ខ្មែរប៉ុស្ដិ៍ Close

គណបក្ស Move Forward ៖ ការកើនឡើងនៃសន្ទុះ ប៉ុន្តែឧបសគ្គនៅតែមាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 36
គណបក្ស Move Forward ៖ ការកើនឡើងនៃសន្ទុះ ប៉ុន្តែឧបសគ្គនៅតែមាន មេដឹកនាំគណបក្ស Move Forward និងបេក្ខជននាយករដ្ឋមន្ត្រី Pita Limjaroenrat ដឹកនាំក្បួនដង្ហែជ័យជម្នះ ជាមួយសមាជិកបក្សនិងអ្នកគាំទ្រនៅខាងក្រៅសាលាក្រុងបាងកក ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។ (រូបថត៖ Lillian Suwanrumpha / AFP)

គណបក្ស Move Forward (MFP) បានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជាតិនៅខែឧសភាឆ្នាំ ២០២៣ នេះ។ លទ្ធផលបឋមដែលត្រូវបានចេញផ្សាយដោយគណៈកម្មាធិការរៀបចំការ បោះឆ្នោតរបស់ប្រទេសថៃ បានបង្ហាញថា «បក្ស MFP ទទួលបានអាសនៈនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១១៣ និងទទួលបានសំឡេងឆ្នោតនៅក្នុងបញ្ជីគណបក្សចំនួន ១៤ លានសំឡេង ដែលនឹងធ្វើឱ្យបក្សនេះទទួលបានអាសនៈក្នុងបញ្ជីគណបក្សចំនួន ៣៩ បន្ថែមទៀត»។

លទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ ជាមួយអាសនៈសរុបចំនួន ១៥២ បានធ្វើឱ្យបក្ស MFP ក្លាយជាបក្សដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងសភា ដែលអាចដឹកនាំបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយបាន។ ជ័យជម្នះរបស់គណបក្ស MFP គឺជាចំណុចរបត់មួយនៅក្នុងឆាកនយោបាយថៃ ដោយបាននាំមកនូវការបញ្ចប់នូវជ័យជម្នះដ៏យូរអង្វែងរបស់បណ្តាគណបក្សដែលចងបក្សសម្ព័ន្ធជាមួយលោក Thaksin ចាប់តាំងពីឆ្នាំ ២០០១ និងជាសញ្ញាដ៏ច្បាស់ដែលបានបង្ហាញអំពីការបដិសេធមិនទទួលយកក្រុមអភិរក្សនិយមរបស់ប្រទេសថៃ។

ផ្ទុយទៅនឹងការយល់ឃើញទូទៅដែលថា «មូលដ្ឋានគាំទ្ររបស់បក្ស MFP ស្ថិតនៅក្នុងតំបន់ទីក្រុង ដែលមាននិស្សិតសកលវិទ្យាល័យជាច្រើនបានចុះឈ្មោះបោះឆ្នោត» ភាពជោគជ័យនៅក្នុងការបោះឆ្នោតរបស់បក្ស MFP បានលាតសន្ធឹងយ៉ាងទូលំទូលាយ។ នៅទីក្រុងបាងកក បក្សនេះទទួលបានអាសនៈចំនួន ៣២ ក្នុងចំណោមអាសនៈសភាចំនួន ៣៣។

អាសនៈតែមួយគត់ផ្សេងទៀតបានទៅគណបក្ស Pheu Thai។ លើសពីនេះបក្ស MFP បានបញ្ចប់ការគ្រប់គ្រងផ្នែកនយោបាយដែលបានចាក់ឬសជាយូរមកហើយរបស់ត្រកូល Asavahames នៅខេត្ត Samut Prakan និងត្រកូល Khunpluems នៅខេត្ត ChonBuri ដែលត្រូវបានចាត់ទុកជាក្រុមដ៏មានឥទ្ធិពល ដោយសារតែបណ្តាញបក្ខពួកដែលបានចាក់ឫសយ៉ាងជ្រៅ និងដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ទាំងនេះ។

