ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 43

នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ។

ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  1. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ជូនសម្តេច។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នករៀនសូត្រមួយជីវិត ដរាបណានៅមានជីវិត គឺសម្តេចរៀនជារៀងរហូត។
  3. សម្តេចតេជោ ហ៊ុន សែន កោតសរសើរកូនៗ ដែលតែងតែស្តាប់ដំបូន្មានរបស់សម្តេច ធ្វើឱ្យសម្តេចក្លាយទៅជាឪពុកដ៏ល្អ
  4. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសត្រូវរបស់សម្តេច ដែលពួកគេបានធ្វើឱ្យសម្តេចបានខិតខំ និងផ្តល់ឱកាសឱ្យសម្តេច មានការប្រុងប្រយ័ត្ន និងរិះរកមធ្យោបាយ ដើម្បីការពារខ្លួនឯង និងការពារអាយុជីវិតប្រជាជនកម្ពុជា
  5. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលប្រទានពរដល់សម្តេច ក្នុងឱកាសខួបកំណើត
  6. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារជូនពរសម្តេច
  7. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មូលហេតុដែលយើងអាចរៀបចំកិច្ចប្រជុំអាស៊ានដោយផ្ទាល់បាន ដោយសារកត្តាសុវត្ថិភាព សន្តិភាព និងស្ថិរភាពនយោបាយ
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំចាំបាត់បង់សន្តិភាព ទើបខិតខំស្វែងរកសន្តិភាព
  9. សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កត្តាទី២ គឺការត្រួតត្រាបាននូវជំងឺកូវីដ-១៩ ដែលនាំទៅដល់ការបើកដំណើរការប្រទេសឡើងវិញ
  10. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានកត្តា៤ ដែលជំរុញឱ្យកម្ពុជាត្រូវចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩
  11. សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ខណៈដែលពិភពលោកកំពុងមានជម្លោះ សូម្បីតែការរៀបចំកៅអី សម្រាប់រដ្ឋមន្រ្តីការបរទេស មកប្រជុំអាស៊ាន ក៏មានការលំបាកដែរ ដោយសារតែអ្នកខ្លះមិនចង់អង្គុយជិតគ្នា
  12. សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយសារតែមានការបិទផ្លូវមួយចំនួន សម្រាប់គណៈប្រតិភូ មកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកម្ពុជា
  13. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អំឡុងកិច្ចប្រជុំប្រធានអាស៊ានេះ កម្ពុជាមានមហិច្ឆតា ចង់ក្លាយជាលេខាធិការដ្ឋាន RCEP មួយ នៅភ្នំពេញ
  14. សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើចូលរួមបុណ្យសព លោកអាបេ នៅថ្ងៃទី២៧ ខែកញ្ញា
  15. សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅកាន់អ្នករិះគន់ ដែលថា សម្តេចល្ងង់ ដោយសម្តេចបញ្ជាក់ថា បើសម្តេចល្ងង់ ម្ល៉េះមិនអាចឈរជើងបាន៤៥ឆ្នាំ និងឈរជានាយករដ្ឋមន្រ្តី ៤៣ឆ្នាំនោះទេ
  16. សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើ «ហ៊ុនសែនល្ងង់ហើយ» ចុះអ្នកដែល ហ៊ុន សែន ប្រើប្រាស់បាននោះ ជាអ្វី?
  17. សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនេះសម្តេចជាឪបណ្ឌិត ថ្ងៃក្រោយសម្តេចនឹងក្លាយទៅជាជីតាបណ្ឌិត ហើយពេលនេះសម្តេចជានាយករដ្ឋមន្រ្តី ហើយថ្ងៃក្រោយសម្តេចនឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តីទៀត
  18. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា លើកមុនសម្តេចមិនចង់ឱ្យកូនរបស់សម្តេចចូលនយោបាយ ឱ្យត្រឹមធ្វើទាហាន តែពេលនេះសម្តេចជំរុញឱ្យកូនចៅប្រឡូកចូលនយោបាយទាំងអស់
  19. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងការធ្វើវិសោធនកម្មនាពេលនេះ សភាមិនបានបាត់បង់តួនាទីអ្វីទាំងអស់
  20. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជានាយករដ្ឋមន្រ្តីត្រូវបានតែងតាំងដោយ ព្រះមហាក្សត្រ ប៉ុន្តែដើម្បីគណៈរដ្ឋមន្រ្តីទាំងមូល ត្រូវតែឆ្លងសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត
  21. សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបចំពោះអ្នករិះគន់ថា សម្តេចរៀបចំឱ្យកូនបន្តវេន ដោយសម្តេចបញ្ជាក់ថា សម្តេចមិនបណ្តុះបណ្តាលកូនឱ្យធ្វើមេចោរនោះទេ
  22. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំកែតម្រូវថ្ងៃខួបកំណើត គឺដើម្បីឱ្យកូនចៅបានដឹងពីថ្ងៃកំណើតពិតរបស់ខ្ញុំ
  23. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សិស្ស និស្សិត ស្ថិតនៅក្នុងបុគ្គលអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំង ដូចក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធដែរ
  24. សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បច្ចុប្បន្នជារៀងរាល់ខែរាជរដ្ឋាភិបាលត្រូវបន្តចំណាយ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយកូវីដ-១៩
  25. សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការបញ្ជាក់ប្រាប់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឱ្យពិចារណារឿងដាក់ទណ្ឌកម្មលើរុស្ស៉ី ដែលទណ្ឌកម្មនេះធ្វើឱ្យលំបាកទាំងអស់គ្នា រួមទាំងអឺរ៉ុបខ្លួនឯង៕

Fresh News

អត្ថបទទាក់ទង