ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាកម្ពុជាវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីដោះស្រាយភាពមិនច្បាស់លាស់?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 83
ហេតុអ្វីបានជាកម្ពុជាវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីដោះស្រាយភាពមិនច្បាស់លាស់? ហេតុអ្វីបានជាកម្ពុជាវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីដោះស្រាយភាពមិនច្បាស់លាស់?

វីរុសកូវីដ-១៩ បានបង្កើតបញ្ហាប្រឈមជាច្រើន ហើយវាមានលក្ខណៈកាន់តែធ្ងន់ធ្ងរជាមួយនឹងវត្តមាននៃសង្រ្គាមនៅអ៊ុយក្រែន ដែលជាហេតុបង្កនូវការរារាំងដល់ការងើបឡើងវិញ នៅទូទាំងពិភពលោក។ នៅកម្ពុជា ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចចុងក្រោយបង្អស់ ដែលត្រូវបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) បានប៉ាន់ប្រមាណថា «GDP នឹងកើនឡើង ៤,៩% នៅឆ្នាំនេះ បើធៀបនឹងការប៉ាន់ប្រមាណពីមុន ដែលមានចំនួនរហូតដល់ ៥,៤%»។

ការកែសម្រួលនេះគឺដោយសារតែការកើនឡើងនៃការចំណាយកាន់តែខ្ពស់លើការរស់នៅប្រចាំថ្ងៃដែលត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ស្បៀងអាហារ និងទំនិញចាំបាច់ផ្សេងៗទៀត។ ការធ្លាក់ចុះនៃកំណើនអាចត្រូវបានកាត់បន្ថយតាមរយៈការដាក់ចេញនូវវិធានការការពារសង្គមនិងវិធានការជំរុញផ្សេងៗទៀត។

ចាប់ពីឆ្នាំ ១៩៩១ (នៅពេលដែល UNDP ចាប់ផ្តើមការគណនា) រហូតដល់ឆ្នាំ ២០២០ សន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Development Index-HDI) ដែលជារង្វាស់នៃសុខុមាលភាពរបស់ប្រទេសមួយ ដោយពិចារណាលើទិដ្ឋភាពជាមូលដ្ឋានចំនួន៣ នៃការអភិវឌ្ឍធនធានមនុស្ស (សុខភាព, ការអប់រំ និងស្តង់ដារនៃការរស់នៅ) បានបន្តកើនឡើងជាលំដាប់។

វាបានធ្លាក់ចុះជាលើកដំបូងនៅក្នុងឆ្នាំ ២០២០ ហើយបន្ទាប់មកបានធ្លាក់ចុះម្តងទៀតនៅឆ្នាំ ២០២១ ដោយក្នុងនោះ ៩០% នៃបណ្តាប្រទេសនៅក្នុងពិភពលោក ក៏បានទទួលនូវការធ្លាក់ចុះផងដែរក្នុងរយៈពេល ១ ឆ្នាំ ឬទាំង ២ឆ្នាំ ដែលជាហេតុនាំមកនូវការលុបចោលនូវការរីកចម្រើនជាមធ្យមរយៈពេល ៥ ឆ្នាំនៃការអភិវឌ្ឍធនធានមនុស្ស។ ក្នុងអំឡុងពេល ២ឆ្នាំនេះ ប្រទេសកម្ពុជាបានរងនូវការធ្លាក់ចុះនៃការកើនឡើងនៃការអភិវឌ្ឍដែលខ្លួនធ្លាប់ទទួលបានយ៉ាងលំបាក។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅតែអាចទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២១ ដោយក្នុងនោះប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗបានកើនឡើង ៤ ដងដល់ចំនួន ៤ ០៧៨ ដុល្លារ, អាយុរំពឹងរស់ (Life Expectancy) បានកើនឡើងជាង ១៤ ឆ្នាំរហូតដល់អាយុជាង ៧០ ឆ្នាំ ហើយរយៈពេលសិក្សារបស់មនុស្សក៏បានកើនឡើងពី ២,៤ ឆ្នាំ ដល់ ៥,១ ឆ្នាំផងដែរ។

ជាមួយនឹងភាពប្រសើរឡើងនៃប្រាក់ចំណូល, សុខភាព និងការអប់រំ សន្ទស្សន៍ HDI របស់កម្ពុជាបានកើនឡើង ៥៦,៩% ដោយបានឈានដល់ការអភិវឌ្ឍធនធានមនុស្សកម្រិតមធ្យម និងបានធ្វើឱ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៤៦ ក្នុង ចំណោម ១៩១ ប្រទេស។ ការធ្លាក់ចុះរបស់កម្ពុជាដល់កម្រិត HDI ឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះជាមធ្យមនៅក្នុងពិភពលោក ដល់កម្រិតឆ្នាំ ២០១៦ បានបង្ហាញថា «ការឆ្លើយតបរបស់កម្ពុជាចំពោះវីរុសកូវីដ-១៩ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់»។

