលមកប្រកួតប្រជែងជាមួយ ហើយអ្នកក៏បានដឹងហើយថា ចំណែកទីផ្សារក្នុងស្រុកដ៏ធំនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។ ទោះ​ជា​យ៉ាង​ណា​ រឿងនេះ​បាន​កើត​ឡើង​យ៉ាងឆាប់​រហ័ស»។

ទីក្រុងសៀងហៃ បានចាត់ទុករោងចក្រ Tesla ថាជាស្នាដៃដ៏ធំមួយរបស់អតីតប្រធានបក្សកម្មុយនីស្តសៀងហៃ គឺលោក Li Qiang ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចិន។ ការដែលចិនបានវ៉ាដាច់ជប៉ុនក្នុងការនាំចេញរថយន្ត គឺជាការផ្លាស់ប្តូរដ៏សំខាន់បំផុតនៃការការពារតំណែងនេះគិតចាប់តាំងពីឆ្នាំ ២០១១ មក ពោលគឺនៅពេលដែលចិនបាននាំមុខជប៉ុនក្នុងក្របខណ្ឌ GDP។

វាក៏បង្ហាញអំពីប្រភេទនៃបរិវត្តកម្មដែលលោក Xi Jinping សន្យាថានឹងសម្រេចឱ្យបាននូវតំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ី។ កាលពីខែមីនា លោក Li បានធានាដល់អ្នកវិនិយោគទូទាំងពិភពលោកឡើងវិញថា វិធានការផ្លូវច្បាប់ដែលធ្វើឡើងចាប់តាំងពីចុងឆ្នាំ ២០២០ មក បានហុចផលហើយ។

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Li បាននិយាយថា «មានការពិភាក្សានិងការបញ្ចេញមតិយោបល់មិនត្រឹមត្រូវមួយចំនួននៅក្នុងសង្គម ដែលធ្វើឲ្យសហគ្រិនឯកជនមួយចំនួនមានការព្រួយបារម្ភ។ ចាប់ពីចំណុចចាប់ផ្តើមថ្មីនេះទៅ យើងនឹងបង្កើតបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ, លើភាពស្របច្បាប់ និងការធ្វើអន្តរជាតូបនីយកម្មលើបរិយាកាសនៃធុរកិច្ច, អនុវត្តដូចគ្នាចំពោះគ្រប់ភាពជាម្ចាស់នៃសហគ្រាសទាំងអស់, ការពារសិទ្ធិកាន់កាប់របស់សហគ្រាស ព្រមទាំងសិទ្ធិនិងផលប្រយោជន៍របស់សហគ្រិន»។ លោក Li បាននិយាយថា រដ្ឋាភិបាលថ្មីនឹង «លើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព ក្នុងចំណោមអង្គភាពអាជីវកម្មនានា និងគាំទ្រដល់ការអភិវឌ្ឍនិងការរីកចម្រើននៃសហគ្រាសឯកជន»។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀតនោះ គឺភាព​ជោគជ័យ​នៃវិស័យរថយន្ត​របស់​ចិន​ទំនង​ជា​មាន​សន្ទុះ​កើន​ឡើងខ្លាំង។ ជាទូទៅក្រុមហ៊ុនរថយន្តក្នុងស្រុករំពឹងថា ការនាំចេញរបស់ចិននឹងកើនឡើង ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ នេះតទៅ។

គោលដៅដ៏សំខាន់នេះ ប្រាកដជាមិនបានធ្វើឱ្យជប៉ុនឬក្រុមប្រទេស G7 ផ្សេងទៀតសប្បាយចិត្តនោះទេ។ គិតចាប់ពីឆ្នាំ ២០០៩៩ មក គឺវាមានរយៈពេល ១៤ ឆ្នាំហើយដែលចិនបានក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់រថយន្តថ្មីៗ។

ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងហាក់ដូចជាមានភាពបុរេសកម្មជាងអាមេរិកឬជប៉ុន ក្នុងការបោះជំហានទៅក្នុងទីផ្សាររថយន្ត EV តាមរយៈការលើកលែងពន្ធ ឬការលើកទឹកចិត្តផ្សេងៗទៀត។ ចិនក៏បានមើលឃើញថាការកសាងស្ថានីយ៍បញ្ចូលអាគុយនៅជុំវិញប្រទេស គឺជាមធ្យោបាយក្នុងការបង្កើតការងារនិងការរីកចម្រើនខាងសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយកិច្ចខិតខំប្រឹងប្រែងនោះ ពេល​នេះ​កំពុង​ហុចផលហើយ។

