ខ្មែរប៉ុស្ដិ៍ Close

សេដ្ឋកិច្ចរុស្ស៊ីមិនបានដួលរលំនៅក្រោមទម្ងន់នៃទណ្ឌកម្មទេ ដូច្នេះតើទណ្ឌកម្មបានទទួលជោគជ័យឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 39
សេដ្ឋកិច្ចរុស្ស៊ីមិនបានដួលរលំនៅក្រោមទម្ងន់នៃទណ្ឌកម្មទេ  ដូច្នេះតើទណ្ឌកម្មបានទទួលជោគជ័យឬទេ? សេដ្ឋកិច្ចរុស្ស៊ីមិនបានដួលរលំនៅក្រោមទម្ងន់នៃទណ្ឌកម្មទេ ដូច្នេះតើទណ្ឌកម្មបានទទួលជោគជ័យឬទេ?

ទណ្ឌកម្មត្រូវបានដាក់ភ្លាមៗមកលើប្រទេសរុស្ស៊ីក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។ បណ្តាមេដឹកនាំពិភពលោកបានព្រមានរុស្ស៊ីថា «ពួកគេនឹងធ្វើឱ្យសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់ទី ១១ របស់ពិភពលោក រងនូវការដួលរលំ»។

មិនយូរប៉ុន្មាន ប្រាក់ Rouble របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតបើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅថ្ងៃទី ០៧ ខែមីនា។ ទីផ្សារភាគហ៊ុនរបស់រុស្ស៊ីក៏បានផ្អាកការជួញដូរអស់រយៈពេលមួយខែ ហើយសេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានព្យាករណ៍ដោយ «Wall Street» ថានឹងធ្លាក់ចុះក្នុងចំនួនដ៏គួរឱ្យកត់សម្គាល់ គឺ ៩,៦%។

ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម ក្រុមហ៊ុនជាង ៣០០ បានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ហើយក្រុមហ៊ុនរាប់រយទៀត ក៏បានផ្អាកសកម្មភាពអាជីវកម្មសំខាន់ៗរបស់ខ្លួនស្ទើរតែទាំងស្រុង ឬមួយភាគធំ។ ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ ប្រាក់ Rouble បែរជាមានភាពរឹងមាំជាងមុន ដែលថ្មីៗនេះបានឡើងដល់កម្រិតខ្ពស់ គឺចំនួន ៥២,៣ បើធៀបនឹងប្រាក់ដុល្លារ ដែលខ្ពស់ជាងកម្រិតនៅមុនការឈ្លានពានចូលអ៊ុយក្រែន ទៅទៀត។

រដ្ឋាភិបាលរុស្ស៊ីបានលើកឡើងថា «ការស្ទុះងើបឡើងវិញរបស់ប្រាក់ Rouble គឺជាភស្តុតាងដែលបង្ហាញថា ទណ្ឌកម្មមិនបានទទួលជោគជ័យនោះទេ»។ ក្រុមហ៊ុន JPMorgan បានប្រកាសអំពីការព្យាករណ៍ថ្មីនៅក្នុងខែកក្កដាថា «សេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងកើនលើសការរំពឹងទុក ដោយក្នុងនោះ GDP របស់ប្រទេសនេះឥឡូវនេះ ត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះត្រឹមតែ ៣,៥% ប៉ុណ្ណោះ»។

តម្លៃថាមពលបានបន្តឡើងយ៉ាងខ្ពស់ ហើយបើយោងតាមអង្គការរស្រាវជ្រាវថាមពលនិងខ្យល់ស្អាត (Centre for Research on Energy and Clean Air) «រុស្ស៊ីអាចរកបានថវិកាបានចំនួន ៩៧ ពាន់លានដុល្លារពីការនាំចេញប្រេងនិងឧស្ម័ន ក្នុងរយៈពេលតែ ១០០ ថ្ងៃ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានចាប់ផ្តើម បើទោះបីជាចំនួននាំចេញមានការធ្លាក់ចុះ ហើយប្រេងឆៅរបស់រុស្ស៊ីត្រូវបានលក់ក្នុងតម្លៃថោកៗក៏ដោយ»។

ការដាក់ទណ្ឌកម្ម និងការហាមប្រាមការនាំចូលប្រេងរបស់រុស្ស៊ីបានជំរុញឱ្យតម្រូវការប្រេងមានការកើនឡើង នៅក្នុងចំណោមប្រទេសអ្នកផលិតប្រេងផ្សេងទៀត ដែលជាហេតុជំរុញឱ្យមានការកើនឡើងតម្លៃ។ អឺរ៉ុបនៅតែជាទិសដៅដ៏សំខាន់សម្រាប់ការនាំចេញ ប្រេង, ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី។