គណបក្ស MFP នេះថែមទាំងទទួលបានអាសនៈនៅក្នុងមូលដ្ឋានដ៏រឹងមាំជាយូរមកហើយរបស់បក្ស Pheu Thai ទៀតផង ដោយទទួលបានអាសនៈចំនួន ៧ ក្នុងចំណោមអាសនៈចំនួន ១០ នៅខេត្ត Chiang Mai ភាគខាងជើង និង ១ អាសនៈក្នុងចំណោមអាសនៈចំនួន ១០ នៅខេត្ត Udon Thani ភាគឦសាន។ សកម្មភាពដ៏រឹងមាំរបស់បក្ស MFP ទាំងនៅថ្នាក់ជាតិនិងថ្នាក់ខេត្តមានលក្ខណៈកាន់តែគួរឱ្យចាប់អារម្មណ៍ ជាមួយនិងការផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពនយោបាយដ៏សំខាន់។

នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ បក្ស Future Forward (FFP) បានឈ្នះអាសនៈនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៣១ ដែលជាសមិទ្ធិផលដ៏ធំសម្រាប់បក្សដែលទើបបង្កើតថ្មីមួយនេះ។ ប៉ុន្តែជោគជ័យនេះបណ្តាលមកពីកាលៈទេសៈអំណោយផល ដោយសារបក្ស FFP មិនបានប្រឈមមុខនឹងការប្រកួតប្រជែងដោយផ្ទាល់ជាមួយបក្ស Pheu Thai នៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១០០ ។

បក្ស Pheu Thai បានសម្រេចមិនដាក់បេក្ខជនរបស់ខ្លួនឱ្យឈរឈ្មោះដើម្បីចៀសវាងការប្រជែងជាមួយបក្សសម្ព័ន្ធមិត្តរបស់ខ្លួន គឺបក្ស Thai Raksa Chart។ ក្រោយ​មក បក្ស FFP ​ត្រូវ​បាន​រំលាយ​ដោយ​សេចក្តី​សម្រេច​របស់​តុលាការ​។​

ស្រដៀងគ្នានេះដែរ បក្ស FFP បានឈ្នះអាសនៈនៅក្នុងបញ្ជីគណបក្សចំនួន ៥០ បន្ទាប់ពីទទួលបានការគាំទ្រចំនួន ៦,៣៣ លានសំឡេង។ ប្រការនេះអាចបណ្តាលមកពីប្រព័ន្ធបោះឆ្នោត «Mixed Member Apportionment» ដែលបានបង្កភាពងាយស្រួលសម្រាប់គណបក្សតូចៗក្នុងការទទួលបានអាសនៈនៅក្នុងបញ្ជីគណបក្ស និងជួយកាត់បន្ថយការឈ្នះ-ចាញ់ដាច់ខាត (Zero Sum Game) នៅក្នុងការបោះឆ្នោតតាមមណ្ឌល។

ដោយសារយុទ្ធនាការដ៏ទូលំទូលាយរបស់បក្ស Pheu Thai នៅក្នុងការបោះឆ្នោតនេះ និងការសន្មតដែលថា «ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនឹងរារាំងសមត្ថភាពរបស់ MFP ក្នុងការទទួលបានអាសនៈនៅសភា» មនុស្សជាច្រើនបានរំពឹងថា «បក្ស MFP នឹងទទួលរងបរាជ័យ»។ ទោះ​ជា​យ៉ាង​ណាក៏ដោយ បក្ស​នេះ​បាន​ងើបឡើងកាន់​តែ​ខ្លាំង​ជាង​មុន។ «ហេតុអ្វី?»

