ខ្មែរប៉ុស្ដិ៍ Close

តំបន់អាស៊ីអាគ្នេយ៍នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រទេសមហាអំណាចនៅខែវិច្ឆិកាខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 71
តំបន់អាស៊ីអាគ្នេយ៍នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រទេសមហាអំណាចនៅខែវិច្ឆិកាខាងមុខ ពាក្យស្លោកសម្រាប់កិច្ចប្រជុំ APEC 2022 នៅប្រទេសថៃ គឺ «បើកចំហរ, តភ្ជាប់ និងតុល្យភាព»

ពិភពលោកទាំងមូលនឹងផ្ដោតការយកចិត្តទុកដាក់មកលើតំបន់អាស៊ីអាគ្នេយ៍តែមួយក្នុងរយៈពេល ១០ ថ្ងៃ ដោយគិតចាប់ពីសប្តាហ៍ទី២ នៃខែវិច្ឆិកាខាងមុខ។ បញ្ហាជាសកលទាំងតូចទាំងធំនឹងត្រូវលើកយកមកពិភាក្សាគ្នានៅទីក្រុងភ្នំពេញ, នៅកោះបាលី និងនៅមជ្ឈមណ្ឌលសន្និបាត Queen Sirikit នាទីក្រុងបាងកក។ ការចុះផ្សាយវិជ្ជមាននិងអវិជ្ជមានជាច្រើនក៏នឹងត្រូវបានគេធ្វើឡើងនៅពេលដែលមេដឹកនាំប្រទេសមហាអំណាច និងប្រទេសដែលមានសេដ្ឋកិច្ចធំៗមកប្រមូលផ្ដុំគ្នានៅក្នុងតំបន់មួយនេះ។

សកម្មភាពទាំងអស់នេះនឹងកើតឡើងនៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ជាពេលដែលកិច្ចប្រជុំកំពូលធំៗចំនួន៣ គឺកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូល G20 និង កិច្ចប្រជុំកំពូល Apec នឹងត្រូវធ្វើឡើងបន្ទាប់ពីការត្រៀមខ្លួនអស់រយៈពេលយ៉ាងយូរកាលពីឆ្នាំមុន។ ចំពោះចំណុចនេះ ការរំពឹងទុកក៏ដូចជាការឃុបឃិតគ្រប់ប្រភេទនឹងលេចត្រដែតឡើងដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ បញ្ហាទាំងនេះបានធ្វើឱ្យប្រទេសរៀបចំកិច្ចប្រជុំ មានការថប់បារម្ភកាន់តែខ្លាំងអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលនាពេលខាងមុខ ជាពិសេសជុំវិញបញ្ជីឈ្មោះប្រទេសដែលនឹងមកចូលរួម និងលទ្ធផលដែលបានរំពឹងទុក។

ដើម្បីធានាឱ្យបាននូវភាពជោគជ័យជាអតិបរមា ប្រទេសទាំង៣ គួរតែជួបជុំគ្នា ហើយពិគ្រោះគ្នាម្តងទៀតជុំវិញវិធីសាស្ត្រដែលល្អបំផុតក្នុងការក្នុងការរៀបចំព្រឹត្តិការណ៍ធំៗទាំងនេះ។ សេចក្តីថ្លែងការណ៍រួមមួយមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី ៦ ឧសភាដែលបានបញ្ជាក់អំពីចេតនារបស់ពួកគេក្នុងការដើរតួជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់នោះ ឥឡូវនេះត្រូវបានលងបន្លាចដោយសង្រ្គាមដែលកាន់តែអាក្រក់ទៅនៅតំបន់អឺរ៉ុប និងដែលទំនងជានឹងមិនអាចធូរស្រាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបានទេ។ ប្រទេសដែលជាម្ចាស់ផ្ទះត្រូវតែក្រើនរំលឹកដល់ភ្ញៀវរបស់ពួកគេ អំពីការទាញទៅរកបញ្ហាដែលពួកគេទាំងអស់គ្នាត្រូវតែប្រឈមមុខ ពោលគឺស្មារតីនៃកិច្ចសហប្រតិបត្តិការមានភាពចាំបាច់ណាស់។

