ខ្មែរប៉ុស្ដិ៍ Close

របៀបដែលទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ខ្លាំងក្លារវាងចិន និង ជប៉ុន រងនូវការធ្វើតេស្តសាកល្បងដោយនយោបាយល្អក់កករ (Cold Politics)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 69
របៀបដែលទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ខ្លាំងក្លារវាងចិន និង ជប៉ុន រងនូវការធ្វើតេស្តសាកល្បងដោយនយោបាយល្អក់កករ (Cold Politics) រូបភាព SCMP

ក្នុងរយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងការទូតជាមួយជប៉ុន ទស្សនៈមួយហាក់ដូចជានៅតែមានប្រជាប្រិយភាព ដែលនោះគឺ «ប្រសិនបើទីក្រុង Dalian នៅតែអាចបន្តដំណើរទៅមុខ ប្រទេសចិនក៏នឹងអាចបន្តដំណើរទៅមុខបានដូចគ្នា»។ ទីក្រុងកំពង់ផែនៅភាគខាងជើងនៃខេត្ត Liaoning មានជម្លោះជាប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាយូរមកហើយ ជាពិសេសពាក់ព័ន្ធនឹងឥទ្ធិពលរបស់ជប៉ុន។

វាគឺជាទីក្រុងមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុនអស់រយៈពេល ៤ ទសវត្សរ៍ រហូតដល់ឆ្នាំ ១៩៤៥ ហើយសំណង់ស្ថាបត្យកម្មជាច្រើនដែលមានបែបបទជប៉ុនក៏ត្រូវបានបន្សល់ទុកនៅទីនោះផងដែរ។ ឈ្មោះរបស់វាបានកើតចេញពីពាក្យជាភាសាចិននៃឈ្មោះអាណានិគមរបស់ជប៉ុន «Dairen» ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុននៅតែបន្តមានវត្តមាននៅទីក្រុង Dalian ក្នុងចំនួនច្រើនជាងនៅបណ្តាប្រទេសដទៃទៀត លើកលែងតែនៅទីក្រុងបាងកក និងទីក្រុងសៀងហៃ។

រោងចក្រដែលមានអាយុកាល ៣០ ឆ្នាំរបស់ក្រុមហ៊ុនជប៉ុន «Toshiba» ដែលធ្លាប់ត្រូវបានចាត់ទុកជា «វត្ថុដ៏មានតម្លៃនៅតំបន់អភិវឌ្ឍន៍ Dalian» និងជា «កម្លាំងជំរុញសេដ្ឋកិច្ចនៅក្នុងទីក្រុងនេះ» បានបញ្ឈប់ប្រតិបត្តិការហើយនៅក្នុងខែកញ្ញា។ នៅមុនការបិទទ្វាររបស់ក្រុមហ៊ុន Toshiba ផ្លូវមួយដែលសម្បូរទៅដោយហាងទំនិញបែបជប៉ុន ក៏បានបិទទ្វារផងដែរ បន្ទាប់ពីការបើកដំណើរការបានត្រឹមតែ ២ សប្តាហ៍។

បើទោះបីជាមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកទេសចរក្នុងស្រុកដែលមិនអាចធ្វើដំណើរបានដោយសារតែវីរុសកូវីដ-១៩ ក៏ដោយ ក៏ទីតាំងហាងទំនិញនេះនៅតែត្រូវបានបិទទ្វារដោយសារតែមានការវាយប្រហារពីបណ្តាញផ្សព្វផ្សាយសង្គម ជាមួយនឹងការអំពាវនាវយ៉ាងច្រើនលើសលប់ឱ្យពលរដ្ឋចិនធ្វើពហិការឈប់ទៅលេងទីតាំងនោះ។

ទីតាំងក្រុមហ៊ុន Toshiba ដែលបានបិទទ្វារ (SCMP)
ទីតាំងក្រុមហ៊ុន Toshiba ដែលបានបិទទ្វារ (SCMP)

