ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃនេះ
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នហើយ ដើម្បីឱ្យពលរដ្ឋធ្វើដំណើរឱកាសបុណ្យចូលឆ្នាំថ្មី។
រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។
ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ៕