ការរួមបញ្ចូលគ្នានៃកត្តាមួយចំនួន បានរួមចំណែកដល់ការកើនឡើងនៃ «រលកយក្សស៊ូណាមិនៃការគាំទ្រ» សម្រាប់គណបក្ស MFP ហើយយុទ្ធនាការប្រកបដោយប្រសិទ្ធភាពបំផុតរបស់បក្សនេះគឺ «ការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម»។ វាបានបង្ហាញអំពីការអនុវត្តដ៏រឹងមាំរបស់បក្ស MFP ក្នុងនាមជាបក្សប្រឆាំង និងបានបង្ហាញអំពីការចូលរួមយ៉ាងទូលំទូលាយជាមួយក្រុមអ្នកគាំទ្រ ដោយបានចៀសវាងពីការធ្វើយុទ្ធនាការបែបបុរាណ ដោយពឹងផ្អែកលើការដើរឃោសនារកសំឡេងឆ្នោត។

បក្ស MFP បានទាក់ទាញអ្នកគាំទ្រ ដែលភាគច្រើនជាយុវជនជំនាន់ក្រោយ ដែលពីមុនមិនសូវចាប់អារម្មណ៍នឹងរឿងនយោបាយ ឬកំពុងចូលរួមជាមួយគណបក្សនយោបាយដទៃ តាមរយៈការប្រើប្រាស់មនោគមវិជ្ជា ជាជាងការផ្តល់ការឧបត្ថម្ភ។ ភាពជោគជ័យរបស់បក្ស MFP ក៏អាចត្រូវបានគេសន្មតថាមកពីសមត្ថភាពរបស់ខ្លួន ក្នុងការទាញយកប្រយោជន៍ពីសន្ទុះនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ ២០២០ ផងដែរ។

ក្នុងនាមជាបក្ស ដែលបានដើរតួជាអន្តរការីរវាងចលនាសង្គម និងចលនានយោបាយនៅក្នុងសភា បក្ស MFP បានអនុវត្តសកម្មភាពជាច្រើន បូករួមទាំងការផ្តល់ជំនួយសង្គ្រោះដល់សកម្មជនដែលកំពុងជាប់ឃុំ, ការផ្តល់តួនាទីដល់ពួកគេនៅក្នុងបក្សរបស់ខ្លួន និងការសន្យាថានឹងប្រែក្លាយការទាមទាររបស់ពួកគេ អោយទៅជាគោលនយោបាយ និងសកម្មភាពជាក់ស្តែងស្របតាមផ្លូវច្បាប់។

កម្មវិធីនយោបាយរបស់បក្ស MFP ក៏មានភាពគួរឱ្យកត់សម្គាល់ផងដែរជាពិេសស គឺភាពច្បាស់លាស់នៃសារ ក៏ដូចជាជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការកែប្រែមាត្រា ១១២ (ច្បាប់ប្រមាថព្រះមហាក្សត្រ) និងការបដិសេធមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយក្រុមឧត្តមសេនីយ៍ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខែឧសភា ឆ្នាំ ២០១៤។

ផ្ទុយពីគណបក្ស Pheu Thai ដែលមេដឹកនាំរបស់បក្សនេះ គឺលោក Thaksin Shinawatra បានបង្ហាញអំពីឆន្ទៈក្នុងការសម្រុះសម្រួលជាមួយតួអង្គពាក់ព័ន្ធនឹងរបបលោក Prayut គណបក្ស MFP បានបដិសេធយ៉ាងដាច់អហង្ការក្នុងការចងសម្ព័ន្ធភាពជាមួយរបបយោធា។ ប្រការនេះអាចជាមូលហេតុដែលធ្វើឱ្យអ្នកគាំទ្ររបស់បក្សទាំងពីរ ងាកមកបោះឆ្នោតគាំទ្របក្ស MFP។

ជាចុងក្រោយ វាគឺជារឿងសំខាន់ក្នុងការគូសបញ្ជាក់អំពីការអំពាវនាវដ៏គួរឱ្យទាក់ទាញរបស់លោក Pita Limjaroenrat ដែលជាមេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស MFP។ លោក Pita ទទួលបានគាំទ្រយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកបោះឆ្នោតជាច្រើន បូករួមទាំងមនុស្សវ័យចំណាស់ និងអ្នកដែលមិនសូវមាននិន្នាការគាំទ្រកំណែទម្រង់។

