ការពង្រីកខ្លួនរបស់រដ្ឋឥស្លាម (IS) នៅក្នុងទ្វីបអាហ្រ្វិក និងផលប៉ះពាល់ដែលអាចកើតមានចំពោះតំបន់អាស៊ីអាគ្នេយ៍
កាលពីថ្ងៃទី ១៥ ខែមិថុនា រដ្ឋអ៊ីស្លាមខេត្តអាហ្វ្រិកខាងលិច (Islamic State West Africa Province-ISWAP) ដែលជាសាខារបស់រដ្ឋឥស្លាម (Islamic State-IS) នៅភាគឦសានប្រទេសនីហ្សេរីយ៉ា និងតំបន់ Lake Chad Basin បានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេនូវវីដេអូឃោសនារយៈពេល ៣៩ នាទី ដែលមានចំណងជើងថា «សៀវភៅណែនាំ និងដាវសម្រាប់ជួយ» «A Book that Guides and a Sword that Helps»។
វីដេអូនេះបានអំពាវនាវដល់ប្រជាជនឥស្លាមនៅជុំវិញពិភពលោកឱ្យធ្វើចំណាកស្រុក (Hijrah) ទៅកាន់ទ្វីបអាហ្វ្រិកដើម្បីបង្កើតមូលដ្ឋានប្រតិបត្តិការថ្មីនៅទីនោះ។ ការចេញផ្សាយជា បន្តបន្ទាប់បានបញ្ជាក់ថា «បណ្តារដ្ឋអាហ្រ្វិកគឺជាផ្លូវដ៏ពិសិដ្ឋរបស់រដ្ឋឥស្លាមនិងជាទឹកដីសម្រាប់ការធ្វើ Jihad និង Hijrah»។
ស្ថិតិថ្មីៗបានបង្ហាញថា «ជាងពាក់កណ្តាលនៃខេត្តផ្លូវការរបស់រដ្ឋឥស្លាម (IS) មានទីតាំងស្ថិតនៅអាហ្វ្រិកដោយក្នុងនោះរួមមាន IS-Sinai, IS-Libya, IS-Sahel, ISWAP, IS ខេត្តអាហ្វ្រិកកណ្តាល (ISCAP), IS-Mozambique និង IS-Somalia»។ អាហ្រ្វិក (ជាពិសេស Mozambique) គឺជាតំបន់តែមួយគត់ ដែលរដ្ឋឥស្លាម (IS) អាចដណ្តើមបានការគ្រប់គ្រងទឹកដី បន្ថែមពីលើតំបន់មជ្ឈិមបូព៌ា និងទីក្រុង Marawi នៃ ប្រទេសហ្វីលីពីន។
ISCAP បានឡោមព័ទ្ធកំពង់ផែយុទ្ធសាស្ត្រ «Mocimboa de Praia» នៅក្នុងខែសីហា ឆ្នាំ ២០២០ និងទីក្រុង Palma នៅក្នុងខែមីនា ឆ្នាំ ២០២១ ខណៈដែល IS-Mozambique ត្រូវបានប្រកាសជាខេត្តដាច់ដោយឡែក មួយទៀតនៅក្នុងខែឧសភាឆ្នាំនេះ។
នៅចន្លោះខែមករា ដល់ខែមិថុនា ស្ទើរតែពាក់កណ្តាលនៃការវាយប្រហាររបស់រដ្ឋឥស្លាម (៤៨% ឬ ៥៨៣ ក្នុងចំណោម ១២១៩) ត្រូវបានធ្វើ ឡើងនៅក្នុងទ្វីបអាហ្រ្វិក។ ក្នុងចំណោមនោះ ISWAP គឺជាសាខាអាហ្រ្វិកដ៏សកម្មបំផុត ដោយមានចំណែក ២៦% (៣១៤) នៃការវាយប្រហារសរុបរបស់រដ្ឋឥស្លាម (IS)។ ISWAP ត្រូវបានបង្កើតឡើងជាមូលដ្ឋានរបស់ក្រុម «Boko Haram» និងបានប្រកាសនូវភក្តីភាពចំពោះ IS នៅក្នុងឆ្នាំ ២០១៥។
នៅឆ្នាំ ២០១៦ បន្ទាប់ពីការតស៊ូផ្ទៃក្នុង ISWAP បានបំបែកខ្លួនចេញជា ២ ក្រុម ដោយមួយក្រុមត្រូវបានដឹកនាំដោយមេដឹកនាំ Abubakar Shekau និងមួយក្រុមទៀតត្រូវបានដឹកនាំដោយ Abu Musab al-Barnawi។ បក្ខពួករបស់ Al-Barnawi នៅតែបន្តរួមរស់ជាមួយ IS ខណៈដែលបក្ខពួករបស់ Shekau បានផ្តាច់ខ្លួនចេញពី IS។