ក្រោយមក វាបានបើកទ្វារឡើងវិញក៏ប៉ុន្តែបានកាត់បន្ថយរចនាបទតាមបែបជប៉ុន ខណៈដែលហាងរបស់កូរ៉េខាងជើងនិងរុស្ស៊ីក៏បានបង្ហាញវត្តមាននៅទីនោះដែរ។ គោមក្រហមរបស់ចិនក៏ត្រូវបានព្យួរពីលើដំបូលហាងនីមួយៗផងដែរ ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា «ទីតាំងនេះបានក្លាយជាតំបន់កំសាន្តដែលមានវប្បធម៌ដ៏សម្បូរបែប និងដែលមានលក្ខណៈចិនច្រើន»។

ប៉ុន្តែ រដូវកាលទេសចរណ៍រដូវក្តៅនៅទីក្រុងនោះ ដែលធ្លាប់តែមានអតិថិជនច្រើនកុះករនៅតាមដងផ្លូវកាលពីឆ្នាំមុន បានប្រែជាមានសភាពស្ងប់ស្ងាត់ខ្លាំង។ បញ្ហាប្រឈមដែលទីក្រុងនេះកំពុងជួបប្រទះជាមួយនឹងវិនិយោគិនអន្តរជាតិដ៏ធំបំផុតរបស់ខ្លួន និងអតីតម្ចាស់អាណានិគមនឹងអាចត្រូវបានមើលឃើញនៅទូទាំងប្រទេសចិន នៅមុនការមកដល់នៃខួបលើកទី ៥០ នៃការចាប់ផ្តើមទំនាក់ទំនងការទូតជាធម្មតាឡើងវិញរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ២ និងទី ៣ របស់ពិភពលោក។

ឆ្នាំនេះក៏ជាពេលវេលាបញ្ចប់ការផ្តល់ជំនួយអភិវឌ្ឍរបស់ជប៉ុនទៅឱ្យប្រទេសចិនផងដែរ បន្ទាប់ពីបានចាប់ផ្តើមអស់រយៈពេល ៤២ ឆ្នាំ និងបន្ទាប់ពីត្រូវបានកាត់បន្ថយជាបណ្តើរៗអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ឆ្នាំនេះក៏ជាឆ្នាំនៃចំណុចរបត់មួយផងដែរនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

អ្នកជំនាញបាននិយាយថា «ទំនាក់ទំនងសេដ្ឋកិច្ចដែលមានភាពប្រទាក់ក្រឡាគ្នាខ្លាំងរវាងប្រទេសទាំង ២ គឺជាមូលដ្ឋានគ្រឹះនៃស្ថិរភាពនៅក្នុងទំនាក់ទំនងរវាងចិន និងជប៉ុន បើទោះបីជាធ្លាប់មានជម្លោះជាប្រវត្តិសាស្ត្រ និងការមិនទុកចិត្តគ្នាផ្នែកនយោបាយយ៉ាងជ្រាលជ្រៅក៏ដោយ»។ វាគឺជាស្ថានភាពមួយដែលត្រូវបានគេស្គាល់ថាជា «ភាពល្អក់កករផ្នែកនយោបាយ និងសក្តានុពលផ្នែកសេដ្ឋកិច្ច» (Cold Politics, Hot Economics)។

ប៉ុន្តែជម្លោះភូមិសាស្ត្រនយោបាយ និងការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរវាងគ្នា បាននិងកំពុងបង្កនូវការគំរាមកំហែងដល់ការរក្សាតុល្យភាព។ លោក Shin Kawashima ដែលជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យតូក្យូ (University of Tokyo) បាននិយាយថា «វាអាចជារឿងដ៏លំបាកខ្លាំងក្នុងការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយចេញពីគ្នាទាំងស្រុងនៅថ្ងៃអនាគត»។