គ្រាន់តែនៅត្រីមាសទី១ ការលក់រថយន្ត EV និងយានយន្ដដើរដោយថាមពលថ្មីផ្សេងទៀតបានកើនឡើង ៩៣% ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺកើនដល់ ៣៨០ ០០០ គ្រឿង។ រថយន្តប្រភេទនេះមានប្រហែល ៤០% នៃការនាំចេញសរុបរបស់ចិន។ នាពេលបច្ចុប្បន្ននេះ គោលដៅនាំចេញរថយន្តដើរដោយថាមពលថ្មីធំជាងគេរបស់ចិនគឺបែលហ្សិក អូស្ត្រាលី និងថៃ។

សម្រាប់​ជប៉ុន ល្បែងល្បងប្រាជ្ញារបស់ថៃ​គឺ​ជា​រឿងដ៏គ្រោះថ្នាក់។ បើទោះបីជារឿយៗថៃត្រូវបានគេហៅថាជា «ទីក្រុង Detroit នៃទ្វីបអាស៊ី» ក៏ដោយ ក៏ប្រទេសនេះមានទំនោរខ្លាំងទៅលើផលិតផលរបស់ជប៉ុន។ ប្រសិនបើអ្នកដឹកនាំនយោបាយថៃសម្រេចចិត្តថា រថយន្ត EVs គឺជាមធ្យោបាយចំណេញកប់ក្ដោង នោះជប៉ុនអាចនឹងផ្លាស់ប្ដូរទីតាំងរោងចក្ររបស់ខ្លួន។

ប្រការទាំងអស់នេះ ក៏គួរតែជាការដាស់តឿនមួយសម្រាប់ទីក្រុង Detroit ផងដែរ ដោយសារតែពួកសាធារណរដ្ឋព្យាយាមប្រឆាំងនឹងគោលនយោបាយរបស់លោក Biden ដើម្បីលើកកម្ពស់រថយន្ត EV និងកំណើនថាមពលបៃតងជាទូទៅ។ នៅពេលដែលទីផ្សារពិភពលោកងាកទៅរករថយន្ត EV នោះរថយន្តចាក់ប្រេងរបស់ក្រុមហ៊ុន General Motors ប្រហែលជានឹងមិនមានតម្រូវការក្រៅប្រទេសច្រើនជាងរថយន្ត Hybrid របស់ក្រុមហ៊ុន Toyota នោះទេ។

សំណួរមួយដែលចោទឡើងនេះគឺ តើអាមេរិកដែលជាអ្នកផលិតរថយន្តទ្រង់ទ្រាយធំអាចនឹងបន្តដេកលក់ទៀតបានដែរឬទេ? ដូចគ្នានេះដែរ តើជប៉ុនដែលជាអ្នកបង្កើតខ្សែច្រវ៉ាក់ផលិតកម្មរថយន្តដ៏ល្អមួយនោះអាចនឹងបាត់បង់តួនាទីរបស់ខ្លួនមែនឬ?

បើតាមអ្នកវិភាគជាច្រើន គេគួរកត់សម្គាល់ថា ការគំរាមកំហែងរបស់ចិនដែលក្រុម G7 មានការប្រាកដប្រជាយ៉ាងខ្លាំងក្នុងចិត្ត គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ​ចិន​នៅ​តែប្រឹងប្រែងបង្កើតឱ្យមានខ្សែច្រវ៉ាក់ផលិតកម្មរថយន្ត​ EV ដ៏ធំដោយ​ខ្លួន​ឯងដែលមាន​តម្លៃ​ទាប​ជាង​ម៉ាក​យីហោធំៗរបស់​លោក​ខាង​លិច​ ​ជាង ១០ ០០០ ដុល្លារ​។

