ខ្មែរប៉ុស្ដិ៍ Close

អ្នករាយការណ៍ពិសេស UN កោតសសើរពីវឌ្ឍនភាព ៥ ចំណុច របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 45
អ្នករាយការណ៍ពិសេស UN កោតសសើរពីវឌ្ឍនភាព ៥ ចំណុច របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នករាយការណ៍ពិសេស UN កោតសសើរពីវឌ្ឍនភាព ៥ ចំណុច របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់កម្ពុជាលើការងារសិទ្ធិមនុស្សនៅកម្ពុជា ដែលមានភាពល្អប្រសើរជាច្រើន ជាពិសេសលើវឌ្ឍនភាព ៥ ចំណុច។

ការសម្តែងការកោតសរសើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កិច្ចការ សមិទ្ធផលរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។

បើតាមលោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ លោក កែវ រ៉េមី បានលើកឡើងពីវឌ្ឍនភាពចំនួន៥ចំណុច អំពីសិទ្ធិមនុស្សកម្ពុជា ជូនដល់លោក វិទិត មុនតាប៊ន ដែលបានស្នើសុំមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមមានទី១៖ ការបង្កើតច្បាប់ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ និងដំណើរការវិវត្តន៍, ទី២៖ ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារ និងភាពចង្អៀតណែនក្នុងពន្ធនាគារ, ទី៣៖ ពាក់ព័ន្ធនឹងសិទ្ធិកុមារ, ទី៤៖ ពាក់ព័ន្ធនឹងលំហរប្រជាធិបតេយ្យនៅកម្ពុជា និងទី៥៖ កិច្ចសហការជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងដៃគូអភិវឌ្ឍន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

លោក ជិន ម៉ាលីន បានថ្លែងថា ជាទិសដៅបន្ទាប់នឹងមានការព្រមព្រៀងគ្នាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ គណៈកម្មាធិការសិទ្ធិមនុស្សនឹងរៀបចំប្រអប់តវ៉ា ដើម្បីឱ្យជនជាប់ឃុំឃាំង ឬក៏សាច់ញាតិគាត់អាចដាក់ពាក្យបណ្តឹងតវ៉ាការមិនសុខចិត្ត ជាមួយនឹងប្រអប់នេះដែលគឺគណៈកម្មាធិការសិទ្ធិមនុស្សជាអ្នកគ្រប់គ្រងប្រអប់នេះដោយផ្ទាល់តែម្តង មិនមានអ្នកណាបើកបាននោះទេ ដើម្បីពិនិត្យ និងដោះស្រាយ។

«លោក កែវ រ៉េមី ក៏បានបញ្ជាក់ជូនអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តអប់រំបណ្តុះបណ្តាលមន្ត្រីពន្ធនាគារ ឱ្យកាន់តែយល់ដឹងពីសិទ្ធិមនុស្ស, សិទ្ធិរបស់ជនជាប់ឃុំ និងឱ្យយល់ពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់លោក ជិន ម៉ាលីន។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់ថា គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា នឹងផ្តល់កិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមបណ្តុះបណ្តាលសមត្ថភាព និងផ្នែកបច្ចេកទេសក្នុងការងារសរសេររបាយការណ៍ និងតាមដានការអនុវត្តន៍អនុសាសន៍នានាពាក់ព័ន្ធនឹងសិទ្ធិរបស់កុមារ។

លោក ជិន ម៉ាលីន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក កែវ រ៉េមី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានបើកឱ្យមានលំហរប្រជាធិបតេយ្យ ជាក់ស្តែងតាមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺមានគណបក្សនយោបាយស្របច្បាប់ចំនួន១៧ គណបក្សបានចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋជាង៨០ភាគរយ បានចេញទៅបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីប្រគល់សេចក្តីទុកចិត្តដល់គណបក្សដែលខ្លួនពេញចិត្ត។ ដោយឡែក នៅកម្ពុជា បានបើកយ៉ាងទូលាយដល់ការបញ្ចេញមតិ និងការជួបគ្នា។ល។ និង។ល។ ដោយស្ថិតនៅក្រោមច្បាប់ជាតិ បានយ៉ាងខ្ជាប់ខ្ជួនជាដើម។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា លោក វិទិត មុនតាប៊ន បានកោតសសើរ និងសប្បាយរីករាយ បន្ទាប់ស្តាប់នូវការលើកពីសំណាក់ប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា ចំនួន៥ចំណុច ដែលជាការស្នើសុំរបស់លោកជុំវិញសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរជាច្រើន៕ Fresh News

អត្ថបទទាក់ទង