ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី ២៨ធ្នូ-០៣មករា ឆ្នាំ២០២៣ ធាតុអាកាសនៅកម្ពុជាបន្តចុះត្រជាក់ជាងមុន
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
- ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។
២. តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
- ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។
៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