ខ្មែរប៉ុស្ដិ៍ Close

ការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ នឹងធ្វើឱ្យ IMF របស់អាស៊ីមានភាពកាន់តែទាក់ទាញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 24
ការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ នឹងធ្វើឱ្យ IMF របស់អាស៊ីមានភាពកាន់តែទាក់ទាញ ការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ នឹងធ្វើឱ្យ IMF របស់អាស៊ីមានភាពកាន់តែទាក់ទាញ

ការអំពាវនាវនៅ ពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ឱ្យមានការបង្កើតឡើវិញនូវ «មូលនិធិរូបិយវត្ថុអាស៊ី» «Asian Monetary Fund – AMF» ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ឬលើមូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកជាមន្ទិលថា «តើ AMF ពិតជាមានភាពចាំបាច់មែនដែរឬអត់»។

ជប៉ុនធ្លាប់បានស្នើឡើងនូវគំនិតស្តីពី AMF ភ្លាមៗក្រោយការផ្ទុះវិបត្តិហិរញ្ញវត្ថុអាស៊ីនៅខែកក្កដា ឆ្នាំ ១៩៩៧។ បើទោះបីជាសំណើរនោះទទួលបាននូវការគាំទ្រពីសំណាក់បណ្តាប្រទេសអាស៊ានក៏ដោយ ក៏វាត្រូវបានច្រានចោលដោយសហភាពអឺរ៉ុបនិងអាមេរិកនៅឯកិច្ចប្រជុំរបស់ធនាគារពិភពលោក និងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិនៅក្នុងទីក្រុងហុងកុង នៅខែកញ្ញានៅឆ្នាំដដែល។

ការជំទាស់ជាលក្ខណៈបច្ចេកទេស នោះត្រូវបានធ្វើឡើងក្រោមហេតុផលនៃភាពត្រួតគ្នា ឬការធ្វើឱ្យចុះខ្សោយដល់តួនាទីស្នូលរបស់ IMF និងការបង្កើតឱ្យមានការសម្រេចចិត្តប្រកបដោយហានិភ័យ (Moral Hazard) ដោយហេតុថា «ភាពលើសលុបនៃការផ្តល់ហិរញ្ញប្បទានឥណទាននឹងនាំមកនូវភាពលើសលុបនៃបំណុល»។

ប៉ុន្តែមូលហេតុពិតប្រាកដគឺ «ភូមិសាស្ត្រនយោបាយ»។ ប្រសិនបើបណ្តាប្រទេសធំៗរបស់ IMF និងធនាគារពិភពលោក ដូចជាអាមេរិកនិងអឺរ៉ុបមិនចូលរួមជាមួយ AMF ហើយចិននៅតែមានមន្ទិលសង្ស័យគោលគំនិតនេះនឹងមិនអាចលេចចេញជារូបរាងបានឡើយ។ បរិយាកាសភូមិសាស្ត្រនយោបាយបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីមក។

វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨-២០០៩ ឬវិបត្តិហិរញ្ញវត្ថុអាត្លង់ទិកខាងជើង (North Atlantic Financial Crisis) បានបង្ហាញយ៉ាងច្បាស់ថា «បណ្តាប្រទេសអ្នកមាននៅលោកខាងលិច មានចំណុចឆកល្វែងដ៏ធំសម្បើមនៅក្នុងការគ្រប់គ្រងទាំងផ្នែកសេដ្ឋកិច្ច និងទាំងប្រព័ន្ធហិរញ្ញវត្ថុ»។

ការកែទម្រង់នៅក្រោយវិបត្តិ ដោយការប្រើប្រាស់បទបញ្ញត្តិបន្ធូរបន្ថយវិបត្តិហិរញ្ញវត្ថុ «Macroprudential Regulation» ក្នុងគោលដៅកាត់បន្ថយហានិភ័យនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ក៏ដូចជាកាត់បន្ថយការខាតបង់ផ្នែកម៉ាក្រូហិរញ្ញវត្ថុដែលបង្កឡើងដោយអស្ថិរភាពហិរញ្ញវត្ថុ បានជួយសម្រាលបន្ទុកធនាគារកណ្តាលពីការត្រូវបញ្ចេញកញ្ចប់សង្គ្រោះសេដ្ឋកិច្ចនៅក្នុងករណីកើត មានវិបត្តិហិរញ្ញវត្ថុនៅថ្ងៃអនាគត។

ការដោះដូរសាច់ប្រាក់ងាយស្រួលរបស់ធនាគារកណ្តាលអាមេរិកជាមួយនឹងបណ្តាធនាគារកណ្តាល ដែលជាសម្ព័ន្ធមិត្តបានជួយទប់ទល់បញ្ហាអត្រាប្តូរប្រាក់បរទេស ក៏ដូចជាជួយដោះស្រាយបញ្ហាបរាជ័យនៅផ្ទៃក្នុងធនាគាររបស់បណ្តាប្រទេសសម្ព័ន្ធមិត្តទាំងនោះ។ ប៉ុន្តែរឿងនេះនឹងមិនអាចកើតមានចំពោះបណ្តាប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តដូចជាឥណ្ឌា ឬចិននោះឡើយ។