ពិតណាស់ ការសាកល្បងនេះគឺសម្រាប់ឱ្យផលិតផលរបស់ចិន (China Inc) នៅតែបន្តមានសក្ដានុពល។ ដើម្បីឱ្យប្រាកដ រឿងរ៉ាវជោគជ័យរបស់ក្រុមហ៊ុនចិនដីគោក Chery Automobile និង Great Wall Motor គឺការពង្រីកការលក់នៅក្នុងប្រទេសរុស្ស៊ីក្នុងល្បឿនមួយយ៉ាងលឿន។ ទោះជាយ៉ាងនេះក្តី វាមិនច្បាស់ទេថា តើក្រុមហ៊ុនដែលឧបត្ថម្ភធនដោយរដ្ឋាភិបាលក្រុងប៉េកាំងទាំងនេះ នឹងមានសមត្ថភាពក្នុងការពង្រីកខ្លួនជាសកលបានឬយ៉ាងណា។

ទោះជាយ៉ាងណាក៏ដោយ ក្រុមG7 កំពុងតែធ្វើឱ្យផលិតផលរបស់ចិនកាន់តែងាយស្រួលក្នុងការពង្រីកខ្លួន។ បន្ទាប់ពីកងទ័ពរបស់លោក Putin លុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក ក្រុមហ៊ុន Toyota, Volkswagen AG និងក្រុមហ៊ុនផ្សេងទៀតបានបិទរោងចក្រផលិតកម្មរបស់ខ្លួនចេញពីរុស្ស៊ី។ ភ្លាមៗនោះ ក្រុមហ៊ុនរថយន្តរបស់ចិនដីគោកបានឈានជើងចូលទៅបំពេញចន្លោះប្រហោងនេះ។

សម្រាប់អ្នកយុទ្ធសាស្រ្ត Yan Wang នៅក្រុមហ៊ុន Alpine Macro ទិន្នន័យថ្មីៗអំពីរថយន្តបានដោះស្រាយអាថ៌កំបាំងនាពេលថ្មីៗនេះ។ លោកឆ្ងល់ថា «ហេតុអ្វីបានជាអតិរេកពាណិជ្ជកម្មរបស់ចិនកើនឡើងខ្ពស់ដល់ដំបូលយ៉ាងនេះ? ហេតុផលមួយក្នុងចំណោមនោះ គឺជាការផ្ទុះឡើងនូវការនាំចេញរថយន្ត ទន្ទឹមនឹងពេលដែលការនាំចូលបានធ្លាក់ចុះ»។

សម្រាប់អ្នកយុទ្ធសាស្រ្ត James Thorne នៅក្រុមហ៊ុន Wellington-Altus Private Wealth វាគឺជាសញ្ញាមួយដែលថា «ប្រធានបទស្ដីអំពីសកលភាវូបនីយកម្ម នៅមិនទាន់ស្លាប់ទេ»។ លោក Thorne បានបន្ថែមថា «ចិនកំពុងវិវឌ្ឍទៅមុខហើយ គឺវិវឌ្ឍទៅដល់ការផលិត និងការប្រើប្រាស់ដែលមានតម្លៃបន្ថែមខ្ពស់»។

ពិតណាស់ ហានិភ័យមានខ្ពស់ណាស់ ដោយសារក្រុម G7 បានកំណត់គោលដៅលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ចិនក្នុងការផលិតរថយន្តដែលមានគុណភាពខ្ពស់ ដែលវាទំនងជាសញ្ញាមួយនៃការផ្លាស់ប្តូរជំហានយុទ្ធសាស្ត្រកាន់តែច្រើនរវាង G7 និងចិន។

នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីចុងសប្តាហ៍មុន មេដឹកនាំនៃក្រុមប្រទេស G7 បានសង្កត់ធ្ងន់ទៅលើផែនការរបស់ពួកគេក្នុងការ «កាត់បន្ថយហានិភ័យ» ដែលមិនមែនជាការដកថយចេញពីចិននោះទេ ខណៈដែលពួកគេក៏បានទទួលស្គាល់បញ្ហាប្រឈមដែលបណ្តាលមកពីការអនុវត្តរបស់ចិន ដោយពួកគេបាននិយាយថា «សកម្មភាពទាំងនោះពិតជាបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក»។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន ក្រុមប្រទេស G7 បានសង្កត់ធ្ងន់ថា «យើងមិនបានបំបែកខ្លួន ឬងាកមកផ្តោតតែលើបញ្ហាខាងក្នុងនោះទេ។ ទន្ទឹមនឹងនោះយើងក៏ទទួលស្គាល់ថា ភាពធន់នៃសេដ្ឋកិច្ច ពិតជា ទាមទារឱ្យមានការបន្ថយហានិភ័យ និងការធ្វើពិពិធកម្ម»។ មេដឹកនាំក្រុមប្រទេស G7 បានបន្ថែមថា «យើងនឹងព្យាយាមដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយគោលនយោបាយមិនមែនទីផ្សារ និងការអនុវត្តរបស់ប្រទេសចិន ដែលកំពុងតែបង្កឱ្យមានការខូចខាតដល់សេដ្ឋកិច្ចពិភពលោក។ យើងនឹងធ្វើការប្រឆាំងនឹងការអនុវត្តមិនបានល្អមួយចំនួន ដូចជាការផ្ទេរបច្ចេកវិទ្យាមិនស្របច្បាប់ ឬការបង្ហាញទិន្នន័យចេញមកក្រៅជាដើម»។