នៅក្នុងអំឡុងពេលចុងក្រោយនៃយុទ្ធនាការឃោសនា លោក Pita ធ្វើបានយ៉ាងល្អនៅក្នុងការជជែកដេញដោលជាសាធារណៈ និងបានបង្ហាញខ្លួននៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដោយបាននាំមុខលើបេក្ខជនផ្សេងៗទៀត បូករួមទាំងលោកស្រី Paetongtarn Shinawatra មកពីគណបក្ស Pheu Thai ទៀតផង។

ការកើនឡើងសំលេងយ៉ាងគំហ៊ុករបស់បក្ស MFP អាចនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រ។ អស់រយៈពេលជិត ២ ទសវត្សរ៍កន្លងមកនេះ នយោបាយថៃបានជាប់គាំងនៅក្នុងវដ្តនៃការតស៊ូដណ្តើមអំណាចរវាងកងកម្លាំងដែលចងសម្ព័ន្ធភាពជាមួយលោក Shinawatra និងអ្នកដែលទទួលបានការគាំទ្រពីយោធា និងស្ថាប័នអភិរក្សនិយម។

ជាលទ្ធផល ប្រជាជនថៃជាពិសេសយុវជនជំនាន់ក្រោយដែលទទួលរងនូវសម្ពាធពីវិបត្តិដែលកើតចេញពីការបែកបាក់គ្នាផ្នែកនយោបាយ មានការអាក់អន់ស្រពន់ចិត្តកាន់តែខ្លាំង។ ពួកគេមានការធុញទ្រាន់នឹងបុរសខ្លាំងខាងយោធា ដែលមានមហិច្ឆិតាអំណាចចង់បំផ្លាញស្ថាប័នប្រជាធិបតេយ្យ, ជាឥស្សរជននយោបាយបែបបុរាណដែលផ្សព្វផ្សាយអំពីអភិបាលកិច្ចល្អតែមិនមានការអនុវត្តជាក់ស្តែង បូករួមនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដែលបំពេញតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក ជាជាងបំពេញតាមឆន្ទៈរបស់ប្រជាជន។

លើសពីនេះទៅទៀត ពួកគេមានការខកចិត្តចំពោះប្រព័ន្ធនយោបាយដែលគ្មានប្រសិទ្ធិភាព ដែលមិនបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ពួកគេអំពីសេរីភាពតាមរយៈការបំបិទសំឡេង និងការប្រើប្រាស់អំពើហិង្សា។ ដូច្នេះការកើនឡើងនៃការគាំទ្ររបស់បក្ស MFP មិនមែនដោយសារតែគុណសម្បត្តិតែមួយមុខគត់របស់បក្សនេះទេ តែវាគឺដោយសារតែការសោកសង្រេង និងសេចក្តីប្រាថ្នាសម្រាប់អនាគតដ៏ល្អប្រសើរជាងមុននៅក្នុងចំណោមប្រជាជនថៃរាប់លាននាក់។

បើទោះបីជាជ័យជម្នះរបស់បក្ស MFP តំណាងឱ្យការអំពាវនាវដ៏ខ្លាំងក្លាសម្រាប់ការផ្លាស់ប្តូរ និងការចាប់ផ្ដើមថ្មីក៏ដោយ ក៏បញ្ហាប្រឈមដ៏ធំកំពុងស្ថិតនៅចំពោះមុខ។ ព្រឹទ្ធសភាដែលត្រូវបានតែងតាំងទុកជាមុន និងការធ្វើអន្តរាគមន៍ពីសំណាក់ភាគីពាក់ព័ន្ធនៅក្នុងស្ថាប័នអភិរក្សនិយមរបស់ប្រទេសថៃ បានបង្កជាឧបសគ្គដ៏ធំដល់ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ។ គេនឹងនៅបន្តរង់ចាំមើលថា «តើបក្ស MFP អាចនាំមកនូវការផ្លាស់ប្តូរយូរអង្វែងដូចការចង់បានដែរឬទេ»៕

Fulcrum