ដើម្បីកុំឱ្យភ្លេច សេចក្តីថ្លែងការណ៍រួមនោះបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលទាំង៣ «នឹងចែករំលែកភាពស្រដៀងគ្នាដែលនឹងផ្តល់ឱកាសពិសេសមួយដល់ប្រទេសដែលចូលរួមទាំងអស់ដើម្បីរួមគ្នាពន្លឿនរបៀបវារៈរួម និងរបៀបវារៈតំបន់ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ទាំងអស់គ្នា»។

ដូចនេះ ប្រទេសម្ចាស់ផ្ទះត្រូវប្តេជ្ញាពង្រឹងជំហររបស់ខ្លួនក្នុងការប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាសាកល និងដើម្បី «រក្សាឱ្យបាននូវតួនាទីជាកណ្តាលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ដែលសង្កត់ធ្ងន់ទៅ លើការចូលរួមក្នុងន័យស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការទទួលបាននូវផលប្រយោជន៍ស្មើៗគ្នា»។

ទោះជាយ៉ាងណា បើទោះបីជាមានការ សន្យាដ៏មុតមាំទាំងនេះក៏ដោយ ក៏ដៃគូសន្ទនាសំខាន់ៗរបស់អាស៊ាន ដូចជាសមាជិកនៃក្រុមប្រទេស G20 និងក្រុមប្រទេស Apec មិនបានយកចិត្តទុកដាក់នោះឡើយ។ បើគេពិនិត្យមើលទៅលើកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីពេលមុនៗនៅក្នុងទីក្រុងទាំង៣ គេនឹងមើលឃើញអំពីក្ដីបារម្ភមួយនោះគឺ កិច្ចប្រជុំកំពូលដែលគេទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនេះ អាចនឹងត្រូវបានប្រទេសមហាអំណាចធំៗដែលកំពុងប្រកួតប្រជែងគ្នា ប្រើប្រាស់ជាអាវុធដើម្បីវាយប្រហារគ្នា។

ការប្រជែងគ្នាទាំងនេះបានលេចឡើងយ៉ាងច្បាស់ក្រឡែតនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 និង Apec នៅឯកោះបាលី, ទីក្រុងបាងកក និងនៅឈៀងម៉ៃ ដោយមានការដើរចេញពីកិច្ចប្រជុំជាច្រើនលើក និងការថ្កោលទោសគ្នាទៅវិញទៅមក។ «ជា​សំណាង​ល្អ នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំរបស់​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ មាន​ការ​ដើរ​ចេញពីកិច្ចប្រជុំចំនួនតែមួយលើកប៉ុណ្ណោះ»

ចាប់តាំងពីខែឧសភាមក ការយល់ស្របលើសេចក្តីថ្លែងការណ៍រួមចំនួន ៦ គឺមិនអាចធ្វើទៅរួចនោះទេ ដោយសារតែការប្រកាន់ជំហររឹងរូសរបស់ក្រុមដែលជំទាស់។ សូម្បីតែសេចក្តីថ្លែងការណ៍មួយរបស់ប្រធាននៃកិច្ចប្រជុំស្តីពីវិស័យទេសចរណ៍ ក៏ត្រូវបានដកចេញវិញ និងបានធ្វើការកែសម្រួលផងដែរក្រោយពីការចេញផ្សាយ បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសដែលមានសេដ្ឋកិច្ចធំមួយ។

ប្រសិនបើនិន្នាការនេះនៅតែបន្ត នោះប្រទេសម្ចាស់ផ្ទះទាំង៣ នឹងត្រូវរៀបចំឡើងវិញនូវកម្មវិធីរបស់ពួកគេ ជាពិសេសនៅពេលដែលមេដឹកនាំអាមេរិក ចិន និង រុស្ស៊ីនឹងមកប្រជុំនៅក្នុងបន្ទប់តែមួយ។ មានហេតុផលល្អៗជាច្រើនក្នុងការធ្វើដូច្នេះ។