ប៉ុន្តែវាអាចទៅរួចដែលថា «ភាពអនុគ្រោះរបស់រុស្ស៊ីនឹងរលាយបាត់ នៅពេលដែលប្រទេសនានានាំគ្នាចាត់វិធានការដើម្បីកាត់បន្ថយតម្លៃថាមពល»។ សហភាពអឺរ៉ុបបាននិយាយថា «ខ្លួនមានបំណងកាត់បន្ថយការនាំចេញប្រេងរបស់រុស្ស៊ីចំនួន ៩០% ឱ្យបាននៅត្រឹមចុងឆ្នាំនេះ» ហើយក្រុមប្រទេស G7 ក៏មានបំណងកំណត់តម្លៃប្រេងរបស់រុស្ស៊ីផងដែរ។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ ទី ១៦ កក្កដា ត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចុះបញ្ចូលប្រទេសនេះឱ្យបង្កើនផលិតកម្មប្រេងដើម្បីកាត់បន្ថយការកើនឡើងតម្លៃថាមពល។

ខណៈពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនឹងរៀបចំឡើងនៅក្នុងខែវិច្ឆិកាខាងមុខ ហើយតម្លៃប្រេងឥន្ធនៈកំពុងក្លាយជាប្រធានបទដ៏សំខាន់ យើងអាចរំពឹងបានថា «សហរដ្ឋអាមេរិកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីគ្រប់គ្រងតម្លៃថាមពលដែលកំពុងកើនឡើង»។ ប៉ុន្តែវាមានសញ្ញាដែលបង្ហាញថា «សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងនៅតែអាចបន្តដំណើរការនៅក្នុងពេលវេលាដ៏លំបាកនេះ»

ជាលើកដំបូង ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី ១ មក ប្រទេសរុស្ស៊ីបានធ្លាក់ក្នុងស្ថានភាពមិនអាចបង់សងបំណុលបរទេសបាន (Default) ក៏ប៉ុន្តែ វិមានក្រឹមឡាំងបានបដិសេធថា «រុស្ស៊ីមិនបានធ្លាក់ទៅក្នុងស្ថានភាពនេះទេ» ដោយក្នុងនោះរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានចាត់ទុកការលើកឡើងបែបនេះថាជា «រឿងដ៏គួរឱ្យអស់សំណើច»

ប្រធានាធិបតី Vladimir Putin ក៏បានប្រកាសនៅឯវេទិកា St Petersburg ដែរថា «ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ដែលបានដាក់មកលើរុស្ស៊ី បានទទួលបរាជ័យហើយ»។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះនឹងបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់រុស្ស៊ី ក្នុងការទាក់ទាញវិនិយោគិន ហើយនឹងបង្កើនការចំណាយរបស់រុស្ស៊ីលើការខ្ចីប្រាក់។

នៅពេលដែលទណ្ឌកម្មនៅតែបន្ត ប្រទេសរុស្ស៊ីនឹងបន្តជួបប្រទះនឹងកង្វះខាតផលិតផលនាំចូល។ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី «Aeroflot» បានប្រកាសថា «ខ្លួននឹងប្រើប្រាស់គ្រឿងបន្លាស់របស់យន្តហោះចាស់ៗដើម្បីយកមកកែលម្អ និងពង្រឹងយន្តហោះរបស់ខ្លួន»។

ក្រុមហ៊ុនបារាំង «Renault» ដែលធ្លាប់ដើរតួទាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មរថយន្តរបស់រុស្ស៊ី បានចាកចេញពីប្រទេសនេះហើយកាលពីខែឧសភា។ បញ្ហានេះបានធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ី សម្រេចចិត្តធ្វើជាតូបនីយកម្មរោងចក្រ ហើយនឹងផលិតរថយន្តដោយខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ ដោយសារគ្មានធាតុផ្សំសំខាន់ៗពីបរទេស ក្រុមហ៊ុនផលិតរបស់រុស្ស៊ីនឹងត្រូវផលិតរថយន្តដោយគ្មានហ្វ្រាំង ឬពោងសុវត្ថិភាព។ ប្រទេសរុស្ស៊ីអាចនឹងបើកដំណើរការហាង McDonald តាមបែបរុស្ស៊ីបាន ក៏ប៉ុន្តែវានឹងមិនអាចទៅរួចនោះទេសម្រាប់ឧស្សាហកម្មរថយន្ត និងអាកាសចរណ៍ដែលបានពឹងផ្អែកខ្លាំងលើការនាំចូល។

ប្រាក់ Rouble ដ៏រឹងមាំអាចឆ្លុះបញ្ចាំងពីការដួលរលំនៃវិស័យនាំចូលរបស់រុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្ម ខណៈពេលដែលរុស្ស៊ីនៅតែបន្តពង្រឹងការគ្រប់គ្រងលើដើមទុនយ៉ាងតឹងរ៉ឹង។ ជាមួយនឹងតម្លៃទំនិញកើនឡើងខ្ពស់ ប្រទេសរុស្ស៊ីបានរាយការណ៍អំពីការកើនឡើងអតិរេកពាណិជ្ជកម្ម ដែលជាហេតុជំរុញឱ្យប្រាក់ Rouble កើនឡើងតម្លៃ។