ចាប់តាំងពីពេលនោះមក ISWAP បានបន្តពង្រឹងកម្លាំង និងបានក្លាយជាក្រុមធំជាងគេក្នុងចំណោមសាខាទាំងអស់របស់ IS នៅទ្វីបអាហ្រ្វិកដែលមានសមាជិកប្រហែល ៤០០០-៥០០០ នាក់។ វាក៏បានដើរតួនាទី យ៉ាងសំខាន់ផងដែរ ក្នុងការវាយប្រហារ និងស្ទាក់វាយប្រហារលើប៉ូលិស, លើកងកម្លាំងយោធា និងលើសហគមន៍គ្រិស្តសាសនា។
ក្រៅពីទីតាំងដ៏រឹងមាំរបស់ខ្លួននៅភាគឦសានប្រទេសនីហ្សេរីយ៉ា និងតំបន់ Lake Chad, ISWAP ត្រូវបានគេរាយការណ៍ថាកំពុងបន្តពង្រីកខ្លួនទៅកាន់ប្រទេស Cameroon ដែលនៅក្បែរខាងដោយបានធ្វើការវាយប្រហារលើពួកគ្រិស្តសាសនិកនៅក្នុងខែមិថុនា។ ISWAP ត្រូវបានគេសង្ស័យថាជាអ្នក នៅពីក្រោយការសម្លាប់រង្គាលនៅក្នុងព្រះវិហារមួយ ដែលបានធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤០ នាក់នៅទីក្រុង Owo របស់ប្រទេសនីហ្សេរីយ៉ា បើទោះបីជាក្រុមនេះមិនបានអះអាងទទួលខុស ត្រូវចំពោះការវាយប្រហារនេះក៏ដោយ។
ក្រុមនេះក៏នៅពី ក្រោយការទម្លាយពន្ធនាគារនៅជិតរដ្ឋធានី Abuja របស់ប្រទេសនីហ្សេរីយ៉ាផងដែរ ដោយក្នុងនោះអ្នកទោសយ៉ាងតិច ៨០០ នាក់ បានរត់គេចខ្លួនដែលមួយចំនួនគឺជាក្រុម Jihad ជាន់ខ្ពស់។ ក្រុមនេះត្រូវបានគេរាយការណ៍ថាបានទទួលការគាំទ្រក្នុងស្រុក តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគ្រប់គ្រងនិងការផ្តល់សេវានៅក្នុងតំបន់។
ក្រៅពីសកម្មភាពហិង្សា ISWAP បានផ្តោតយ៉ាងខ្លាំងលើការផ្សព្វផ្សាយសាសនាឥស្លាម (dakwah) និងការអប់រំជាពិសេសក្នុងចំណោមយុវជន។ នៅក្នុងខែមករាឆ្នាំនេះ ក្រុមនេះបានចេញផ្សាយវីដេអូមួយដែលមានចំណងជើងថា «The Empowerment Generation» ដែលបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបណ្តុះបណ្តាលក្មេងៗ និងបង្កើតអ្នកប្រយុទ្ធជំនាន់ក្រោយ។
ក្រៅពីការគូសបញ្ជាក់អំពីប្រតិបត្តិការរបស់ក្រុមនៅក្នុងតំបន់ វានៅមានចំណុចសំខាន់ៗចំនួន ២ ទៀតដែលអាចសម្គាល់បានពីវីដេអូរបស់ ISWAP ដែលនោះគឺ «ការអំពាវនាវឱ្យមានសកម្មភាពតាមរយៈការធ្វើ hijra និង jihad និងការផ្តោតលើវិធានការទន់ដូចជា dakwah»។
ក្រុម IS បានបន្តសង្កត់ធ្ងន់លើទ្វីបអាហ្រ្វិក និងបានចាត់ទុកទ្វីបនេះជារោងមហោស្រពរបស់ក្រុម jihad ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីមុន។ ការបោះពុម្ពផ្សាយលើកទី343 «An-Naba» មានចែងថា «អ្វីដែលយើងបាននិងកំពុងឃើញនៅទ្វីបអាហ្រ្វិកនៅសព្វថ្ងៃនេះ គឺពិតជាដូចអ្វីដែលយើងបានឃើញកាលពីប៉ុន្មានឆ្នាំមុននៅអ៊ីរ៉ាក់ និងស៊ីរី (Sham)»។
