ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 33
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខា។

ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណជាង៣០នាទី, ខាងក្រោមជាខ្លឹមសារទាំងស្រុង៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្តារ និងការលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ ជាអកុសលការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលជាង ២ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ នៅទូទាំងសកលលោក។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ច ពាក់ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ចំនួន ១០ជុំ រួមទាំងវិធានការនានា នៅឆ្នាំ២០២២នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅធានាលំនឹងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន និងលំនឹងនៃសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាស ក្នុងវិស័យទេសចរណ៍សម្រាប់ការបើកដំណើរការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្មសេវាទេសចរណ៍ ព្រមទាំងការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងដំណាក់កាលងើបឡើងវិញនេះ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩» និង «ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ដើម្បីធានាប្រសិទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសដំបូងគេមួយ នៅក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា ហើយកាលពីខែ មីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកការធ្វើដំណើរតាម ច្រកទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផល ភីស៊ីអ (PCR) តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់ ដោយគ្រាន់តែបង្ហាញបណ្ណ ឬ ព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្ម ធ្វើឱ្យមានសភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើតម្លៃប្រេងឥន្ធនៈនៅតែខ្ពស់ វិបត្តិសេដ្ឋកិច្ចសាកលកើតមាន ហើយនឹងជះឥទ្ធិពលដល់វិស័យទេសចរណ៍ផងដែរ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយ «សូន្យកូវីដ-១៩» របស់ចិន ក៏ជាចំណែកធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើដំឡើងថ្លៃអគ្គិសនី នឹងធ្វើឱ្យសណ្ឋាគារប៉ះពាល់ទាំងអស់ក្នុងបរិបទនៃវិបត្តិកូវីដ-១៩នេះ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង គឺជាចំណែកដ៏ធំក្នុងការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាទេសចរណ៍ផ្ទៃក្នុង នឹងផ្តល់ឱកាសឱ្យពលរដ្ឋបានស្គាល់ស្រុកទេស និងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ.
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងរបស់ពិភពលោក ដែលប្រព័ន្ធឌីជីថល ដើរលឿនមុនកូវីដ-១៩ មួយជំហាន។ បើមិនដូច្នោះទេ ពិភពលោក នឹងកាត់ដាច់ពីគ្នាជាកង់ៗ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា បានរួមចំណែកដោះស្រាយវិបត្តិជំងឺកូវីដ-១៩។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យពិនិត្យប្រព័ន្ធ Wifi នៅតាមទីតាំងសណ្ឋាគារ ដែលមានតែ Wifi តែអត់ដើរ។
  17. សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណេត ឱ្យពង្រឹងលើសេវាអ៉ីនធើណេត។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងើបឡើងវិញទេសចរណ៍អន្តរជាតិអាស្រ័យលើកត្តាច្រើន។ ប៉ុន្តែទេសចរណ៍ផ្ទៃក្នុង គឺចំណុះលើស្ថានភាពជំងឺកូវីដ-១៩ផងដែរ។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចិនដកចេញនូវនយោបាយ «សូន្យកូវីដ» នឹងធ្វើឱ្យអ្នកទេសចរចិនមកកម្ពុជា បានច្រើន។
  20.  ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសជំរុញសន្ទុះនៃវិស័យនេះឱ្យប្រសីរឡើងវិញ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍ចំនួន៧ដូចខាងក្រោម៖
    1. ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះក្រុមការងារ រាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ ។
    2. បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យ ទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍សំដៅឈាន ដល់ការអភិវឌ្ឍ “ទេសចរណ៍ឆ្លាត” ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។
    3. បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារ ទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈ បន្តពង្រឹងការអនុវត្ត វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់ ។ ត្រូវសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។
    4. ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង”របស់កម្ពុជា ។ ក្រសួងទេសចរណ៍ និងគណៈ – កម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើត វេទិការួមអចិន្ត្រៃយ៍ សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវទាំងអស់គ្នា” និងត្រូវពង្រឹងយន្តការ គណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត។
    5. បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
    6. ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា ។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការ គ្នាឱ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់ នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គ តែមួយ” ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ចូលមកកម្ពុជា ពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗ នៅក្នុងតំបន់ និងសកលលោក។
    7. ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ខ្ញុំស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ “កម្ពុជាស្អាត” និង “ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផង។

Fresh News

អត្ថបទទាក់ទង