ខ្មែរប៉ុស្ដិ៍ Close

ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ស្នើសុំការផ្តល់អនុសាសន៍ពីនាយករដ្ឋមន្ត្រីកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 88
ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ស្នើសុំការផ្តល់អនុសាសន៍ពីនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ស្នើសុំការផ្តល់អនុសាសន៍ពីនាយករដ្ឋមន្ត្រីកម្ពុជា

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយពិភាក្សាការងារមួយចំនួនជាមួយ លោក LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី នៅវិមានសន្តិភាព  ។ ក្នុងឱកាសនោះ លោក LAU Peet Meng បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកធ្លាប់បានមកកាន់កម្ពុជា កាលពីឆ្នាំ២០២០ ហើយពេលនេះ លោកឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថិរភាព ។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោក LAU Peet Meng បានគោរពសម្ដែងការអបអរសាទរជូនដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ជាពិសេស ពេលដែលពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។ លោក LAU Peet Meng បានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។

ក្នុងឱកាសនោះដែរ លោក LAU Peet Meng បានគោរពសុំអនុសាសន៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែខ្លាំងឡើង ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក LAU Peet Meng ដែលបានវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា និងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបានមកពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើឲ្យសិង្ហបុរី លើកទឹកចិត្ត និងជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ដោយជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ៕



អត្ថបទទាក់ទង