ទ្វីបអាហ្រ្វិកបានក្លាយជាមជ្ឈមណ្ឌលរបស់ក្រុម jihad និងជាចំណុចយុទ្ធសាស្ត្រ សំខាន់របស់ក្រុម IS។ ក្រុមនេះបានទាញយកផលប្រយោជន៍ពីភាពក្រីក្រ, ជម្លោះសាសនា និងជនជាតិ ភាគតិច និងអភិបាលកិច្ចខ្សោយនៅក្នុងតំបន់។ ភ្លាមៗ បន្ទាប់ពីការចេញផ្សាយវីដេអូដំបូង ក្រុម IS បានបន្តចេញផ្សាយវីដេអូខ្លីៗពីសាខាកណ្តាលរបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដោយបានលើកសរសើរ សមភាគីរបស់ពួកគេនៅទ្វីបអាហ្រ្វិក និងបានបន្តការអំពាវនាវឱ្យមានការធ្វើ hijrah នៅទីនោះ។
ជាថ្មីម្តងទៀត សកម្មភាពនេះបានបង្ហាញអំពីសារៈសំខាន់ដែល IS Central កំពុងផ្តល់ដល់ទ្វីបអាហ្វ្រិក។ ក្រុមនេះក៏បានសង្កត់ធ្ងន់ផងដែរអំពី សារៈសំខាន់នៃការធ្វើ jihad ជាកំហិតរហូតដល់ច្បាប់ឥស្លាម (Shariah) និងប្រព័ន្ធដាក់ទណ្ឌកម្មក្រោមច្បាប់ឥស្លាម (hudud) ត្រូវបានពង្រឹង បូករួមនឹងភាពចាំបាច់ក្នុងការសងសឹកលើ ពួក kafir ដែលបានបន្តប្រមាថចំពោះម៉ូស្លីម។
ISWAP ត្រូវបានផ្សព្វផ្សយថាជា «អ្នកការពារសាសនា, អាយុជីវិត, ទ្រព្យសម្បត្តិ និងការ គោរពរបស់ម៉ូស្លីម»។ ISWAP បានបន្តសង្កត់ធ្ងន់លើការផ្សព្វផ្សាយសាសនា តាមរយៈសកម្មភាពផ្សព្វផ្សាយ និងវគ្គ dakwah។ នៅក្នុងវីដេអូ វាមានឈុតឆាកមួយចំនួនដែលបង្ហាញអំពីគ្រូសាសនាដែលកំពុងប្រៀនប្រដៅ ដល់ក្រុមមនុស្សបូករួមទាំងកុមារ។
អ្នកវិភាគផ្នែកសន្តិសុខ Mina al-Lami បានកត់សម្គាល់ថា «សារដែល IS និង ISWAP កំពុងព្យាយាមចែកចាយនោះគឺ នៅពេលពួកគេដណ្តើមបានការគ្រប់គ្រងលើទឹកដីណាមួយ (មិនថាតូចប៉ុណ្ណានោះទេ) ពួកគេនឹងប្រញាប់ប្រញាល់អនុវត្ត Shariah ដែលនេះ មានលក្ខណៈខុសគ្នាពីពួកតាលីបង់នៅអាហ្វហ្គានីស្ថាន»។
ដូចគ្នានេះផងដែរ ក្រុម ISWAP បានបង្ហាញអំពីសមត្ថភាពអភិបាលកិច្ចរបស់ខ្លួនតាមរយៈការបង្ហាញអំពីគណៈកម្មាធិការប៉ូលីសសីលធម៌ (Dewan Hisbah) ដែលទើបបង្កើតថ្មី ដែលមានមុខងារការពារប្រជាជនម៉ូស្លីមពីការរំខាន និងការណែនាំជនជាតិម៉ូស្លីមឆ្ពោះទៅរកភាពល្អ និងទៀងត្រង់»។
ផ្នែកមួយនៅក្នុងវីដេអូក៏បានបង្ហាញអំពីនាយកដ្ឋាន zakat របស់ ISWAP ផងដែរ ដែលមានភារកិច្ចប្រមូលនិងចែកចាយឡើងវិញនូវទានជូនដល់អ្នកខ្វះខាត។ មិនយូរប៉ុន្មានបន្ទាប់ពីការចេញ ផ្សាយទាំងវីដេអូ និងព្រឹត្តិបត្រព័ត៌មានត្រូវបានបកប្រែទៅជាភាសា «Bahasa Indonesia» និងបានចេញផ្សាយនៅ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់ IS។
កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនេះក្នុងការផលិតឯកសារបកប្រែនៃការឃោសនារបស់ខ្លួន បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការទាក់ទាញទស្សនិកជនឱ្យបានកាន់តែទូលំទូលាយឱ្យមកចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក។ សកម្មភាពទាំងនេះធ្លាប់បានធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី នៅចន្លោះឆ្នាំ ២០១៤ ដល់ ២០១៧។
