លោក ជិន ម៉ាលីន ៖ របាយការណ៍ WJP មានចរិតនយោបាយ និងមិនសមហេតុផល
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងនៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ នេះថា របាយការណ៍ដែលបង្ហាញថា កម្ពុជាអនុវត្តនីតិរដ្ឋទាបជាងគេបំផុត ដែលផ្សព្វផ្សាយដោយ WJP គឺមានចរិតនយោបាយ និងជារឿងមិនសមហេតុផលឡើយ។
ការចេញមុខមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានធ្វើឡើងបន្ទាប់ពី អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project ហៅកាត់ថា WJP) ដែលចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក គឺទី១៥ ក្នុងចំណោមប្រទេសចំនួន១៥ និងចំណាត់ថ្នាក់ជិតចុងក្រោយគេបំផុតគឺទី ១៣៩ ក្នុងចំណោមប្រទេសចំនួន ១៤០ នៅលើពិភពលោកទាក់ទិននឹងការគោរពនីតិរដ្ឋ។
លោក ជិន ម៉ាលីន បានលើកឡើងយ៉ាងដូច្នេះថា៖
«របាយការណ៍នេះ ជារបាយការណ៍ដែលមានមន្ទិលសង្ស័យច្រើន ហើយបើមើលទៅដូចមានចរិក និងរបៀបវារៈនយោបាយច្រើនជាង ស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោត ហើយមកដល់ពេលនេះយើងមិនដឹងពីវិធីសាស្ត្រដែលស្រាវជ្រាវ ការជ្រើសរើសសំណួរដែលត្រូវសួរ និងតួអង្គដែលត្រូវសួរ»។
លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា ចំណុចដែលពិបាកនឹងជឿ និងទទួលយកបាននោះ គឺប្រទេសមួយចំនួនកំពុងជួបប្រទះនូវភ្លើងសង្គ្រាម ប្រទេសមួយចំនួនមានគណបក្សនយោបាយតែមួយ មិនមានការបោះឆ្នោត ហើយប្រទេសមួយចំនួនទៀតដឹកនាំដោយរបបយោធា ប៉ុន្តែ បែរជាមានចំណាត់ថ្នាក់លើកម្ពុជា ផ្នែកនីតិរដ្ឋទៅវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានបន្ថែមថា
«មកដល់ពេលនេះ យើងធ្លាប់ស្នើសុំពីទិន្នន័យប្រមូលព័ត៌មាន ដើម្បីធ្វើការវាយតម្លៃ ក៏គេមិនផ្តល់ឱ្យយើងដែរ អញ្ចឹងរបាយការណ៍ពិបាកនឹងទទួលយក និងខុសការពិត ចំពោះស្ថានភាពជាក់ស្តែង»។
លោក ជិន ម៉ាលីន បានចាត់ទុកថា របាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project (WJP) ដែលបានចេញផ្សាយនេះ គឺមិនខុសពីរបាយការណ៍មុនៗ ដែលបង្ហាញយ៉ាងច្បាស់ថា មានចរិកជានយោបាយច្រើនជាងឡើយ៕
Fresh News