សមុទ្រចិនខាងត្បូង៖ ខណៈពេលដែលអាមេរិកកំពុងសម្លឹងមើលការត្រលប់មកកាន់តំបន់ឈូងសមុទ្រ Subic តើការបង្ខិតបង្ខំរបស់ប្រទេសចិនចំពោះប្រទេសហ្វីលីពីនពិតជារឿងសម ហេតុផលដែឬទេ?
សំណើនៃការត្រឡប់មកវិញនៃកងកម្លាំងអាមេរិកទៅកាន់អតីតមូលដ្ឋានយោធាដ៏ធំនៅក្នុងប្រទេសហ្វីលីពីន ក្រោយការអវត្តមានអស់រយៈពេល ៣ ទសវត្សរ៍ នឹងក្លាយជាការបង្កើនការប្រកួតប្រជែងរបស់មហាអំណាចនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលវាគឺជាការផ្តល់ទម្ងន់បន្ថែមទៀតទៅលើទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។
ឈូងសមុទ្រ Subic ធ្លាប់ជាទីតាំងរបស់មូលដ្ឋានទ័ពជើងទឹកដ៏ធំបំផុតរបស់អាមេរិកនៅអាស៊ីដែលមានទំហំស្ទើរតែប៉ុនប្រទេសសិង្ហបុរីទាំងមូល ប៉ុន្តែការខ្វែងគំនិតគ្នាលើតម្លៃជួលកាលពីយុគសម័យក្រោយសង្គ្រាមត្រជាក់ បានធ្វើឱ្យមានការដកកងទ័ពអាមេរិកចេញពីកន្លែងនោះកាលពីឆ្នាំ ១៩៩២។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗអាចនឹងមានការផ្លាស់ប្តូរ បន្ទាប់ពីមានរបាយការណ៍កាលពីចុងខែមុនថា ទីតាំងនេះនឹងក្លាយជាទីតាំងថ្មីក្រោមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន (EDCA) ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចសាងសង់ និងធ្វើប្រតិបត្តិការនៅលើមូលដ្ឋានយោធាហ្វីលីពីន សម្រាប់ការស្នាក់នៅរយៈពេលយូរ។
ក្រោយការចុះហត្ថលេខាជាលើកដំបូងកាលពីឆ្នាំ ២០១៤ កិច្ចព្រមព្រៀង EDCA ត្រូវបានទុកមួយឡែកបន្ទាប់ពីអតីតប្រធានាធិបតី Rodrigo Duterte បានចូលកាន់តំណែងនៅក្នុងឆ្នាំ ២០១៦ ខណៈរូបគាត់បានសម្លឹងឃើញការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។
ប៉ុន្តែឥឡូវនេះ កិច្ចព្រមព្រៀងខាងលើនេះត្រូវបានយកមកប្រើប្រាស់ឡើងវិញក្រោមការដឹកនាំរបស់លោក Ferdinand Marcos Jnr ហើយក្រសួងការពារជាតិបានចេញនូវសេចក្តីថ្លែងការណ៍មួយកាលពីខែមុនដោយបាននិយាយថា ហ្វីលីពីនកំពុងធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីពន្លឿនគម្រោង EDCA នៅកន្លែងដែលមានស្រាប់ និង «ការស្វែងរកទីតាំងថ្មីដើម្បីបង្កើនជំហរការពារទៅវិញទៅមក ដែលគួរឱ្យជឿជាក់ជាងមុន»។
ទីតាំងរបស់កិច្ចព្រមព្រៀង EDCA ដែលមានស្រាប់ រួមមានមូលដ្ឋានទ័ពអាកាស Cesar Basa ដែលមានចម្ងាយប្រហែល ៥៥ គីឡូម៉ែត្រពីឈូងសមុទ្រ Subic, មូលដ្ឋាន Fort Ramon Magsaysay ស្ថិតនៅកណ្តាលតំបន់ Luzon ដែលជាមូលដ្ឋានយោធាធំបំផុតរបស់ប្រទេសហ្វីលីពីន និងស្ថានីយ៍មូលដ្ឋានអាកាសយានដ្ឋាន Lumbia នៅលើកោះ Mindanao ភាគខាងត្បូង។