ដើម្បីអាចទាក់ទាញប្រជាជនអាស៊ីអាគ្នេយ៍ឱ្យចូលរួមជាមួយសម្ព័ន្ធ IS នៅអាហ្វ្រិកវាមានលក្ខខណ្ឌចាំបាច់ចំនួន ៣។
ទី១ ៖ គឺ «ការលើកឡើងអំពីនិទានកថារបស់ឥស្លាម ដោយព្យាយាមបង្ហាញថា ទ្វីបអាហ្រ្វិកគឺជាទឹកដីសម្រាប់ការធ្វើ jihad និង hijra ហើយគ្រប់គ្នានឹងត្រូវបានអនុញ្ញាតឱ្យទៅទីនោះ»។
ទី២ ៖ គឺ «តម្រូវការសម្រាប់ការមានអ្នកដឹកនាំដែលមាន ចិត្តសប្បុរស»។ ឧទាហរណ៍កន្លងមក រួមមានជនជាតិម៉ាឡេស៊ី Muhammad Wanndy និងឥណ្ឌូណេស៊ី Bahrumsyah ដែលអាចមានឥទ្ធិពលក្នុងការទាក់ទាញប្រជាជនអាស៊ីអាគ្នេយ៍ (ជាពិសេស ប្រជាជនម៉ាឡេស៊ី និងឥណ្ឌូនណេស៊ី) ឱ្យធ្វើដំណើរទៅចូលរួមនៅក្នុងជម្លោះនៅស៊ីរីនិងអ៊ីរ៉ាក់។
ក្នុងករណីទាក់ទងនឹងលោក Bahrumsyah ការបង្ហាញខ្លួនរបស់ លោកនៅក្នុងវីដេអូឃោសនារបស់ IS ក្នុងឆ្នាំ ២០១៤ ដែល មានចំណងជើងថា «Join the Ranks» ដែលត្រូវបានផលិតដោយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ Al-Hayat បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញប្រជាជនអាស៊ីអាគ្នេយ៍ឱ្យធ្វើដំណើរទៅកាន់ប្រទេសស៊ីរី។
លក្ខខណ្ឌទី៣ គឺ «ការបង្កើតក្រុមអាស៊ីអាគ្នេយ៍ដែល មានលក្ខណៈស្រដៀងគ្នានឹងក្រុម Katibah Nusantara ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេសស៊ីរី ដើម្បីបំពេញតម្រូវការរបស់យុទ្ធជនអាស៊ីអាគ្នេយ៍នៅទីនោះ»។ ក្រុមប្រភេទនេះអាចជួយសម្រួល ដល់ការធ្វើដំណើររបស់បុគ្គល, ជួយដល់ការធ្វើទំនាក់ទំនងជាមួយ IS Central និងការរៀបចំការវាយប្រហារ។ នៅឆ្នាំ ២០២១ ជនជាតិម៉ាឡេស៊ី Ahmad Mustakim ត្រូវបានកាត់ទោសនិងដាក់ពន្ធនាគារ នៅក្នុងប្រទេសសូម៉ាលី ក្រោយត្រូវបានរកឃើញថាជា សមាជិកនៃក្រុម Al-Shabaab។
ពាក់ព័ន្ធនឹងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជាច្រើនបានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង (MENA) ដើម្បីទទួលបានការអប់រំ និងការងារដែលទាក់ទងនឹងសាសនា ហើយវាអាចទៅរួចដែលថា «មនុស្ស ដែលមាននិន្នាការជ្រុលនិយមអាចត្រូវ បានល្បួងឱ្យចូលរួមជាមួយ IS នៅទីនោះ»។ ជាក់ស្តែង Ahmad Mustakim បានធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិកក្នុងឆ្នាំ ២០០៩ ក្នុងអំឡុងពេលកំពុងសិក្សានៅ ប្រទេសយេម៉ែន។
បញ្ហាប្រឈមសម្រាប់ប្រព័ន្ធសន្តិសុខរបស់តំបន់អាស៊ីអាគ្នេយ៍ គឺការកត់ត្រាអំពីចំនួនពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅក្នុងបណ្តាប្រទេស MENA ដោយហេតុថា «បុគ្គលដែលមាននិន្នាការជ្រុលនិយមអាចនឹងព្យាយាមចូលទៅក្នុងតំបន់ដែលគ្រប់គ្រងដោយ IS»។