ភាពបរាជ័យរបស់ធនាគារ Silicon Valley Bank និង Credit Suisse នៅខែមីនា ឆ្នាំ ២០២៣ ជាថ្មីម្តងទៀត បានធ្វើឱ្យរង្គោះរង្គើរដល់ទំនុកចិត្តចំពោះប្រព័ន្ធហិរញ្ញវត្ថុ ដែលដឹកនាំដោយលោកខាងលិច។ ប្រសិនបើការកែទម្រង់ក្រោយឆ្នាំ ២០០៨ រងនូវការបរាជ័យ ហើយលោកខាងលិចមិនអាចទប់ស្កាត់ការដួលរលំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន បានទេនោះតើបណ្តាប្រទេសនានាគួរតម្កល់ប្រាក់បញ្ញើ និងប្រាក់សន្សំរបស់គេនៅទីណា?

បណ្តាវិនិយោគិននៅមជ្ឈិមបូព៌ាដែលបានខាតបង់ប្រាក់ដោយសារការវិនិយោគនៅក្នុងសញ្ញាបណ្ណ «Credit Suisse AT1» អាចនឹងនៅចាំបានថា «នៅដើមឆ្នាំ ២០២១ អាមេរិកបានបង្កកទុនបម្រុងបរទេសរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន»។ នៅឆ្នាំ ២០២២ រុស្ស៊ីបានក្លាយជាគោលដៅនៃទណ្ឌកម្មហិរញ្ញវត្ថុទ្រង់ទ្រាយធំ។ ទណ្ឌកម្មទាំងនេះត្រូវបានដាក់ជាឯកតោភាគី ហើយគ្មានស្ថាប័នពហុភាគីណាមួយដើម្បីប្តឹងជំទាស់នឹងការដាក់ទណ្ឌកម្មនេះទេ។

ក្រៅពីអត្រាការប្រាក់ និងហានិភ័យឥណទានដែលគ្មានការគ្រប់គ្រង់ត្រឹមត្រូវ វិនិយោគិនទាំងអស់នៅពេលនេះក៏កំពុងប្រឈមមុខនឹងហានិភ័យនៃទណ្ឌកម្មភូមិសាស្ត្រនយោបាយផងដែរ។ ប្រព័ន្ធសេរីរបស់លោកខាងលិចធ្លាប់បានផ្តល់នូវគម្រូដ៏ពេញលេញនៃការធ្វើពាណិជ្ជកម្ម, ការផ្តល់ហិរញ្ញប្បទាន និងការទូទាត់ក្រោមឆត្រសន្តិសុខដែល បានផ្តល់នូវការធានារ៉ាប់រងដល់ភាគីពាក់ព័ន្ធក្នុងពេលកើតមានវិបត្តិហិរញ្ញវត្ថុ។

ប្រសិនបើប្រព័ន្ធនេះត្រូវបានប្រើប្រាស់ជាអាវុធដើម្បីដាក់ទណ្ឌកម្មលើអ្នកប្រើប្រាស់ណាមួយឬដើម្បីរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកទាំងនោះ បណ្តាប្រទេសផ្សេងៗប្រាកដជានឹងព្យាយាមស្វែងរកយន្តការណាដែលអាចផ្តល់នូវការធានារ៉ាប់រង។ សំណើរស្តីពី AMF គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតយន្តការស្វ័យធានារ៉ាប់រងមួយដែលនឹងជួយបន្ធូរបន្ថយហានិភ័យ ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មជាឯកតោភាគីក្រោមហេតុផលភូមិសាស្ត្រនយោបាយ។

អស់រយៈពេល ២៥ឆ្នាំ ចាប់ពី AMF ត្រូវបានស្នើឡើងដំបូង ទ្វីបអាស៊ីបានរីកលូតលាស់យ៉ាងគួរឱ្យកត់សម្គាល់ បូករួមនឹងការរះឡើងរបស់ចិន, ឥណ្ឌា និងអាស៊ាន ដែលកំពុងបង្វែរតុល្យភាពអំណាចចេញពីសណ្តាប់
ធ្នាប់ឯកប៉ូលទៅជាសណ្តាប់ធ្នាប់ពហុប៉ូល។ តំបន់អាស៊ីបូព៌ានិងអាស៊ីខាងត្បូង គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិនតែឯង មានចំណែក ១/៣ នៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២២។