ជាដំបូង ប្រទេសម្ចាស់ផ្ទះទាំង៣ បានបណ្តាក់ទុនយ៉ាងច្រើនដើម្បីរៀបចំកិច្ចប្រជុំកំពូលទាំងនេះ។ ការរអាក់រអួលណាមួយ ប្រាកដជានឹងប៉ះពាល់ដល់លទ្ធផលនៃកិច្ចប្រជុំទាំងនោះ។

សង្គ្រាមដែលមិននឹកស្មានដល់រវាងរុស្ស៊ី-អ៊ុយក្រែន គឺប្រៀបដូចជាមេរោគមួយដែលឆ្លងចូលទៅក្នុងទំនាក់ទំនងស្នូលរបស់សហគមន៍អន្តរជាតិ ក៏ដូចជាទៅក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិនទៀតផង។ ជាក់ស្តែង ប្រទេសជាម្ចាស់ផ្ទះចង់បានវត្តមានរបស់ប្រមុខរដ្ឋ ជាជាងអ្នកតំណាងរបស់ពួកគេនៅក្នុងកិច្ចប្រជុំទាំងនោះ។ ប៉ុន្តែតាមការពិតជាក់ស្ដែង គ្មាននរណាម្នាក់ដាក់ក្ដីរំពឹងទេថា មេដឹកនាំទាំង នោះនឹងស្នាក់នៅរយៈពេល ១០ ថ្ងៃនៅក្នុងតំបន់នេះ សម្រាប់តែគោលបំណងមួយនេះ។

ទន្ទឹមនិងនេះ ប្រទេសជាម្ចាស់ផ្ទះគួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលដែលទាក់ទងនឹងអាស៊ាន និងដែលគ្រោងធ្វើចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា នឹងប្រព្រឹត្តឡើងក្នុងរយៈពេលតែ ៤៨ ម៉ោងប៉ុណ្ណោះ ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលវាមិនមែនជាការល្អនោះទេសម្រាប់របៀបវារៈរបស់លោក Joe Biden នៅទីក្រុងភ្នំពេញ។ ដូចឆ្នាំមុនៗដែរ កំណត់ត្រានៃការចូលរួមរបស់មេដឹកនាំអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលដែលទាក់ទងនឹងអាស៊ាន គឺមិនមានភាពជាប់លាប់នោះទេ។

នាអំឡុងអាណត្តិ ៤ ឆ្នាំរបស់ខ្លួន អតីតប្រធានាធិបតីអាមេរិក Donald Trump បានអវត្តមានពីកិច្ចប្រជុំនេះចំនួន ៣ លើក និងបានចូលរួមមួយលើក ប៉ុន្តែមិនបាននៅដល់ចប់ចុងចប់ដើមនោះទេ ហើយនៅ​ឆ្នាំ​ចុង ក្រោយនៃអាណត្តិរបស់លោក លោក​ថែមទាំង​បាន​ចាត់មន្ត្រីដែលនៅក្រៅ​គណៈរដ្ឋមន្ត្រី​របស់លោក ឲ្យ​ធ្វើ​ជា​តំណាង​មកចូលរួមកិច្ចប្រជុំទៀតផង ដែលវាបាន​ធ្វើ​ឲ្យ​មេដឹកនាំ​អាស៊ាន​មានការ​ខឹងសម្បារ​ជាខ្លាំង។ ផ្ទុយ​ទៅ​វិញ មេដឹកនាំ​ចិននិង​រុស្ស៊ី​ ច្បាស់ជានឹងមានវត្តមាននៅ​ទីក្រុងភ្នំពេញ​សម្រាប់​ជំនួប​កំពូលនេះមិនខាន។