ក្រៅពីការធ្វើ ដំណើរទៅកាន់ទ្វីបអាហ្រ្វិក ផលវិបាកដែលអាចកើតមានមួយទៀតគឺការបង្កើតបណ្តាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ សមាជិកនៃក្រុមភេរវករអាហ្រ្វិក ដូចជា Al-Shabaab, Al-Shariah Al-Tunisia និងក្រុម Egyptian Muslim Brotherhood ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ខណៈពេលដែលពួកគេកំពុងរៀបចំផែនការវាយប្រហារនៅឯបរទេស។
ក្នុងន័យនេះ សេវាសន្តិសុខគួរតែ ស្វែងយល់អំពីក្រុមជ្រុលនិយម និងការជ្រើសរើសសមាជិកនៅក្នុងចំណោមប្រជាជនអាហ្វ្រិក ដែលកំពុងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រសិនបើមានការប្រកាសស្រដៀងគ្នាអំពី Caliphate នៅក្នុងទ្វីបអាហ្រ្វិក ដូចដែលធ្លាប់កើតមាន ពីមុននៅក្នុងឆ្នាំ ២០១៤ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយប្រសិនបើមិនមានការចាត់វិធានការដើម្បីទប់ស្កាត់ចលនាភេរវករទេ នោះបម្លាស់ទីរបស់ពលរដ្ឋអាស៊ីអាគ្នេយ៍ទៅកាន់ទ្វីបអាហ្វ្រិកអាចនឹងកើតមាន។
ទ្វីបអាហ្រ្វិកអាចផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់ IS ក្នុងការ ប្រកាស Caliphate បើប្រៀបធៀបទៅនឹង Khorasan wilayah ដោយសារតែការគ្រប់គ្រងរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង Doha ។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនអាចរារាំងប្រជាជនអាស៊ីអាគ្នេយ៍ពីការធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ដោយក្នុងនោះរួមមានថ្លៃធ្វើដំណើរ, ចម្ងាយ, ភាសា និងភាពមិនស៊ាំជាមួយ នឹងតំបន់អាហ្វ្រិក។
ការអំពាវនាវ របស់ ISWAP សម្រាប់ការធ្វើ hijrah និង jihad បានបង្ហាញយ៉ាងច្បាស់អំពីការបន្តពង្រីកបណ្តាញIS នៅទូទាំងពិភពលោក។ គេនឹងបន្តរងចាំមើលថា «តើទ្វីបអាហ្រ្វិក ឬផ្នែកខ្លះនៃទ្វីបអាហ្រ្វិកនឹងក្លាយទៅជាប្រទេសអ៊ីរ៉ាក់ ឬស៊ីរីបន្ទាប់ដែរឬទេ»។ ភ្នាក់ងារសន្តិសុខត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការគំរាមកំហែងរបស់ IS នៅតែមានកម្រិតខ្ពស់ បើទោះបីជាក្រុមនេះកំពុងផ្តោតចម្បងតែទៅលើទ្វីបអាហ្រ្វិកក៏ដោយ។
ជាមួយនឹងជ័យជំនះរបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១, ការគំរាមកំហែងពីសំណាក់ក្រុម Al-Qaeda បូករួមនឹងភាពធន់របស់ក្រុម IS នៅទូទាំងពិភពលោក ហានិភ័យនៃអំពើភេរវកម្មនឹងអាច និងនៅតែបង្កជាអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូលសម្រាប់រយៈ ពេលជាច្រើនឆ្នាំខាងមុខ៕
The Diplomat