ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនស្រាវជ្រាវព្រមានថា៖ ឱកាសនៃការកើតមានវិបត្តិសេដ្ឋកិច្ចជាសកល មានដល់ទៅ 98%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 41
ក្រុមហ៊ុនស្រាវជ្រាវព្រមានថា៖ ឱកាសនៃការកើតមានវិបត្តិសេដ្ឋកិច្ចជាសកល មានដល់ទៅ 98% ក្រុមហ៊ុនស្រាវជ្រាវព្រមានថា៖ ឱកាសនៃការកើតមានវិបត្តិសេដ្ឋកិច្ចជាសកល មានដល់ទៅ 98%

សញ្ញាព្រមានកំពុងបង្ហាញខ្លួននៅក្នុងសេដ្ឋកិច្ចសកល ខណៈអត្រាអតិផរណាដ៏ខ្ពស់, ការដំឡើងអត្រាការប្រាក់យ៉ាងគំហ៊ុក និងសង្គ្រាមនៅអ៊ុយក្រែនបានបន្តបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក។ បច្ចុប្បន្ន ឱកាសនៃការកើតមានវិបត្តិសេដ្ឋកិច្ចជាសកល មានចំនួនដល់ទៅ ៩៨,១% (បើយោងតាមគំរូព្យាករណ៍ដែលរៀបចំដោយក្រុមហ៊ុនស្រាវជ្រាវ Ned Davis Research)។

ពេលវេលាតែមួយគត់ដែលគំរូនៃវិបត្តិសេដ្ឋកិច្ចមានកម្រិតខ្ពស់បែបនេះគឺ «នៅក្នុងអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២០ និងអំឡុងពេលកើតមានវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ និងនៅឆ្នាំ ២០០៩»។ សេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវ Ned Davis Research បានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា «ស្ថានភាពនេះបានបង្ហាញថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរមួយ កំពុងមានការកើនឡើងសម្រាប់ឆ្នាំ ២០២៣»។

នៅពេលដែលបណ្តាធនាគារកណ្តាលបានបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាអត្រាអតិផរណាឱ្យស្ថិតនៅក្រោមការគ្រប់គ្រងបាន សេដ្ឋវិទូនិងវិនិយោគិនបានសម្តែងនូវការព្រួយបារម្ភកាន់តែខ្លាំង។ បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ «សេដ្ឋវិទូចំនួន ៧ នាក់ក្នុងចំណោម ១០ នាក់ដែលត្រូវបានស្ទង់មតិដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចពិភពលោកគឺជារឿងដែលទំនងនឹងកើតឡើង»។

សេដ្ឋវិទូបានបន្ទាបការព្យាកររបស់ពួកគេសម្រាប់កំណើន និងបានរំពឹងថា «ប្រាក់ឈ្នួលនឹងបន្តធ្លាក់ចុះនៅក្នុងឆ្នាំនេះ និងនៅឆ្នាំក្រោយ»។ ដោយសារការកើនឡើងនៃតម្លៃអាហារនិងថាមពល មនុស្សមួយចំនួនបានលើកឡើងនូវក្តីបារម្ភថា «ការចំណាយកាន់តែខ្ពស់លើការរស់នៅប្រចាំថ្ងៃអាចបង្កឱ្យមានភាពចលាចល»។

៧៩% នៃសេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានរំពឹងថា «ការកើនឡើងនៃតម្លៃនឹងបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប» ខណៈដែលសេដ្ឋវិទូចំនួន ២០% បានរំពឹងថា «ភាពចលាចលនឹងកើតមាននៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់»។

វិនិយោគិនក៏កាន់តែមានការព្រួយបារម្ភផងដែរ ជាពិសេសបន្ទាប់ពីទីផ្សារភាគហ៊ុន «Dow Jones Industrial Average» បានរងនូវការធ្លាក់ចុះកាលពីថ្ងៃចន្ទ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូង បើគិតចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក។

វិនិយោគិនដែលជាមហាសេដ្ឋី Stanley Druckenmiller បាននិយាយនៅឯកិច្ចប្រជុំកំពូល «CNBC Delivering Alpha Investor Summit» កាលពីថ្ងៃពុធថា «ករណីដ៏សំខាន់របស់យើងគឺជាការធ្លាក់ចុះជាសន្សឹមៗនៃសេដ្ឋកិច្ចនៅចុងឆ្នាំ ២០២៣ ហើយខ្ញុំពិតជានឹងភ្ញាក់ផ្អើលខ្លាំង ប្រសិនបើយើងមិនជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣»។

សូម្បីតែមន្ត្រីធនាគារកណ្តាលក៏បានទទួលស្គាល់ផងដែរថា «ហានិភ័យនៃការធ្លាក់ចុះដ៏ធ្ងន់ធ្ងរកំពុងកើតមាន ក៏ប៉ុន្តែវានៅមានចំណុចវិជ្ជមានខ្លះ ជាពិសេសនៅសហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក»។

ទីផ្សារការងារនៅសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំជាប្រវត្តិសាស្ត្រ ដោយក្នុងនោះអត្រាគ្មានការងារធ្វើកំពុងស្ថិតនៅកម្រិតទាបបំផុត បើគិតចាប់តាំងពីឆ្នាំ ១៩៦៩ មក។ អ្នកប្រើប្រាស់នៅតែបន្តចំណាយប្រាក់ ហើយប្រាក់ចំណេញផ្នែកសាជីវកម្មនៅតែមានសភាពរឹងមាំ។

មនុស្សមួយចំនួនក៏បានលើកឡើងនូវក្តីសង្ឃឹមផងដែរថា «បញ្ហាអតិផរណាដ៏អាក្រក់បំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងរយៈពេល ៤០ ឆ្នាំ នឹងមានការធូរស្បើយនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារការផ្គត់ផ្គង់នឹងអាចបំពេញបានតាមតម្រូវការ»។

ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Ned Davis Research បាននិយាយថា «បើទោះបីជាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកំពុងមានការកើនឡើងក៏ដោយ ក៏គំរូព្យាករណ៍នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងកម្រិតដ៏ទាបបំផុត»។ ក្រុមអ្នកស្រាវជ្រាវបានសរសេរនៅក្នុងរបាយការណ៍ថា «យើងមិនមានភស្តុតាងច្បាស់លាស់ណាមួយទេ ដែលអាចបញ្ជាក់បានថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច»៕

CNN