ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ណែនាំការងារ ៧ចំណុចឲ្យអគ្គនាយកដ្ឋានគយ ពង្រឹងប្រសិទ្ធភាពប្រមូលពន្ធគយ, ឆមាសទី១ ប្រមូលចំណូលបាន ១២៩៥,៤លានដុល្លារ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 42
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ណែនាំការងារ ៧ចំណុចឲ្យអគ្គនាយកដ្ឋានគយ ពង្រឹងប្រសិទ្ធភាពប្រមូលពន្ធគយ, ឆមាសទី១ ប្រមូលចំណូលបាន ១២៩៥,៤លានដុល្លារ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ណែនាំការងារ ៧ចំណុចឲ្យអគ្គនាយកដ្ឋានគយ ពង្រឹងប្រសិទ្ធភាពប្រមូលពន្ធគយ, ឆមាសទី១ ប្រមូលចំណូលបាន ១២៩៥,៤លានដុល្លារ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ គយប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

បើគិតតាមប្រភេទពន្ធ និងអាករឃើញថា អាករពិសេសមានចំនួន ១ ៩៧៧,៧ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ១ ៩៩៦ ប៊ីលានរៀល (ត្រូវជា ៣៧,៦% នៃចំណូលសរុប), ពន្ធគយមានចំនួន ៩៨៩,៨ ប៊ីលានរៀល (ត្រូវជា ១៨,៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១៨៩,៤ ប៊ីលានរៀល (ត្រូវជា ៣,៦% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១០៦,៦ ប៊ីលានរៀល (ត្រូវជា ២,១% នៃចំណូលសរុប)។

ចំពោះចំណូលតាមក្រុមទំនិញឃើញថា យានយន្ត និងគ្រឿងចក្រមានចំនួន ២ ៣៧១,៥ ប៊ីលានរៀល (ត្រូវជា ៤៥,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ១ ៤៥៦,១ ប៊ីលានរៀល (ត្រូវជា ២៧,៧% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ១១០,៣ ប៊ីលានរៀល (ត្រូវជា ២១,១% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ប៊ីលានរៀល (ត្រូវជា ៦,១% នៃចំណូលសរុប)។

ទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖

* ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦ ៥៦១,៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៨៤០,៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩%

* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ២ ៦៥៩,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៥៩,៤ លានដុល្លារអាមេរិក ស្មើនឹង ៤០%,

* ការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៦០,៥ លានដុល្លារអាមេរិក ស្មើនឹង ១០,២% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៣៦៨,៣ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥៦,៨ លានដុល្លារអាមេរិក (១៣,៤%), ការនាំចេញអង្ករមានតម្លៃ ២០៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ០,២ លានដុល្លារអាមេរិក (០,១%), កៅស៊ូនាំចេញមានតម្លៃ ១៨១,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៤,១ លានដុល្លារអាមេរិក (១៥,៣%), និងកសិផលផ្សេងទៀតមានតម្លៃ ៥២៣,៦ លានដុល្លារអាមេរិក កើនឡើង ៨៥,១ លានដុល្លារអាមេរិក (១៩,៤%)។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងឆមាសទី២ ឆ្នាំ២០២២ និងរយៈពេលបន្តបន្ទាប់ខាងមុខ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តអនុវត្តប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ទាំង៥ចំណុចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារសារមន្ទីរគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ និងមតិណែនាំទាំង ៨ ចំណុចរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងបានផ្ដល់សេចក្ដីណែនាំ សម្រាប់ការអនុវត្តការងារចំពោះមុខមួយចំនួនរួមមាន៖

(១)៖ ពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ
(២)៖ ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ទាំងទំនិញដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍ និងទំនិញនាំចូលតាមមាត់ច្រកផ្សេងៗ,
(៣)៖ បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធលើកការងារប្រឆាំងការសម្អាតប្រាក់ (AML),
(៤)៖ បន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដំណាក់កាលទី៣, ការកែលម្អគុណភាពសេវា,ជំរុញការកែទម្រង់មុតស្រួចដោយសហការជាមួយផ្នែកឯកជន និងដៃគូពាក់ព័ន្ធក្នុងការធ្វើសាមញ្ញកម្មនីតិវិធីគយដោយរក្សាទុកក្នុងកម្រិតអប្បបរមា ជាពិសេសលើការនាំចេញ
(៥)៖ អនុវត្តឲ្យបានសកម្មនូវផែនការសកម្មភាពនៃក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការងារគយ
(៦)៖ បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ
និង(៧)៖ បន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់កិច្ចប្រតិបត្តិការគយ និងរកដីរៀបចំកន្លែងត្រួតពិនិត្យទំនិញឲ្យបានសមរម្យជាពិសេសនៅមាត់ច្រកសំខាន់ៗ៕ Fresh News

អត្ថបទទាក់ទង