ដូចនេះ លោក Biden ទំនងជានឹង ចូលរួមតាមអនឡាញ នៅក្នុងកិច្ចប្រជុំកំពូលៗដែលទាក់ទងនឹងអាស៊ាន ពោលគឺកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ដោយសារតែកាលវិភាគដ៏មមារញឹករបស់ខ្លួន លោក Biden ទំនងជានឹងទៅចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ព្រោះអ្នកគាំទ្រដ៏មុតមាំរបស់លោកដែលមកពីប្លុក G7 ក៏នឹងមានវត្តមាននៅទីនោះដែរ។

បើទោះបីជាមានការរំពឹងទុកយ៉ាងទូលំទូលាយថា អាចនឹងមានកិច្ចប្រជុំកំពូលពិសេសរវាងលោក Biden និងលោក Xi Jinping នៅកោះបាលីក៏ដោយ ក៏រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានសញ្ញាវិជ្ជមានណាមួយនៅឡើយនោះទេ។ ជាងនេះទៅទៀត ប្រធាននៃកិច្ចប្រជុំកំពូល G20 ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ឱ្យមកចូលរួមជាភ្ញៀវផងដែរ។

បន្ទាប់ពីកិច្ចប្រជុំកំពូលនៅកោះបាលី សំណួរដែលគេសួរញឹកញាប់ជាងគេនោះគឺ តើលោក Biden នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីចូលរួមកិច្ចប្រជុំកំពូល Apec ដើម្បីជាការបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកឬទេ? ម្ចាស់ផ្ទះថៃរំពឹងថា លោក Biden នឹងមកចូលរួមសម័យប្រជុំរបស់មេដឹកនាំ Apec នៅថ្ងៃទី ១៨ ខែវិច្ឆិកា ក៏ដូចជានឹងចូលរួមពិធីផ្ទេរតំណែងនៅពេលក្រោយ ព្រោះសហរដ្ឋអាមេរិកនឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល Apec នៅឆ្នាំក្រោយ។

សម្រាប់ប្រទេសថៃ បន្ទុកគឺមានទម្ងន់ធ្ងន់ខ្លាំងណាស់ ព្រោះរដ្ឋាភិបាលថៃបានវិនិយោគទាំងពេលវេលានិងថវិកា ដើម្បីរៀបចំកិច្ចប្រជុំកំពូល Apec នៅឆ្នាំនេះ។ ទីក្រុងបាងកកចង់ប្រើឱកាសនេះដើម្បីលើកស្ទួយឋានៈរបស់ខ្លួននៅលើឆាកអន្តរជាតិ និងលើកស្ទួយសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឱ្យកើនដល់កម្រិតថ្មីមួយនៅក្នុងយុគសម័យក្រោយជំងឺរាតត្បាត។

លើសពីនេះ ក្រសួងការបរទេសនិងក្រសួងពាក់ព័ន្ធរបស់ថៃ បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា សាធារណជនថៃនឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីអត្ថប្រយោជន៍ដែលបានមកពីសមាជិកភាពនៃ Apec។ ក្នុងរយៈពេល ១៦ ខែកន្លងមកនេះ ប្រទេសថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើនការយល់ដឹង និងការស្វែងយល់នៅក្នុងចំណោមសហគមន៍ប្រព័ន្ធផ្សព្វផ្សាយថៃ ក្នុងគ្រប់វេទិកាទាំងអស់។

ដោយសារកាលៈទេសៈបច្ចុប្បន្ន សារៈសំខាន់នៃកិច្ចប្រជុំ Apec ក៏បានកើនឡើងផងដែរ ព្រោះវាជាវេទិកាសេដ្ឋកិច្ចដែលគ្មានការគំរាមកំហែង សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទាំង ២២។ ប្រទេស​ថៃគឺជា​ទីកន្លែង​អព្យាក្រឹតមួយសម្រាប់ឱ្យ​ពួកគេធ្វើការជាមួយគ្នា។

