សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នាពេលខាងមុខរាជរដ្ឋាភិបាល ត្រូវសាងសង់ស្ពានចំនួន ៣បន្ថែមទៀត ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការអភិវឌ្ឍសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ បងប្អូនខ្មែរជាង២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្ពានទាំង៣ ដែលត្រូវសាងសង់បន្ថែមនេះរួមមាន៖
ស្ពានទី១ នឹងបើកការដ្ឋាននៅដើមខែមករា ឆ្នាំ២០២៣ ដែលឆ្លងកាត់ទន្លេមេគង្គ ត្រង់ខេត្តក្រចេះ។ ស្ពាននេះមានការចាំបាច់សម្រាប់តភ្ជាប់ពីខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ធំ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកន្លងមកត្រូវធ្វើដំណើរទៅខេត្តកំពង់ធំ ត្រូវឆ្លងចូលខេត្តត្បូងឃ្មុំ និងកំពុងចាម ប៉ុន្តែនៅពេលស្ពានថ្មីនេះសាងសង់រួច គឺធ្វើដំណើរពីក្រចេះទៅកំពង់ធំដែរម្តង។
ស្ពានទី២ នៅរាជធានីភ្នំពេញ គឺជាស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ ដែលបានចុះហត្ថលេខាទទួលឥណទានពីកូរ៉េ នូវទឹកប្រាក់ប្រមាណជិត ២៥០លានដុល្លារ។ ស្ពាននេះត្រូវសាងសង់ស្ពានចំនួន២ ដែលទី១ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ និងទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល)។
ស្ពានទី៣ នៅរាជធានីភ្នំពេញផងដែរ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ស្ពាននេះមានតួនាទី ក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ទាំងអស់នេះសុទ្ធសឹងជាគម្រោង ត្រូវជំរុញកំណើនសេដ្ឋកិច្ច មានទឹក មានផ្លូវ មានភ្លើង មានធនធានមនុស្សទើបយើងអភិវឌ្ឍន៍ប្រទេសជាតិបាន»៕