ទោះជាយ៉ាងណាក៏ដោយ ការដកខ្លួនចេញរបស់ក្រុមហ៊ុន Toshiba ពីទីក្រុង Dalian បាននិងកំពុងបង្ហាញអំពីនិន្នាការរួមមួយនៃការចាកចេញរបស់ក្រុមហ៊ុនជប៉ុនពីប្រទេសចិន ដែលបានចាប់ផ្តើមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែការកើនឡើងនៃតម្លៃពលកម្ម និងកាន់តែអាក្រក់ថែមទៀតនោះគឺដោយសារការរាតត្បាតនៃវីរុស។

ការស្ទង់មតិនៅពេលថ្មីៗនេះដោយស្ថាប័នស្រាវជ្រាវឥណទានជប៉ុននាំមុខមួយគឺ «Teikoku Databank» បានរកឃើញថា «គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុនជប៉ុនចំនួន ១២ ៧០៦ កំពុងមានវត្តមាននៅក្នុងប្រទេសចិន ដោយបានថយចុះចំនួន ៩៤០ បើប្រៀបធៀបទៅនឹងការស្ទង់មតិនៅឆ្នាំ ២០២០»។ កាលពីឆ្នាំ ២០១២ ក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការនៅចិន មានចំនួនរហូតដល់ទៅ ១៤ ៣៩៤។

ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនជាង ២០០ បានដកខ្លួនចេញពីទីក្រុងសៀងហៃដោយសារតែការបិទខ្ទប់ដ៏តឹងរ៉ឹងខ្លាំងកាលពីរដូវផ្ការីកកន្លងទៅនេះ ហើយការស្ទង់មតិក៏បានសន្និដ្ឋានដែរថា «ចរន្តនៃការដកខ្លួនចេញនេះកំពុងតែមានការកើនឡើងកាន់តែខ្លាំង»។ ជប៉ុនកំពុងឈានចូលដល់សករាជថ្មីនៃ «ការផ្តាច់ការពឹងផ្អែកលើប្រទេសចិន»។

ហាងលក់ទំនិញ និងភោជនីយដ្ឋានដែលមានតុបតែងតាមបែបជប៉ុន ពេលនេះភាគច្រើនបានបិទទ្វារ (SCMP)
ហាងលក់ទំនិញ និងភោជនីយដ្ឋានដែលមានតុបតែងតាមបែបជប៉ុន ពេលនេះភាគច្រើនបានបិទទ្វារ (SCMP)

យោងតាមតួលេខរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន «ការវិនិយោគផ្ទាល់របស់ជប៉ុននៅក្នុងប្រទេសចិននៅឆ្នាំ ២០២១ មានចំនួនប្រមាណ ៨,០៥ ពាន់លានដុល្លារ ដោយបានថយចុះ ៦,៥% បើធៀបនឹងឆ្នាំមុន»។ ប៉ុន្តែលោក Kawashima បាននិយាយថា «សម្រាប់ក្រុមហ៊ុនជប៉ុន ប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់»។

លោកបានបន្តថា «វាអាចនឹងកាន់តែមានហានិភ័យសម្រាប់ក្រុមហ៊ុនជប៉ុនក្នុងការតាំងមូលដ្ឋានរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន។ ហេតុដូច្នេះហើយ ពួកគេអាចនឹងផ្លាស់ប្តូរទីតាំងទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឬទីកន្លែងផ្សេងទៀត។ ប៉ុន្តែសម្រាប់ផលិតផលដែលត្រូវលក់ទៅកាន់ទីផ្សារចិន ការផលិតនៅក្នុងប្រទេសចិននឹងផ្តល់នូវផលប្រយោជន៍ច្រើនជាងការផលិត នៅក្រៅប្រទេសចិន។ សេដ្ឋកិច្ចរបស់ជប៉ុននឹងនៅតែត្រូវបន្តពឹងផ្អែកលើទីផ្សារចិន»។

