ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យ៖ ក្រុមបរទេសនិយម បន្តប្រើប្រាស់ស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីស ដើម្បីបម្រើរបៀបវារៈនយោបាយតែប៉ុណ្ណោះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 34
អ្នកនាំពាក្យ៖ ក្រុមបរទេសនិយម បន្តប្រើប្រាស់ស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីស ដើម្បីបម្រើរបៀបវារៈនយោបាយតែប៉ុណ្ណោះ អ្នកនាំពាក្យ៖ ក្រុមបរទេសនិយម បន្តប្រើប្រាស់ស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីស ដើម្បីបម្រើរបៀបវារៈនយោបាយតែប៉ុណ្ណោះ

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះថា រហូតមកពេលនេះ ក្រុមបរទេសនិយម នៅតែបន្តយកស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់តាំងពីរដ្ឋាភិបាលកម្ពុជាបង្កើតឡើងកាលពីឆ្នាំ១៩៩៣នោះ មកប្រើប្រាស់ជាមូលដ្ឋានរិះគន់រដ្ឋាភិបាល ដើម្បីបម្រើរបៀបវារៈនយោបាយ ក្នុងចេតនាចង់ឱ្យបរទេសចូលមកលុកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជាតែប៉ុណ្ណោះ។

ការបញ្ជាក់បែបនេះរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកនយោបាយមួយចំនួនតូច ព្រមទាំងសកម្មជនសិទ្ធិមនុស្សមួយចំនួនតូច ដែលមានទំនោរបរទេសនិយម បន្តរិះគន់លើការអនុវត្តន៍ច្បាប់ទៅលើបុគ្គលមួយចំនួនតូច ដែលមានចេតនាបង្កចលាចលក្នុងសង្គមកម្ពុជា ដែលកំពុងតែទទួលបានសុខសន្តិភាព សេរីភាពពេញលេញក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងស្មារតីកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស ពេលនេះជារដូវកាលសម្រាប់ក្រុមបរទេសនិយម ដែលតែងតែចង់ឱ្យបរទេសចូលមកឈ្លានពាន ត្រួតត្រា លុកលាន់ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមបន្តប្រើប្រាស់ជាមូលដ្ឋានក្នុងការរិះគន់ បន្តុះបង្អាប់រដ្ឋាភិបាល ដែលពួកគេតែងធ្វើជាហូរហែរ និងជាទម្លាប់នយោបាយរបស់ពួកគេ»។

ជាមួយគ្នានេះដែរ លោកលើកឡើងថា ផ្អែកលើគោលការណ៍ច្បាប់ជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ការដែលយកស្មារតី និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកជជែកគ្នានាពេលបច្ចុប្បន្ននេះ ក៏វាមិនត្រឹមត្រូវដែរ មានន័យថាស្មារតីនៃកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចប់រួចទៅហើយនៅពេលដែលកម្ពុជា បានរៀបចំការបោះឆ្នោត នៅឆ្នាំ១៩៩៣ រហូតបង្កើតបានរដ្ឋាភិបាលចម្រុះ ព្រមទាំងតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដឹកនាំប្រទេសដោយបញ្ចូលខ្លឹមសារ និងគោលការណ៍គ្រឹះសំខាន់ៗពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា៖ «អញ្ចឹងទេ អ្វីដែលគួរពិភាក្សានាពេលបច្ចុប្បន្ននេះ មិនថាតើរដ្ឋាភិបាលបានអនុវត្តតាមស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីស ហើយឬនៅនោះទេ? អ្វីដែលគួរពិភាក្សាថាតើរដ្ឋាភិបាល បានអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែរ ឬអត់ មិនមែនស្មារតីកិច្ចព្រមព្រៀមទីក្រុងប៉ារីសនោះទេ?»។

បន្ថែមពីនេះ លោក ជិន ម៉ាលីន បានបន្តថា រដ្ឋាភិបាលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជាពិសេសគោលការណ៍គ្រឹះទាំង៤ ពាក់ព័ន្ធនឹងការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមាននៅក្នុងកិច្ចព្រមព្រៀមទីក្រុងប៉ារីស ហើយត្រូវបានយកមកបញ្ចូលទាំងស្រុងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ រួមមានទី១៖ គោលការណ៍ពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រគ្រងរាជតែមិនកាន់អំណាច, ទី២៖ ការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស, ទី៣៖ គោលការណ៍ នីតិរដ្ឋ និងទី៤៖ គោលការណ៍សិទ្ធិ និងសេរីភាព។

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សរូបនេះ បានឱ្យដឹងថា «សម្រាប់ការអនុវត្តន៍ច្បាប់ ដូចការរំលាយគណបក្សនយោបាយមួយចំនួនដែលបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ការផ្តន្ទាទោសសកម្មជននយោបាយមួយចំនួនដែលបំពានច្បាប់ ទាំងនេះគឺជាការអនុវត្តតាមវិធានការច្បាប់ធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ។ ចំណែកឯលទ្ធផលកាលបោះឆ្នោតថាមានគណបក្សនយោបាយចំនួនប៉ុន្មាននៅក្នុងរដ្ឋសភា ដូចជាគណបក្សមួយ ឬច្រើន នេះគឺជាលទ្ធផលនៃការបោះឆ្នោត និងជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋតាមបែបប្រជាធិបតេយ្យ ដូច្នេះ គឺមិនប៉ះពាល់ដល់ការរំលោភបំពានលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនោះទេ»។

ជុំវិញការដឹកនាំប្រទេសជាតិ ឱ្យស្របតាមស្ថានភាពតម្រូវការជាក់ស្តែង លោក ជិន ម៉ាលីន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតឱ្យមានច្បាប់តាមបែបបទប្រជាធិបតេយ្យ មានការធ្វើវិសោធនកម្មច្បាប់ចាស់ ព្រមទាំងបង្កើតច្បាប់ថ្មីមួយចំនួនឱ្យស្របតាមបរិបទសង្គមកម្ពុជា និងធានាការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ក្នុងការការពារ ថែរក្សា សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

ទន្ទឹមនឹងនេះ លោក ជិន ម៉ាលីន បានគូសបញ្ជាក់ជម្រាបថា៖ «សម្រាប់គោលការណ៍សិទ្ធិ សេរីភាព ត្រូវបានលើកតម្កើង និងការពារយ៉ាងខ្ជាបខ្ជួន ក៏ប៉ុន្តែមានក្រុមប្រឆាំងមួយចំនួន បានឆ្លៀតយកឱកាសប្រើលេសនៃការអនុវត្តសិទ្ធិសេរីភាព ដើម្បីប្រព្រឹត្តបទល្មើស បង្កឱ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខជាតិ ដើម្បីសម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន ក្រោមរូបភាពនៃការអនុវត្តសិទ្ធិ និងសេរីភាពនេះ ប៉ុន្តែបុគ្គលទាំងនេះ ត្រូវបានរដ្ឋាភិបាលមានវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត គឺមិនអនុញ្ញាតឱ្យបុគ្គលទាំងនោះធ្វើសកម្មភាពល្មើសច្បាប់ដោយយកលេសការអនុវត្តសិទ្ធិសេរីភាព ដើម្បីបិទបាំងទង្វើរបំពានច្បាប់របស់ខ្លួនបានោះទេ»៕

អត្ថបទទាក់ទង