ខ្មែរប៉ុស្ដិ៍ Close

សេដ្ឋកិច្ចកម្ពុជាកំពុងបង្កើនការការពារខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 87
សេដ្ឋកិច្ចកម្ពុជាកំពុងបង្កើនការការពារខ្លួន សេដ្ឋកិច្ចកម្ពុជាកំពុងបង្កើនការការពារខ្លួន

សំណង់អគារដែលនៅមិនទាន់សាសង់រួចជាច្រើនដែលស្ថិតនៅអមដងផ្លូវនៃខេត្តព្រះសីហនុ និងដែលភាគច្រើនត្រូវបានកាន់កាប់ដោយវិនិយោគិនចិន អាចជាសញ្ញាបញ្ជាក់អំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៣។ ការហក់ឡើងនៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២ ជាមួយនឹងកំណើន GDP ចំនួន ៤,៨% មានសភាពយឺតយ៉ាវជាងអ្វីដែលមនុស្សជាច្រើនបានរំពឹងទុក។

សម្រាប់ឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់យកកំណើនសេដ្ឋកិច្ចចំនួន ៦,៦% ដែលជាមហិច្ឆតាមួយដែលត្រូវបានយល់ស្របដោយបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ប៉ុន្តែធនាគារពិភពលោកបានព្យាករនូវកំណើន GDP ទាបជាងនេះ ពោលគឺក្នុងចំនួនត្រឹមតែ ៥,២% ប៉ុណ្ណោះ ដោយយោងទៅលើចក្ខុវិស័យដ៏អាប់អួរនៃសេដ្ឋកិច្ចពិភពលោក។

ក្នុងនាមជាប្រទេសតូចមួយដែលផ្តោតលើការនាំចេញ កម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមធំៗជាច្រើន ខណៈដែលកំណើនពាណិជ្ជកម្មពិភពលោកក៏កំពុងថមថយ។ ឧបសគ្គចម្បងមួយក្នុងការអាចសម្រេចបាននូវគោលដៅកំណើន GDP របស់រដ្ឋាភិបាល អាចមានជាប់ទាក់ទងនឹងវិស័យទេសចរណ៍ ដែលនៅមិនទាន់អាចងើបឡើងវិញពីការដួលរលំ ដែលបង្កឡើងដោយវីរុសកូវីដ-១៩។

ការព្យាករសេដ្ឋកិច្ចរបស់កម្ពុជាបានពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍អន្តរជាតិ។ ប៉ុន្តែជាមួយនឹងការផ្ទុះឡើងថ្មីៗនៃវីរុសកូវីដ-១៩ វិស័យដែលរកចំណូលបាននាំមុខគេរបស់កម្ពុជា កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំង។

មូលហេតុចម្បងនៃបញ្ហាទាំងនេះគឺ «ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន» ដែលបង្កឡើងដោយគោលនយោបាយ «ZERO COVID» និងការបិទខ្ទប់ដ៏តឹងរ៉ឹងដែលទើបត្រូវបានលុបចោលនៅចុងខែធ្នូ ឆ្នាំ ២០២២។ ការនាំចេញផ្នែកកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិនដែលជាវិនិយោគិនដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០១០ មក បានបន្តរងនូវការជាប់គាំង។

វិស័យទេសចរណ៍ទៅក្រៅប្រទេសរបស់ចិនក៏បានដួលរលំផងដែរ ហើយបញ្ហានេះបានធ្វើឱ្យបណ្តាឆ្នេរសមុទ្រ និងរមណីយដ្ឋានរបស់កម្ពុជាប្រែជាស្ងាត់ជ្រងំ, សណ្ឋាគារនិងអគារខុនដូមិនអាចបញ្ចប់ការសាងសង់ ខណៈដែលប្រតិបត្តិការនៅព្រលានយន្តហោះអន្តរជាតិតារាសាគរដែលត្រូវបានអភិវឌ្ឍដោយចិនក៏ត្រូវបានផ្អាក។

