ខ្មែរប៉ុស្ដិ៍ Close

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 47
ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២ ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅមុនការគ្រោងទុក។ ក្រុមការងារអះអាងបែបនេះ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ ហើយការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណរៀបត្រូវតាមលំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា និងជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងជើង អ្នកស្រី នង បូរ៉ាវី មានប្រសាសន៍ថា ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត អាចនឹងបញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែការរៀបកាំជណ្តើរថ្មភក់បុរាណត្រូវតាមលំនាំដើមមានដំណើរការរលូនល្អ មិនរើផ្គុំច្រើនលើកច្រើនសារ។ អ្នកស្រី នង ប៉ូរ៉ាវី ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលនៅសេសសល់ប្រហែល១០ភាគរយប៉ុណ្ណោះ ដូចជាការសម្អាត និងបំពេញថ្មភក់ថ្មីជំនួសថ្មភក់ចាស់ដែលបាត់បង់ ដើម្បីឱ្យកាំជណ្តើរមានលំនឹងឡើងវិញ។

គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត បានចាប់ផ្ដើមឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០២២មក ដែលហូត មកដល់ពេលនេះ មានរយៈពេលប្រមាណ៧ខែមកហើយ។

ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានអនុវត្តគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងចំនួន៧ដំណាក់កាលរួចមកហើយ បើគិតជាប្រវែងសរុបចំនួនប្រមាណ១៤៣ម៉ែត្រ៕

អត្ថបទ និងរូបភាព៖ យី សុថា

អត្ថបទទាក់ទង