ប្រទេសរុស្ស៊ីកំពុងជួបប្រទះនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវទំនិញប្រើប្រាស់សំខាន់ៗ។ តម្លៃទំនិញប្រើប្រាស់ដែលនាំចូលពីបរទេសបានកើនឡើង និងបានធ្វើឱ្យប្រជាជនរុស្ស៊ីជាច្រើនមិនមានលទ្ធភាពទិញ។ លោក Putin ក៏អាចស្ថិតនៅក្រោមសម្ពាធក្នុងស្រុកកាន់តែខ្លាំងផងដែរ ប្រសិនបើប្រជាជនរុស្ស៊ីនៅតែបន្តរងទុក្ខ។

កម្រិតអតិផរណាគឺមានកម្រិតខ្ពស់រហូតដល់ ១៧,៨% នៅក្នុងខែមេសា ហើយអត្រា ២០,៥% សម្រាប់តម្លៃម្ហូបអាហារគឺជាចំនួនមួយដ៏ខ្ពស់ បើប្រៀបធៀបជាមួយបណ្តាប្រទេសលោកខាងលិច។ នៅពេលនេះវាពិបាកក្នុងការសន្និដ្ឋានថា «តើទណ្ឌកម្មអាចយកឈ្នះលើកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីបានដែរឬទេ»។

កងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើតំបន់ Donbas បន្ទាប់ពីការប្រកាសជ័យជម្នះនៅ Luhansk ។ រុស្ស៊ីទំនងជាបានត្រៀមរៀបចំខ្លួនសម្រាប់ការធ្វើសង្រ្គាមរយៈពេលវែង ខណៈដែលសភា Duma កំពុងព្យាយាមអនុម័តច្បាប់មួយដែលនឹងបង្ខំឱ្យបណ្តាអាជីវកម្មនានាផ្គត់ផ្គង់ទំនិញដល់យោធា បូករួមនឹងការបង្ខំឱ្យបុគ្គលិករបស់ពួកគេធ្វើការបន្ថែមម៉ោង។

ប៉ុន្តែវាមានសញ្ញាដែលថា «ទណ្ឌកម្មពិតជាបាននិងកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់លើសមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តសង្រ្គាម» ដោយក្នុងនោះ ឧបករណ៍យោធារបស់រុស្ស៊ី ដែលត្រូវបានដកហូត ត្រូវបានរកឃើញថា មានផ្ទុកបន្ទះសៀគ្វីកុំព្យូទ័រ ដែលយកចេញពីទូទឹកកក និងម៉ាស៊ីនលាងចាន។ បច្ចេកវិទ្យាយោធាទំនើបៗ ត្រូវការសមាសធាតុទំនើបៗ ដូចជាមីក្រូឈីប ដែលភាគច្រើនគឺជាទំនិញនាំចូល។

នៅពេលដែលតម្លៃថាមពលរងនូវធ្លាក់ចុះ សង្រ្គាមរបស់រុស្ស៊ីក៏អាចចាប់ផ្តើមថមថយផងដែរ។ អតីតសមាជិកព្រឹទ្ធសភាអាមេរិក John McCain ធ្លាប់បានហៅប្រទេសរុស្ស៊ីថាជា «ស្ថានីយ៍ប្រេងឥន្ធនៈដែលក្លែងបន្លំខ្លួនជាប្រទេសមួយ» «a gas station masquerading as a country»។ រឿងនេះអាចនៅតែជាការពិតសម្រាប់ប្រទេសរុស្ស៊ីនៅពេលនេះ។

នៅពេលដែលអឺរ៉ុបអាចកាត់បន្ថយការពឹងផ្អែកដ៏គ្រោះថ្នាក់របស់ខ្លួនលើថាមពលរបស់រុស្ស៊ី ហើយនៅពេលដែលតម្លៃទំនិញមានស្ថិរភាព ការដាក់ទណ្ឌកម្មអាចនឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សមត្ថភាព របស់រុស្ស៊ីក្នុងការធ្វើសង្គ្រាម។

បើទោះបីជាមនុស្សគ្រប់រូបនៅក្នុងពិភពលោកត្រូវរងគ្រោះដោយសារការដាក់ទណ្ឌកម្មនេះក៏ដោយ (បូករួមទាំងនៅតំបន់អាស៊ីអាគ្នេយ៍) ក៏ពិភពលោកទាំងមូលត្រូវតែតស៊ូ។ រុស្ស៊ីមិនគួរទទួលបាននូវការអត់ឱនទេចំពោះការឈ្លានពាននៅអ៊ុយក្រែនជាឯកតោភាគីនេះ៕

Channel News Asia

អត្ថបទទាក់ទង