ឈូងសមុទ្រ Subic ជាទីតាំងមួយស្ថិតនៅក្នុងចំណោមទីតាំងបន្ថែមចំនួន ៥ ដែលមេបញ្ជាការយោធាហ្វីលីពីន ឧត្តមសេនីយ៍ឯក Bartolome Vicente Bacarro បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីខែមុនថា សហរដ្ឋអាមេរិកបានសម្តែងនូវការចាប់អារម្មណ៍ មុនពេលដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក Kamala Harris មកកាន់ប្រទេសនេះ។
ទីតាំងបន្ថែមទាំងនេះអាចនឹងត្រូវបានបញ្ជាក់ច្បាស់នៅដើមខែធ្នូ ឬខែមករានេះបើយោងតាមការឱ្យដឹងរបស់លោក Collin Koh ដែលជាអ្នកស្រាវជ្រាវនៅសាលា S. Rajaratnam School of International Studies នៅប្រទេសសិង្ហបុរី។ លោកបាននិយាយថា «ទីក្រុងម៉ានីលទំនងជានឹងពន្លឿនដំណើរការអនុម័តខណៈពួកគេកំពុងមើលឃើញនូវការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដូចជាករណីការបំផ្ទុះគ្រាប់រ៉ុក្កែតនៅពេលថ្មីៗនេះ ខណៈយោធាហ្វីលីពីនបាននិយាយថា ពួកគេត្រូវបានចាប់ខ្លួនដោយឆ្មាំសមុទ្រចិន»។
លោក Koh បាននិយាយថា លោក Marcos អាចនឹងផ្អាកចំពោះការបញ្ជាក់ទៅលើទីតាំងកិច្ចព្រមព្រៀង EDCA ថ្មីរហូតដល់បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គាត់ទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយនេះសិន ដើម្បីចៀសវាង «ការបង្កឱ្យមានរឿងមិនល្អ» ពីសំណាក់មន្ត្រីចិន ហើយការពង្រីកកិច្ចព្រមព្រៀងនេះប្រាកដណាស់គឺនឹងត្រូវលើកយកមកធ្វើការពិភាក្សានៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី។
លោក Koh បាននិយាយថា ការវិលត្រឡប់របស់កងទ័ពអាមេរិកមកកាន់ឈូងសមុទ្រ Subic «នឹងក្លាយជារឿងដ៏គួរឱ្យព្រួយបារម្ភចំពោះទីក្រុងប៉េកាំង» ខណៈដែលប្រទេសហ្វីលីពីននឹង «អនុញ្ញាតឱ្យជនជាតិអាមេរិកពង្រឹងការឃ្លាំមើលទៅលើផ្លូវទឹកសំខាន់ៗដែលនៅជិតនោះ ជាពិសេសគឺច្រក Bashi ដែលជាច្រកយុទ្ធសាស្ត្រកម្រិតខ្ពស់» ។
លោកបាននិយាយថា សកម្មភាពខាងលើក៏នឹងអាចធ្វើឱ្យសហរដ្ឋអាមេរិកអាចពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ និងចូលរួមក្នុងសមយុទ្ធរួមគ្នាបន្ថែមទៀត ដូចជាសមយុទ្ធ Balikatan ប្រចាំឆ្នាំ ដែលមានការចូលរួមពីកងទ័ពអូស្ត្រាលី ក៏ដូចជាកងកម្លាំងសង្កេតការណ៍នៅក្នុងតំបន់ផ្សេងទៀត នៅពេលកន្លងមក។
ទាំងប្រទេសអូស្ត្រាលីនិងអាមេរិក សុទ្ធតែមានកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ចជាមួយហ្វីលីពីនរួចមកហើយ ដែលកិច្ចព្រមព្រៀងនេះបានអនុញ្ញាតឲ្យទាហានរបស់ពួកគេធ្វើប្រតិបត្តិការនៅលើទឹកដីហ្វីលីពីនបាន។