ការស្ទង់មតិមួយរបស់អង្គការ «Japan External Trade Organizaton» ដែលត្រូវបានចេញផ្សាយនៅខែកុម្ភៈ បានបង្ហាញថា «ក្រុមហ៊ុនជប៉ុនត្រឹមតែ ៣,៨% ប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលមានគម្រោងកាត់បន្ថយអាជីវកម្មរបស់ពួកគេ ឬផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសទី ៣»។ ទន្ទឹមនោះដែរ «ក្រុមហ៊ុនជប៉ុនចំនួន ៤០,៩% កំពុងស្វះស្វែងពង្រីកខ្លួនឱ្យកាន់តែធំ» ដែលនេះគឺជាការកើនឡើងនៃតួលេខ បើធៀបនឹងឆ្នាំ ២០២០ ក៏ប៉ុន្តែនៅតែមានកម្រិតទាបជាងនៅមុនពេលកើតមានការរាតត្បាតនៃវីរុស។

ការស្ទង់មតិនោះក៏បានបង្ហាញដែរថា «ក្រុមហ៊ុនជប៉ុនចំនួន ៧២,២% នៅចិន បានទទួលផលចំណេញច្រើនកាលពីឆ្នាំមុនដែលជាភាគរយខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ ២០០៧ មក»។ លោក Ryusuke Takashima ដែលជាអនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនប្រចាំនៅប្រទេសចិន បាននិយាយកាលពីខែមុនថា «ទោះបីជាក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិនទទួលបានប្រាក់ចំណេញល្អក៏ដោយ ក៏ពួកគេនៅតែមានការប្រុងប្រយ័ត្នចំពោះការពង្រីកអាជីវកម្មរបស់ពួកគេដែរ»។

លោក Takashima បានបន្ថែមថា «ម្យ៉ាងវិញទៀតភាគរយនៃក្រុមហ៊ុនដែលបានពិចារណាចង់កាត់បន្ថយប្រតិបត្តិការ, ផ្ទេរប្រតិបត្តិការ ឬដកថយពីប្រទេសចិនមានកម្រិតទាបណាស់»។ ទន្ទឹមនឹងនោះដែរ ជាមួយនឹងសម្ពាធសារពើពន្ធ បូករួមនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច បណ្តារដ្ឋាភិបាលតំបន់នៅក្នុងប្រទេសចិន បាននិងកំពុងខិតខំទាក់ទាញការវិនិយោគពីជប៉ុនបន្ថែមទៀត។

នៅឆ្នាំ ២០២១ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ជប៉ុន ហើយជប៉ុនក៏ជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី២ របស់ចិនផងដែរ ដោយមានទំហំពាណិជ្ជកម្មសរុបចំនួន ៣៧១,៤ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ លោក Lian Degui ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ «Shanghai International Studies University» បាននិយាយថា «ជប៉ុននៅតែពឹងផ្អែកលើប្រទេសចិនទាំងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ភាគីទាំងពីរក៏បានដឹងយ៉ាងច្បាស់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងទំនាក់ទំនងចិន-ជប៉ុន»។

លោក Lian បានបន្តថា «ប្រទេសជប៉ុនបានស្ថិតក្នុងស្ថានភាពដែលពិបាកសម្រេចចិត្ត នៅចំពេលកើតមានភាពតានតឹងកាន់តែខ្លាំងរវាងចិន និងអាមេរិក។ ដោយសារតែពេលនេះ អាមេរិកកំពុងសុំឱ្យជប៉ុនផ្តាច់ខ្លួនជាសន្សឹមៗចេញពីប្រទេសចិន ហើយជប៉ុនត្រូវតែបំពេញតាមតម្រូវការនេះក្នុងកម្រិតជាក់លាក់ណាមួយ និន្នាការនេះនៅតែមានលក្ខណៈគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែដោយសារជប៉ុននៅតែបន្តប្រឆាំងនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់អាមេរិក ការផ្តាច់ខ្លួនរបស់ជប៉ុនចេញពីចិនគឺជារឿងដែលមិនអំណោយផលទាល់តែសោះសម្រាប់ជប៉ុន»។