មហិច្ឆតាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺពឹងផ្អែកទៅលើការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិន។ ជាមួយនឹងភាពរីករាយចំពោះវិធានការរបស់ចិនក្នុងការបើកវិស័យទេសចរណ៍ឡើងវិញចាប់ពីដើមខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការរំពឹងទុកថា «ការកើនឡើងនៃការមកដល់នៃភ្ញៀវទេសចរចិននឹងជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពលវែងនៅកម្ពុជា»។

ប្រទេសចិនមិនត្រឹមតែជាប្រភពទីផ្សារដ៏ធំរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជនជាតិចិនក៏តំណាងឱ្យចំណែកនៃការចាយវាយដ៏ធំបំផុតនៃភ្ញៀវទេសចរអន្តរជាតិទាំងអស់ផងដែរ។ ខណៈការវិលត្រឡប់របស់ចិនចូលទៅកាន់ទីផ្សារអន្តរជាតិអាចនឹងកើតមានឡើង កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុតក្នុងនាមជាប្រធានអាស៊ាន។

ជាមួយនឹងការព្យាយាមបង្កើនការទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិ លោក ហ៊ុន សែនបានធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូជាច្រើនដែលបាននាំមកជាមួយនូវប្រេសិតពាណិជ្ជកម្មរបស់ពួកគេមកកាន់កម្ពុជា។ បន្ថែមពីលើការបន្តវិនិយោគ និងការបន្តផ្តល់ជំនួយអភិវឌ្ឍពីប្រទេសចិន ការធ្វើពាណិជ្ជកម្មត្រូវបានលើកយកមកពិភាក្សាជាមួយប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក។

ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ២ បានចូលជាធរមាននៅឆ្នាំ ២០២២ ដែល នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីមួយទៀតក៏ត្រូវបានចុះហត្ថលេខាផងដែរជាមួយប្រទេសកូរ៉េខាងត្បូងផងដែរ។ កិច្ចព្រមព្រៀងស្រដៀងគ្នាផ្សេងៗទៀតក៏កំពុងស្ថិតក្រោមដំណើរការជាមួយប្រទេសបង់ក្លាដែស និងជប៉ុន ផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លីម ហេង បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ប្រទេសកម្ពុជាមិនរើសអើងចំពោះការវិនិយោគនោះទេ ហើយតែងតែស្វាគមន៍ចំពោះវិនិយោគិនទាំងអស់ ដោយមិនផ្តោតតែទៅលើប្រទេសចិននោះទេ»។ ការលើកឡើងនេះបានជួយបន្ទរគោលនយោបាយការបរទេសរបស់កម្ពុជាស្តីពីការមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើភាពប្រាកដនិយមផ្នែកសេដ្ឋកិច្ច និងនយោបាយ។

យុទ្ធសាស្ត្រការពារផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា បានផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារនាំចេញរបស់ខ្លួន ក៏ប៉ុន្តែយុទ្ធសាស្ត្រនេះក៏បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ ការដកចេញនូវពន្ធគយដ៏ខ្ពស់លើការនាំចូលដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជួយជំរុញការវិនិយោគ, ពង្រឹងផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។

ប៉ុន្តែក្នុងពេលទន្ទឹមគ្នានេះដែរ ប្រទេសកម្ពុជាកំពុងជួបប្រទះនូវឱនភាពពាណិជ្ជកម្មរយៈពេលវែងដែលត្រូវគេរំពឹងថានឹងមានសភាពកាន់តែអាក្រក់នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយសារតែការកើនឡើងនៃការនាំចូល។ បើទោះបីជាមានការហក់ឡើងនៃការវិនិយោគផ្ទាល់ពីបរទេសក៏ដោយ ក៏ប្រទេសកម្ពុជានៅមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងបទបញ្ញត្តិនានា ដើម្បីពង្រឹងការប្រកួតប្រជែងជាមួយបណ្តាប្រទេសអាស៊ាន និងដើម្បីទាក់ទាញការវិនិយោគចូលមកក្នុងប្រទេស។