លោក Aries Arugay ដែលជាសាស្ត្រាចារ្យនៅវិទ្យាស្ថាន ISEAS-Yusof Ishak នៅក្នុងប្រទេសសិង្ហបុរីបានឱ្យដឹងថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុនឥឡូវនេះក៏ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងចង់បានកិច្ចព្រមព្រៀងនេះផងដែរ ហើយកិច្ចព្រមព្រៀងទាំងនេះគឺពិតជាមានទំហំធំ ព្រោះវាអាចធ្វើការហ៊ុំព័ទ្ធប្រទេសហ្វីលីពីនចូលទៅក្នុងប្រព័ន្ធសម្ព័ន្ធភាពរបស់អាមេរិកបាន។
ប្រទេសជប៉ុន និងហ្វីលីពីនមានទំនាក់ទំនងការពារជាតិជាមួយគ្នាយ៉ាងជិតស្និទ្ធរួចទៅហើយ ដោយទីក្រុងតូក្យូបានប្តេជ្ញាកាលពីឆ្នាំ ២០១៣ ដើម្បីជួយទីក្រុងម៉ានីលក្នុងការការពារ «កោះដាច់ស្រយាល» នៅក្នុងសមុទ្រចិនខាងត្បូងរបស់ពួកគេ ហើយថែមទាំងបានបញ្ជូនទាហានដែលគ្មានអាវុធ និងរថពាសដែកក្នុងរូបភាព «ជំនួយមនុស្សធម៌» នៅក្នុងសមយុទ្ធរួមគ្នារវាងអាមេរិកនិងហ្វីលីពីននៅឆ្នាំ ២០១៨ ទៀតផង។
ទន្ទឹមនឹងនេះ លោក Arugay បាននិយាយថា ប្រទេសជាសមាជិកអាស៊ានដទៃទៀតនឹងស្វាគមន៍យ៉ាងទូលំទូលាយចំពោះការកើនឡើងនៃវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្វីលីពីន ខណៈលោកបាននិយាយថា «អ្វីដែលបណ្តាប្រទេសជាសមាជិកអាស៊ានបានរិះគន់ចំពោះសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump នោះគឺការអវត្តមានរបស់អាមេរិកនៅក្នុងតំបន់តែម្តង»។
លោកបាននិយាយទៀតថា «សមាជិកអាស៊ានបានទន្ទឹងរង់ចាំការចូលរួមរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅក្នុងតំបន់ ហើយនេះគឺជាមូលហេតុដែលពួកគេជាច្រើនបានងាកទៅរកប្រទេសចិន ពីព្រោះពួកគេគិតថាសហរដ្ឋអាមេរិកមិនអាចទុកចិត្តបាន»។
លោក Arugay បានបន្ថែមទៀតថា ដោយសារទំហំ និងភូមិសាស្ត្រអំណោយផលរបស់ឈូងសមុទ្រ Subic ការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅកាន់អតីតមូលដ្ឋានទ័ពជើងទឹក «គឺពិតជាសមហេតុផល»។
លោក Gregory Poling ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិនៅក្នុងទីក្រុងវ៉ាស៊ីនតោន បានឯកភាពចំពោះរឿងនេះ បើទោះបីជាគាត់បានកត់សម្គាល់ផងដែរថា ទីតាំងនៃកិច្ចព្រមព្រៀង EDCA ដែលអាចកើតមាននៅក្នុងឈូងសមុទ្រ Subic នឹងមិនមានទំហំធំដូចមូលដ្ឋានចាស់របស់អាមេរិកក៏ដោយ។
លោកបាននិយាយថា «វានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសហ្វីលីពីនទាំងស្រុង ហើយទីក្រុងម៉ានីលនឹងត្រូវអនុម័តជាមុនសម្រាប់ការធ្វើសមយុទ្ធរួម និងការឆ្លាស់វេនកងកម្លាំងរបស់អាមេរិក»។
លោក Poling បាននិយាយថា «ការពង្រីកទីតាំងនៃកិច្ចព្រមព្រៀង EDCA នេះគឺជាការគូសបញ្ជាក់អំពីទំហំនៃការបន្តបង្ខិតបង្ខំរបស់ប្រទេសចិនដែលបានជំរុញឱ្យប្រទេសហ្វីលីពីនត្រូវធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកថាវាមានច្រើនប៉ុណ្ណា?»
South China Morning Post