លោក Kwashima បាននិយាយថា «ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប្រកបដោយស្ថិរភាព ប្រទេសទាំងពីរត្រូវតែធានាឱ្យបាននូវលទ្ធភាពក្នុងការទទួលបានផលិតផល ឬបច្ចេកវិទ្យាសំខាន់ៗពីគ្នាទៅវិញទៅមក។ វា​គឺជា​ការ​ពិត​ដែលថា ចិន​កាន់​តែ​មានភាពខ្លាំង​ឡើង​ជាលំដាប់ ក៏ប៉ុន្តែ​ជប៉ុននៅតែត្រូវរក្សា​​តុល្យភាព​»។

លោកបានបន្តថា «ប្រសិនបើជប៉ុនពឹងផ្អែកទាំងស្រុងលើប្រទេសចិនទាំងផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា ប្រទេសចិនអាចនឹងប្រើប្រាស់ជំហរដ៏លេចធ្លោនេះដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសជប៉ុន»។ ប៉ុន្តែ​សេចក្តីព្រាងច្បាប់​សន្តិសុខ​សេដ្ឋកិច្ច​ (Economic Security Bill) ដែល​សភា​ជប៉ុន​បានអនុម័ត​កាលពី​ខែឧសភា​ អាច​កែប្រែ​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅពេលអនាគត រវាង​ប្រទេស​ទាំងពីរនេះ​។

សេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច (Economic Security Promotion Bill) មានគោលបំណងការពារវិស័យបច្ចេកវិទ្យា និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ បូករួមនឹងការបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើក្រុមហ៊ុនជប៉ុននៅក្នុងវិស័យរសើបៗ ឬក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ទោះបីជាវិសាលភាពពេញលេញនៃច្បាប់នេះនៅមិនទាន់ត្រូវបានបង្ហាញក៏ដោយ ក៏វាអាចនឹងនាំមកនូវការរឹតត្បិតលើសិទ្ធិរបស់អង្គភាពរបស់ចិននៅក្នុងវិស័យមួយចំនួន ដូចជាបន្ទះឈីប (Semiconductors) និងឱសថ។

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកនិងជប៉ុនបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាគោលនយោបាយសេដ្ឋកិច្ចជាលើកដំបូងដែលមិនធ្លាប់មាន ដែលត្រូវបានគេស្គាល់ថាជា «កិច្ចប្រជុំសេដ្ឋកិច្ច ២+២» នៅថ្ងៃទី ២៩ ខែ កក្កដានៅទីក្រុង Washington DC ដោយក្នុងនោះ មន្ត្រីមកពីប្រទេសទាំង២ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពី «ការប្រើប្រាស់ដ៏គ្រោះថ្នាក់នៃឥទ្ធិពលសេដ្ឋកិច្ច» ដែលរួមមានទាំងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ក៏ដូចជាការអនុវត្តការផ្តល់ប្រាក់កម្ចីមិនត្រឹមត្រូវដែលអាចបង្កការគំរាមកំហែងដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសអធិបតេយ្យ ក៏ដូចជារបស់បុគ្គលនិងឧស្សាហកម្ម។

លោក Liu Jiangyong ដែលជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Tsinghua បាននិយាយថា «ទាំងនេះនឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានថ្មីៗ ចំពោះការធ្វើពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសចិននិងជប៉ុន។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិននិងជប៉ុន មិនបានផ្តោតទាំងស្រុងលើបទបញ្ញត្តិនៃសេដ្ឋកិច្ចទីផ្សារនោះទេ ដោយក្នុងនោះវាមានលាយឡំជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជាមួយចំនួន»។

