អ្នកវិភាគចៅចាក់ស្មុក៖ តើជាកំហុសនរណា?
ក្រោយពីគណបក្សភ្លើងទៀនមិនអាចបំពេញការខ្វះខាតសំណុំឯកសាររបស់ខ្លួនតាមការតម្រូវដោយច្បាប់កំណត់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ គ.ជ.ប បានអះអាងមូលហេតុថា គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ តើជាកំហុសនរណា?
- គណបក្សភ្លើងទៀនមានការមើលស្រាលចំពោះដំណើរការនីតិវិធី និងប្រមាថលើច្បាប់ជាធរមាន អាងលើពួកបរទេសអន្តរាគមន៍ គៀបសង្កត់ និងប្រើការគំរាមកំហែង ចំពោះស្ថាប័នអនុវត្តច្បាប់ គ.ជ.ប ដើម្បីសម្រេចការចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា គឺជាភស្តុតាងស្រាប់ ដែលបញ្ជាក់ថាថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនមិនបានយកច្បាប់មកប្រើ ប៉ុន្តែបានយកហិង្សាមកប្រើដែលផ្ទុយពីគោលការណ៍ច្បាប់។
- គណបក្សភ្លើងទៀនជាគណបក្សនយោបាយមួយ ហេតុអ្វីបានជាគ្រាន់តែឯកសារដ៏សំខាន់របស់ខ្លួនមួយសន្លឹកមិនអាចថែរក្សាបាន និងធ្វើឱ្យបាត់។ បើគ្រាន់តែគ្រប់គ្រងឯកសារមួយសន្លឹកមិនបានផង តើមានសមត្ថភាពអ្វីមកដឹកនាំនិងគ្រប់គ្រងកិច្ចការប្រទេសជាតិបាន? ក្រសួងមហាផ្ទៃបានបញ្ជាក់ថាគណបក្សភ្លើងទៀន បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ប៉ុន្តែមិនមែនជាប្រកាសបញ្ជាក់នីត្យានុកូលកម្មបក្សនេះឡើយ។ គ.ជ.ប អនុវត្តតាមច្បាប់កំណត់តែប៉ុណ្ណោះ តែគណបក្សភ្លើងទៀនទេដែលមិន បានអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ។
- ការបែកបាក់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងការមិនមានការឯកភាពផ្ទៃក្នុងបក្សដើម្បីបំពេញភាពខ្វះចន្លោះ គឺជាបញ្ហាដ៏ធំរបស់ គណបក្សភ្លើងទៀន។ ជាក់ស្តែង ត្រឹមតែ ៤៨ ម៉ោង ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចេញសេចក្តីប្រកាសព័ត៌មាននិងលិខិតដល់ទៅ ៣ ដែលគ្មានគោលជំហរច្បាស់លាស់ និងមានចរិតក្មេងខ្ចី ជាក់ស្តែងថ្ងៃទី១២ ខែឧសភា គណបក្សភ្លើងទៀនបានចេញសេចក្តីប្រកាសព័ត៌មានដោយ ព្រមានថានឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធីក្នុងករណី គណបក្សភ្លើងទៀនត្រូវបាន គជប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣។ ថ្ងៃទី១៣ ខែឧសភា ប្រធានគណបក្សភ្លើងទៀនបាន ផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំជួបសម្ដែងការគួរសម និង អបអរសាទរចំពោះជោគជ័យការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា។ ថ្ងៃទី១៤ គណបក្សភ្លើងទៀន បានចេញលិខិតប្រកាសសម្តែងការសោកស្តាយ ចំពោះកំហុសឆ្គងនៃការសម្រេចចិត្តលើលិខិតដែលចេញនៅថ្ងៃទី១២ ខែឧសភា។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់យ៉ាងច្បាស់ពីភាពមិនចុះសម្រុងក្នុងចំណោម ថ្នាក់ដឹកនាំបក្សភ្លើងទៀន ហើយការចេញសេចក្តីថ្លែងការណ៍ផ្សេងៗមិនបានឆ្លងគ្នាផង និងផ្ទុយពីស្មារតីនៃអង្គសមាជថែមទៀត។ តាមការសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ RFI លោក សុន ឆ័យ បាននិយាយថា «សូមកុំមានការអាក់អន់ស្រពន់ចិត្តអី ប្រសិនបើគណបក្សប្រឆាំងនេះមិនអាចចូលរួមការបោះឆ្នោតបាន ដោយចាត់ទុកថានេះមកពីកំហុសរបស់គណបក្សនេះផងដែរ»។
- តាមរយៈមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនដើរចេញជាបន្តបន្ទាប់ ផ្ទៃក្នុងគណបក្សភ្លើងទៀនបែកបាក់គ្នាយ៉ាងខ្លាំងដែលក្រុមខ្លះបានចិញ្ចឹមចិត្តក្នុងការប្រើប្រាស់ហិង្សាដើម្បីដណ្តើមអំណាច អនុវត្តផែនការពីបរទេស និងមានទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ជាអ្នកនៅពីក្រោយខ្នង។ ការបំពាននិងប្រមាថច្បាប់នេះហើយដែលធ្វើឱ្យគណបក្សភ្លើងទៀនមិនត្រូវបាន គ.ជ.ប ឯកភាពចុះបញ្ជីឈ្មោះគណបក្សនយោបាយដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧ បាន។
តើជាកំហុសនរណា? វាជាកំហុសរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនខ្លួនឯងដែលខ្វះការទទួលខុសត្រូវថែរក្សាទុកដាក់ឯកសារ ពូកែអួតអាង លាបពណ៌សាចទឹកដាក់គេ និងប្តឹងពួកបរទេសឲ្យគៀបសង្កត់ប្រទេសជាតិខ្មែរ ថាខ្លួន ដូចពាក្យចាស់លោកពោលឡើងថា «តម្រិះជិះកឯង»។
អ្វីដែល គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន គឺដោយសារកំហុសផ្នែកច្បាប់របស់បក្សភ្លើងទៀនសុទ្ធសាធ ហេតុនេះមិនត្រូវធ្វើនយោបាយតូបនីយកម្មលើកំហុសផ្នែកច្បាប់របស់ខ្លួនឯងឡើយ។ ប្រសិនបើចង់ស្តីបន្ទោស គឺត្រូវស្តីបន្ទោសមេដឹកនាំនៃគណបក្សភ្លើងទៀន ដែលអសមត្ថភាព ខ្វះការទទួលខុសត្រូវ បង្កើតសភាពការណ៍ចលាចល ទីចុងបញ្ចប់បំផ្លាញខ្លួនឯង និង អ្នកគាំទ្រទទួលរងការជាប់ពន្ធនាគារ។ អំពើទុច្ចរិត និង ការដឹកនាំប្រកបដោយភាពល្ងង់ខ្លៅត្រូវតែបរាជ័យ សូម្បីតែទេវតាក៏ប្រោសមិនកើតដែរ!
យោងតាមច្បាប់ គណបក្សភ្លើងទៀនមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជំទាស់នឹងសេចក្តីសម្រេចនេះ។ សង្ឃឹមថាក្រុមប្រឹក្សាធម្មនុញ្ញនឹងផ្តល់យុត្តិធម៌ជូនបណ្តាគណបក្សដែលគោរពត្រឹមត្រូវតាមច្បាប់៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