នៅទីក្រុងមូស្គូកាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានសម្តែងនូវក្តីសង្ឃឹមថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលតែងតែចូលរួមកិច្ចប្រជុំរបស់មេដឹកនាំ Apec មិនដែលខាន លើកលែងតែក្នុងរយៈពេល ៣ ឆ្នាំក្នុងអំឡុងពេលជំងឺរាតត្បាត នឹងមកចូលរួមនៅក្នុងកិច្ចប្រជុំក្នុងខែវិច្ឆិកាខាងមុខ។ ដូច្នេះ វាច្បាស់ណាស់ថា រដ្ឋាភិបាលថៃកំពុងរំពឹងថា មេដឹកនាំទាំង ៣ គឺលោក Biden លោក Xi និងលោក Putin នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងបាងកកដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ។

ប្រទេសមួយចំនួនដែលមិនមែនជាសមាជិក Apec បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំនៅទីក្រុងបាងកកក្នុងនាមជាភ្ញៀវ។ ប្រទេសអារ៉ាប៊ីសាអូឌីតដែលថ្មីៗនេះបានធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃត្រឡប់មករកប្រក្រតីភាពឡើងវិញ បន្ទាប់ពីពួកគេមានទំនាក់ទំនងដ៏ជូរចត់ជាមួយគ្នាអស់រយៈពេលជាង ៣ ទសវត្សរ៍ ក៏នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីនៃប្រទេសជាភ្ញៀវផងដែរ។

វត្តមានរបស់ប្រទេសផលិតប្រេងដ៏សំខាន់របស់ពិភពលោកមួយនេះនៅឯកិច្ចប្រជុំកំពូល Apec មិនត្រឹមតែបង្ហាញអំពីភាពចម្រុះ និងភាពរលូននៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញថា តើសន្តិសុខថាមពលមានសារៈសំខាន់ប៉ុណ្ណាចំពោះស្ថិរភាព និងវឌ្ឍនភាពនៃសេដ្ឋកិច្ច។ បណ្ដាប្រទេស​ដែលមានសេដ្ឋកិច្ច​ធំៗ​នៅ​អឺរ៉ុប​ផ្សេងៗ​ទៀត ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​នៅទីក្រុង​បាងកកនេះ​ផងដែរ។

ក្រៅតែពីការប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅចុងខែនេះ កិច្ចប្រជុំកំពូល Apec នឹងក្លាយជាកិច្ចប្រជុំកម្រិតអន្តរជាតិតែមួយគត់សម្រាប់ឱ្យតួអង្គសំខាន់ៗទាំងអស់ជួបប្រជុំគ្នាដោយស្មើភាព និងមិនលម្អៀង។

រយៈពេល ៦៧ ថ្ងៃបន្ទាប់ទៀតនេះ នឹងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសថៃក្នុងការរក្សាស្ថិរភាពក្នុងស្រុករបស់ខ្លួន និងបង្កើតឱ្យមានបរិយាកាសអំណោយផលសម្រាប់ការជួបគ្នាជាលក្ខណៈមិត្តភាព រវាងមហាអំណាចដែលជាគូប្រជែងនឹងគ្នា។ ប្រការនេះអាចជាកម្លាំងរុញច្រានមួយ ក្នុងការទាក់ទាញឱ្យមានការចូលរួមពីសំណាក់ប្រទេសជា «ភ្ញៀវ» ឱ្យបានច្រើនបន្ថែមទៀត។ រឿងមួយដែលច្បាស់លាស់នោះ គឺតំបន់អាស៊ីអាគ្នេយ៍នៅតែមានអទិភាពខ្ពស់ដដែលនៅលើក្តារអុកនយោបាយរបស់មហាអំណាច នៅក្នុងល្បែងដែលពួកគេកំពុងលេងក្នុងពេលបច្ចុប្បន្ននេះ៕

Kavi Chongkittavorn / Bangkok Post