វិស័យទេសចរណ៍នៅតែជាវិស័យនាំមុខគេសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស បើទោះបីជាបានរងនូវផលប៉ះពាល់ដោយសារការរាតត្បាតនៃវីរុសក៏ដោយ។ ការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសភាគ ច្រើនបានផ្តោតលើទីតាំងទេសចរណ៍សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេស និងដែលត្រូវបានគេរំពឹងថា នឹងបង្កើតការងារថ្មីៗបានចំនួន ១ ៦០០ កន្លែង បន្ទាប់ពីការដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ។

នៅទីនោះ ក្រុមហ៊ុនសារជីវកម្ម Hodo Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិននឹងបើកដំណើរការរោងចក្រផលិតសំបកកង់រថយន្ត ដែលកែច្នៃពីជ័រកៅស៊ូដែលជាវិស័យនាំមុខគេមួយរបស់កម្ពុជាក្នុងការបង្កើតការងារ និងការវិនិយោគ។ តំបន់សេដ្ឋកិច្ចពិសេសគឺជាទីតាំងផលិតកម្មដែលផ្តោតលើការនាំចេញ និងដែលភាគច្រើនត្រូវបានប្រតិបត្តិការ និងមានម្ចាស់ជាជនជាតិបរទេស។

ក្រៅពីការជំរុញ GDP តំបន់សេដ្ឋកិច្ចពិសេសបានផ្តល់នូវគុណតម្លៃដែលមិនសូវច្បាស់លាស់ចំពោះសេដ្ឋកិច្ចកម្ពុជា។ ដូចគ្នានេះដែរ GDP គឺជារង្វាស់ ដែលមិនអាចទុកចិត្តបានលើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេស ដោយសារវាបានជួយលាក់បាំងនូវវិសាលភាពនៃវិសមភាពសង្គម, ប្រាក់ឈ្នួលទាប និងភាពក្រីក្រនៅតាមតំបន់ជនបទ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

បើទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរង្វង់ប្រមាណ ១% ជារៀងរាល់ឆ្នាំនៅក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅនេះក៏ដោយ ក៏ពលរដ្ឋកម្ពុជាចំនួន ១៨% នៅតែបន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ អស់ជាច្រើនទសវត្សរ៍មកហើយ សេដ្ឋកិច្ចកម្ពុជាត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយម្ចាស់ជាជនជាតិបរទេស ហើយបើទោះបីជាកំណើនសេដ្ឋកិច្ចមានភាពរឹងមាំក៏ដោយ ក៏ការធ្វើនវានុវត្តន៍នៅតែមិនមែនជាចំណុចខ្លាំងរបស់កម្ពុជានៅឡើយ។

គំរូបច្ចេកវិទ្យា និងធុរកិច្ចថ្មីៗ កម្រត្រូវបានអភិវឌ្ឍឡើងដោយបណ្តាអាជីវកម្មដែលមានម្ចាស់ជាជនជាតិកម្ពុជាណាស់។ សូម្បីតែនៅក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកស្គុសស្គាយ ក៏ក្រុមហ៊ុនថ្មីថ្មោងនៅក្នុងស្រុកបានបន្តប្រឈមមុខនឹងឧបសគ្គជាច្រើន។

បណ្តាមេដឹកនាំនយោបាយ និងធុរកិច្ចបានបរាជ័យក្នុងការបង្កើត និងអនុវត្តគោលនយោបាយដើម្បីពន្លឿនភាពធន់រឹងនៃសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ បើទោះបីជាចីរភាពតែងត្រូវបានចាត់ទុកជាចំណុចអាទិភាពនៅក្នុងគម្រោងជាច្រើនក៏ដោយ ក៏ចីរភាពនៃកំណើនសេដ្ឋកិច្ចនៅតែជាក្តីព្រួយបារម្ភដ៏ចម្បង៕

East Asia Forum