អាស៊ានទាំងមូលនឹងក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ របស់ពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ទាំងក្នុងចំនួនប្រជាជននិង GDP។ នៅពេលប្រព័ន្ធហិរញ្ញវត្ថុភាគច្រើនរបស់តំបន់អាស៊ីបូព៌ា និងអាស៊ីខាងត្បូងត្រូវបានគ្របដណ្តប់ដោយធនាគារដែលមួយផ្នែកធំជារបស់រដ្ឋ តំបន់នេះកំពុងវាយតម្លៃឡើងវិញថា «តើខ្លួនគួរបន្តពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកជារូបិយបណ្ណគន្លឹះសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងសម្រាប់ការផ្តល់ហិរញ្ញប្បទានបរទេសដែរឬទេ»។

ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជាអាវុធ បានធ្វើឱ្យវិនិយោគិននិងអ្នកធ្វើគោលនយោបាយ បានត្រៀមខ្លួនរួចជាស្រេចចំពោះហានិភ័យដែលអាចចេញពីការត្រូវបានគេរឹបអូសយក ឬបង្កកប្រាក់បញ្ញើ, ទ្រព្យសម្បត្តិ ឬប្រព័ន្ធទូទាត់របស់ពួកគេនៅក្នុងករណីកើតមានការខ្វែងគំនិតផ្នែកភូមិសាស្ត្រនយោបាយជាមួយលោកខាងលិច។ អាស៊ាននិងអាស៊ីខាងត្បូងមិនចង់កាន់ជើងភាគីណាមួយនោះទេ ក៏ប៉ុន្តែពួកគេក៏មិនអាចកាត់បន្ថយល្បឿនសេដ្ឋកិច្ចរបស់ពួកគេដើម្បីបំពេញចិត្តភាគីណាមួយនោះដែរ។

ប្រសិនបើការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកបន្តធ្លាក់ ចុះដល់កម្រិតខ្លាំង «Great Depression» ដូចនៅទសវត្សរ៍ឆ្នាំ ១៩៣០ បណ្តាប្រទេស Global South ចាំបាច់ត្រូវតែធានាឱ្យបាននូវប្រភពផ្ទាល់ខ្លួនសម្រាប់ការធ្វើពាណិជ្ជកម្ម, កំណើនសេដ្ឋកិច្ច និងហិរញ្ញប្បទាន។ បើយោងតាមពាក្យសម្តីរបស់លោក Eisuke Sakakibara ដែលជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនដែលធ្លាប់បានដឹកនាំយុទ្ធនាការជំរុញសំណើរ AMF នៅឆ្នាំ ១៩៩៧ សំណើរនេះមិនមានគោលបំណងបង្កើត IMF របស់អាស៊ីទេ។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (ASEAN+3 Macroeconomic Research Office – AMRO) បានដើរតួនាទីជាអ្នកស្រាវជ្រាវ និងសង្កេតយ៉ាងយកចិត្តទុកដាក់សម្រាប់តំបន់។ យន្តការដោះដូររបស់ធនាគារកណ្តាលគឺ «គំនិតផ្តួចផ្តើមឈៀងម៉ៃ» (Chiang Mai Initiative) គឺជាសំណាញ់សុវត្ថិភាពដែលមានភាពល្អប្រសើរជាងមុន (បើទោះបីជាមិនទាន់បានធ្វើតេស្តសាកល្បងនៅឡើយក៏ដោយ) សម្រាប់តម្រូវការសាច់ប្រាក់ងាយស្រួលរបស់បណ្តាធនាគារកណ្តាលជាសមាជិក។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) និងធនាគារអភិវឌ្ឍថ្មី (New Development Bank) បានជួយបំពេញបន្ថែមនូវការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នដែលធ្លាប់ត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍអាស៊ី និងស្ថានប័នផ្តល់កម្ចីពហុភាគីផ្សេងៗទៀត។ ប្រសិនបើអាមេរិកបង្កើនការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ នោះស្ថាប័ន AMF 2.0 ឬស្ថាប័នប្រហាក់ប្រហែលគ្នាផ្សេងទៀតអាចនឹងត្រូវបានប្រើជាវិធានការទប់ទល់ដែលអាចឈានឆ្ពោះទៅរកការធ្វើបដិ-ដុល្លារភាវូបនីយកម្ម។

អ្វីៗទាំងអស់គឺអាស្រ័យទៅលើបញ្ហាថា «តើលោកខាងលិចអាចនឹងមានការយល់ឃើញដូចពិភពលោកទាំងមូលដែរឬទេពាក់ព័ន្ធនឹងព្រំដែនស្របច្បាប់នៃប្រាក់ដុល្លារ ឬការប្រើប្រាស់រូបិយវត្ថុបម្រុង»។ «គ្មានសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ណាអាចទ្រាំទ្របាន នឹងទណ្ឌកម្មជាឯកតោភាគីដែលត្រូវបានដាក់ដោយ សម្អាងទៅលើអំណាចដែលខ្លួនមាននោះទេ»៕

East Asia Forum

អត្ថបទទាក់ទង