ប៉ុន្តែការទប់ស្កាត់បន្ថែមពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងប្រ៊ុចសែលក៏នៅតែមានកម្រិតខ្ពស់។ លោក Hui Shan សេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs បានបង្ហាញការងឿងឆ្ងល់អំពីការដែលគណៈកម្មាធិការស្តីពីការវិនិយោគបរទេសនៅអាមេរិក ឬ CFIUS កំពុងតែធ្វើការគៀបសង្កត់មកលើប្រទេសចិន។ លោក Hui បាននិយាយថា «ពួកគេនឹងផ្តោតការចាប់អារម្មណ៍បន្ថែមទៀតទៅលើការកែសម្រួលពន្ធគយ, ការគ្រប់គ្រងលើការនាំចេញ និងរបបនៃការវិនិយោគដែលមានស្រាប់ នៅពេលដែលក្របខណ្ឌមូលដ្ឋានត្រូវបានដាក់ឱ្យដំណើរការ»។

លោក Hui បានបន្ថែមថា «យើងរំពឹងថាក្របខណ្ឌទាំងនោះនឹងផ្តោតដោយស្មើភាពខ្លាំងទៅលើឧបករណ៍ Semiconductor កម្រិតខ្ពស់និងបច្ចេកវិទ្យាពាក់ព័ន្ធដែលស្របគ្នាទៅនឹងការត្រួតពិនិត្យការនាំចេញកាលពីរដូវស្លឹកឈើជ្រុះមុន ហើយនឹងការមិនរឹតបន្តឹងខ្លាំងទៅលើការវិនិយោគលើផលបត្រទីផ្សារបន្ទាប់បន្សំ»។

កាលពីថ្ងៃអាទិត្យ រដ្ឋបាល Cyberspace របស់ចិន (Cyberspace Administration of China) បានលើកឡើងថា ផលិតផលដែលផលិតដោយក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំអាមេរិក Micron Technology បានបរាជ័យក្នុងការត្រួតពិនិត្យសុវត្ថិភាព និងបានរារាំងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនឱ្យទិញផលិតផលពីក្រុមហ៊ុននេះ។

លោក Norman Villamin អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Union Bancaire Privée បាននិយាយថា «ភាពតានតឹងរវាងអាមេរិកនិងចិន និងការកាត់ផ្តាច់ផ្នែកបច្ចេកវិទ្យា អាចនឹងបន្តបង្កឱ្យមានការប្រែប្រួលនៅឆ្នាំ ២០២៣។ ការផ្លាស់ទីតាំងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន ក៏នឹងអាចអូសទាញឱ្យមានការធ្វើសកម្មភាពតាមរយៈការវិនិយោគផ្ទាល់ពីបរទេសដែលទន់ខ្សោយផងដែរ»។

ទោះបីជាមានការរំខានក៏ដោយ ក៏ឧស្សាហកម្មរថយន្តរបស់ចិនកំពុងផ្លាស់ប្តូរយ៉ាងលឿនជាងការរំពឹងទុករបស់មនុស្សមួយចំនួនទៅទៀត។ ក្រុម G7 អាចនឹងព្យាយាមកាត់បន្ថយល្បឿននេះបាន ប៉ុន្តែទីក្រុងប៉េកាំងក៏កំពុងរំឮកទៅកាន់ជប៉ុននិងសម្ព័ន្ធមិត្តលោកខាងលិចដែរថា ក្រុមហ៊ុនចិននឹងមិនអង្គុយស្ងៀមនោះទេ តែពិតណាស់គឺពួកគេកំពុងធ្វើការប្រជែងទៅមុខ៕

Asia Times

អត្ថបទទាក់ទង