រាជរដ្ឋាភិបាលកម្ពុជាបានដំណើរការកម្មវិធីទាន់ពេលវេលា ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និង UNDP ដែលវាគឺជាយុទ្ធនាការមួយដែលត្រូវបានធ្វើឡើងនៅក្នុងឃុំទាំង ១ ៦៤៦ របស់កម្ពុជា ដើម្បីកំណត់ និងចុះបញ្ជីគ្រួសារក្រីក្រ និងងាយរងគ្រោះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវកម្មវិធីផ្ទេរសាច់ប្រាក់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

បន្ទាប់ពីរយៈពេល ១៧ ខែ និងជាមួយទឹកប្រាក់ចំនួន ៨០៦ លានដុល្លារដែលបានផ្តល់ដល់គ្រួសារជិត ៧០ម៉ឺន កម្មវិធីនេះបានជួយកាត់បន្ថយផលប៉ះពាល់ចំពោះ GDP, ភាពក្រីក្រនិងភាពគ្មានការងារធ្វើ។ របាយការណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ UNDP ឆ្នាំ ២០២២ ដែលទើបបានបង្ហាញកាលពីពេលថ្មីៗនេះ ដែលមានឈ្មោះថា «ពេលវេលាមិនប្រាកដប្រជា, ជីវិតដែលគ្មានស្ថិរភាព ៖ ការបង្កើតអនាគតរបស់យើងនៅក្នុងពិភពលោកនៃការផ្លាស់ប្តូរ» បានលាតត្រដាងឱ្យឃើញនូវបណ្តាញថ្មីនៃភាពមិនប្រាកដប្រជាដែលមានភាពប្រទាក់ក្រឡាគ្នា បូករួមទាំងវិបត្តិអាកាសធាតុ និងវិបត្តិជីវចម្រុះ, វិសមភាព ការបែកបាក់ផ្នែកនយោបាយ និងភាពចលាចលផ្នែកបច្ចេកវិទ្យា។

បញ្ហាទាំងនេះបាននិងកំពុងកើតឡើងក្នុងល្បឿននិងទំហំខ្លាំងក្លាជាងពីអ្វីដែលយើងធ្លាប់បានជួបប្រទះ ហើយវាកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមដែលមានទំនាក់ទំនងរវាងគ្នាយ៉ាងជ្រាលជ្រៅ។ ទន្ទឹមនឹងនេះដែរ ភាពមិនប្រាកដប្រជាកំពុងធ្វើឱ្យមនុស្សមានទុក្ខព្រួយកាន់តែខ្លាំង ខណៈដែលភាពតានតឹង, ភាពសោកសៅ, កំហឹងនិងការព្រួយបារម្ភកំពុងកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន។

តាមការប៉ាន់ប្រមាណ «ជាង ៣៥% នៃចំនួនប្រជាជនពិភពលោកបានទទួលរងបញ្ហាសុខភាពផ្លូវចិត្ត ដែលជាការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល បើប្រៀបធៀបនឹងកាលពីជាងមួយទសវត្សរ៍មុន»។ យោងតាមអង្គការ «Transcultural Psychosocial Organization» តួលេខនេះមានចំនួន ៤០% នៅក្នុងប្រទេសកម្ពុជា នៅមុនពេលកើតមានវីរុសរាតត្បាត ហើយចំនួននេះអាចនឹងកើនឡើងចាប់តាំងពីពេលនោះមក។

ករណីធ្វើអត្តឃាតនៅក្នុងប្រទេសកម្ពុជាក៏កំពុងកើនឡើងផងដែរ ដោយក្នុងនោះមាន ២៤២ ករណីគឺត្រូវបានរាយការណ៍ដោយនគរបាលជាតិនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ។ ការធ្វើអត្តឃាតបានជាប់ចំណាត់ថ្នាក់ទី២ ក្នុងនាមជាមូលហេតុចម្បងនៃការស្លាប់របស់យុវវ័យដែលមានអាយុចន្លោះពី ១៣ ដល់ ២៤ ឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍។

វិបត្តិសុខភាពផ្លូវចិត្តនេះកំពុងបង្កការបំផ្លាញដល់ការអភិវឌ្ឍធនធានមនុស្ស និងបានកាត់បន្ថយការរំពឹងទុក និងឱកាសរបស់មនុស្ស។ ជាមួយនឹងការក្រឡេកមើលទៅមុខ យើងអាចនឹងមើលឃើញនូវអនាគតដែលកាន់តែអាក្រក់ទៅ ដែលកូនៗរបស់យើងនឹងត្រូវជួបប្រទះ។ ប៉ុន្តែបញ្ហានេះពិតជាអាចបញ្ចៀសបាន។

