សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ
នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្ដម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្ដម រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ។
ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដែស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។ជាមួយគ្នានោះដែរ ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម សម្តេចតេជោ បានស្នើឲ្យឯកឧត្តម លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដែស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន៕