លោក Liu បានបន្ថែមទៀតថា «ក្រៅពីឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជម្លោះពាក់ព័ន្ធនឹងទស្សនៈជាប្រវត្តិសាស្ត្រ និងជម្លោះទឹកដី ក៏នឹងបង្កការរារាំងផងដែរដល់ការសម្រេចបាននូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ»។ ប៉ុន្តែឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់អាចជួយផ្តល់ពន្លឺខ្លះដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP បានចូលជាធរមានហើយនៅខែមករា គេអាចរំពឹងបានថា «ការធ្វើពាណិជ្ជកម្មរវាងប្រទេសចិននិងជប៉ុននឹងទទួលបានប្រយោជន៍ធំ ប្រសិនបើភាគីទាំងពីរ អនុវត្តបានល្អតាមការប្តេជ្ញាចិត្តរបស់ខ្លួន»។ យោងតាមកិច្ចព្រមព្រៀង RCEP «ផលិតផលជប៉ុន ៨៦% ដែលនាំចេញទៅចិននឹងអាចរួចផុតពន្ធគយ ខណៈដែលការនាំចេញរបស់ចិនចំនួន ៨៨% ទៅជប៉ុន ក៏នឹងទទួលបានការរួចពន្ធគយដូចគ្នាផងដែរ»។

យោងតាមលោក Zhang Jifeng ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាជប៉ុននៅបណ្ឌិតសភានៃវិទ្យាសាស្ត្រសង្គមរបស់ចិនបាននិយាយថា «កិច្ចព្រមព្រៀង RCEP ក៏អាចជួយទប់ស្កាត់ក្រុមហ៊ុនជប៉ុនពីការចាកចេញពីប្រទេសចិនផងដែរ ហើយវាថែមទាំងអាចជួយសម្រួលដល់វិនិយោគិនចិនក្នុងការចូលទៅកាន់ទីផ្សារជប៉ុនទៀតផង»។

ប៉ុន្តែបើប្រៀបធៀបជាមួយនឹងកិច្ចព្រមព្រៀង CPTPP ដែលកំពុងត្រូវបានដឹកនាំដោយប្រទេសជប៉ុន បន្ទាប់ពីការចាកចេញរបស់សហរដ្ឋអាមេរិកកិច្ចព្រមព្រៀង RCEP នៅមានកម្រិតសេរីភាវូបនីយកម្មទាប ហើយអ្នកខ្លះបាននិយាយថា «វានឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងជប៉ុន»។

របាយការណ៍របស់វិទ្យាស្ថានសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Fudan នៅក្នុងខែកុម្ភៈបានឱ្យដឹងថា «ផ្អែកលើគោលដៅរយៈពេលមធ្យមនិងវែងនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងជប៉ុន កិច្ចព្រមព្រៀង RCEP គួរតែជាចំណុចចាប់ផ្តើម និងជាស្ពានសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ចិននិងជប៉ុនដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់រវាងគ្នា»។

កាលពីឆ្នាំមុន ប្រទេសចិនបានដាក់ពាក្យស្នើរសុំចូលរួមនៅក្នុងកិច្ចព្រមព្រៀង CPTPP ក៏ប៉ុន្តែចិននៅមិនទាន់បានបំពេញតាមតម្រូវការពាក់ព័ន្ធនានាទេ ដូចជាវត្តមានដ៏រឹងមាំនៃសហគ្រាសរដ្ឋ និងលំហូរទិន្នន័យដោយសេរីឆ្លងកាត់ព្រំដែន។ លោក Kwashima បាននិយាយថា «ប្រសិនបើប្រទេសចិនពិតជាចង់ចូលរួមក្នុងកតិកាសញ្ញាពាណិជ្ជកម្មនេះមែន ចិនត្រូវតែពង្រឹងការធ្វើកំណែទម្រង់របស់ខ្លួនដើម្បីបំពេញតាមស្តង់ដារដែលបានកំណត់។ ប្រទេសចិនអាចរៀនសូត្រពីបទពិសោធន៍របស់វៀតណាម ដែលជាប្រទេសសង្គមនិយមមួយដែលបានចូលរួមនៅក្នុងកិច្ចព្រមព្រៀង CPTPP»៕

South China Morning Post

អត្ថបទទាក់ទង