វីរុសកូវីដ-១៩ បានលាតត្រដាងអំពីសារៈសំខាន់នៃការកសាងភាពរឹងមាំនៃសេដ្ឋកិច្ចសង្គម ហើយវាក៏បានបញ្ជាក់សារជាថ្មីផងដែរថា «កំណើនសេដ្ឋកិច្ចតែមួយមុខនឹងមិនគ្រប់គ្រាន់នោះទេក្នុងការដោះស្រាយបញ្ហា ប្រឈមនៅពេលបច្ចុប្បន្ន ឬក្នុងការដោះស្រាយការកើតឡើងនៃភាពមិនច្បាស់លាស់ដែលមានលក្ខណៈកាន់តែស្មុគស្មាញ»។

ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងការត្រៀមខ្លួនផ្នែកសេដ្ឋកិច្ចសង្គម ដើម្បីទប់ទល់នឹងការប៉ះទង្គិចនៅពេលអនាគត, គ្រប់គ្រងភាពស្មុគស្មាញដែលមិនច្បាស់លាស់ និងដើម្បីទាញយកសក្តានុពលនៅក្នុងពេលវេលាមិនច្បាស់លាស់។ ទាំងនេះនឹងតម្រូវឱ្យមានការផ្លាស់ប្តូរជាក់ស្តែងដែលផ្តោតលើការវិនិយោគ, ការធានារ៉ាប់រង និងការធ្វើនវានុវត្ត។

ការវិនិយោគនឹងមានភាពចាំបាច់នៅក្នុងផ្នែកថាមពលកកើតឡើងវិញ, ការត្រៀមខ្លួនសម្រាប់ការកើតមានវីរុសរាតត្បាតនៅពេលអនាគត និងគ្រោះថ្នាក់ធម្មជាតិធ្ងន់ធ្ងរ, ដំណោះស្រាយដែលផ្អែកទៅលើធម្មជាតិ ដើម្បីបន្ធូរបន្ថយសម្ពាធលើភពផែនដី, ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលនៅក្នុងសង្គមទាំងមូល។

ការធានារ៉ាប់រងបូករួមទាំងការគាំពារសង្គមនឹងជួយមនុស្សក្នុងការគ្រប់គ្រងភាពមិនច្បាស់លាស់ ខណៈដែលការធ្វើនវានុវត្តន៍នៅក្នុងវិស័យផ្សេងៗ (បច្ចេកវិទ្យា, សេដ្ឋកិច្ច និងវប្បធម៌) នឹងជួយបង្កើនសមត្ថភាពរបស់មនុស្សក្នុងការទប់ទល់នឹងភាពមិនច្បាស់លាស់និងបញ្ចេញសក្តានុពលរបស់ពួកគេក្នុងការធ្វើជាភ្នាក់ងារជំរុញការផ្លាស់ប្តូរ។

ការដោះស្រាយភាពមិនច្បាស់លាស់នឹងតម្រូវឱ្យមានការសន្ទនាដោយបើកចំហប្រកបដោយបរិយាប័ន្ន ដើម្បីពង្រឹងទំនុកចិត្ត និងលើកកម្ពស់លទ្ធភាពក្នុងការទទួលបានសេវាសង្គម និងទំនិញសាធារណៈប្រកបដោយប្រសិទ្ធភាព។ វាក៏នឹងតម្រូវឱ្យមានការអភិវឌ្ឍភាពរឹងមាំខាងផ្លូវចិត្តផងដែរ តាមរយៈការពង្រីកលទ្ធភាពក្នុងការទទួលបានសេវាសុខភាពផ្លូវចិត្ត សម្រាប់មនុស្សគ្រប់គ្នា។

កិច្ចព្រមព្រៀងដ៏អស្ចារ្យមួយអាចសម្រេចបានតាមរយៈការធ្វើការរួមគ្នាដើម្បីបង្កើនការវិនិយោគលើមនុស្ស, ការបង្កើនសេរីភាព សមត្ថភាព និងឱកាស។ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាដែលមានការកើនឡើងកាន់តែខ្លាំង រឿងដ៏ប្រាកដ ប្រជាបំផុតមួយគឺ «ការធ្វើអាជីវកម្មតាមធម្មតានឹងមិនអាចដំណើរការទៅមុខទេ»។ វាដល់ពេលហើយដែលយើងត្រូវគិតគូរឡើងវិញអំពីច្បាប់មូលដ្ឋាន និងការទទួលយក ក៏ដូចជាអំពីការ បង្កើតនូវក្តីសង្ឃឹមឡើងវិញ និងការតាក់តែងឡើងវិញនូវអនាគតផ្ទាល់របស់យើង៕

World Economic Forum