ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នឹងមានការហោះហើរត្រង់រវាងកម្ពុជា-អូស្រ្តាលីនាថ្ងៃអនាគតដ៏ខ្លី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 36

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងដំណើរការបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយអូស្រ្តាលីលើការបើកច្រកសម្រាប់ទំនាក់ទំនងលើវិស័យអាកាសចរណ៍ ដែលទៅថ្ងៃអនាគតប្រទេសទាំងពីរនឹងមានការហោះហើរត្រង់ទៅមកតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការហោះហើរទៅមកប្រទេសអូស្រ្តាលី គឺមិនទាន់មានការហោះហើរត្រង់នៅឡើយទេ ពោលគឺត្រូវឆ្លងកាត់ប្រទេសផ្សេងសិន។ ប៉ុន្តែទៅថ្ងៃអនាគត ប្រទេសទាំងពីរនឹងមានការហោះហើរត្រង់រវាងគ្នាប្រសិនបើមានតម្រូវការខ្ពស់ក្នុងចំនួនអ្នកធ្វើដំណើរ រួមផ្សំនឹងការដែលយើងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើសេវាកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ក្រោយពេលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃព្រលានយន្តហោះអន្តរជាតិតេជោនេះហើយ វិស័យទេសចរណ៍នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេសគឺប្រទេសយើងនឹងមានការហោះហើរត្រង់ច្រើនមកពីបណ្តាប្រទេសផ្សេងៗ៕

អត្ថបទទាក់ទង