លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅតំបន់ប៊ូសាន ក្រុងគីមហ៊េប្រមាណជា ៤០០នាក់
ទីក្រុងគីមហ៊េ-សាធារណរដ្ឋកូរ៉េ៖ នារាត្រីថ្ងៃសៅរ៍ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត និងប្រតិភូបានជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនពលករ ស្រ្តី សិស្ស និងនិស្សិតខែ្មរ ដែលកំពុងរស់នៅ និងបំពេញការងារនៅតំបន់ប៊ូសាន ប្រមាណជា ៤០០នាក់ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្តៅបំផុតក្នុងនាមមហាគ្រួសារខ្មែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរនូវភាពវៀងវៃ ឧស្សាហ៍ព្យាយាមរបស់បងប្អូនពលករខ្មែរយើង ដែលតែងតែទទួលបានការកោតសរសើរពីនិយោជកកូរ៉េ។ ទន្ទឹមនឹងនោះ លោកហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរនូវទឹកចិត្តស្រឡាញ់វប្បធម៌ សិល្បៈ ប្រពៃណីខ្មែរ របស់ប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េ ដែលឆ្លៀតពេលយ៉ាងមមាញឹក ខិតខំហ្វឹកហាត់ សិល្បៈ និងសម្តែងជូនសាធារណជនកូរ៉េបានដឹងបានស្គាល់រប្បធម៌ ប្រពៃណីខ្មែរ។
លោក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តផ្តល់សេវាគាំពារសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ និងប្តេជ្ញាខិខិតខំចរចាជាមួយភាគីកូរ៉េរក្សាចំនួនកូតាឲ្យបានច្រើនសម្រាប់ជាឱកាសការងារបន្ថែមដល់បងប្អូនខ្មែរយើង។
តាមការផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨ មានពលករខ្មែរចំនួនប្រមាណជា ៦ ម៉ឺននាក់បានចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលជាមធ្យមពលករម្នាក់អាចទទួលបានប្រាក់ខែពី ១០០០ ទៅ ១២០០ ដុល្លារអាមេរិកក្នុងមួយខែ និងបានផ្ញើរថវិកាជូនក្រុមគ្រួសារនៅក្នុងប្រទេសប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។