ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន នឹងធ្វើឱ្យពិភពលោកប្រឈមមុខនឹងវិនាសកម្មអាកាសធាតុ ឬនុយក្លេអ៊ែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 77
សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន នឹងធ្វើឱ្យពិភពលោកប្រឈមមុខនឹងវិនាសកម្មអាកាសធាតុ ឬនុយក្លេអ៊ែរ សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន នឹងធ្វើឱ្យពិភពលោកប្រឈមមុខនឹងវិនាសកម្មអាកាសធាតុ ឬនុយក្លេអ៊ែរ

វិទ្យាសាស្ត្រគឺជាអាវុធមុខ ២ ដែលពេលខ្លះអាចត្រូវបានគេប្រើប្រាស់ក្នុងទិសដៅខុស ដែលជាហេតុបង្កជាគ្រោះថ្នាក់។ ការកើនឡើងនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាទំនើបរវាងសហរដ្ឋអាមេរិកនិងចិន កំពុងបង្កើនហានិភ័យ ដែលអាចជះឥទ្ធិពលអាក្រក់លើមនុស្សជាតិ។

នៅខែមិថុនា អវកាសយានិកចិនមួយក្រុមថ្មីបានទៅដល់ស្ថានីយអវកាសរបស់ប្រទេសចិន «Tiangong» ដើម្បីឈានទៅបញ្ចប់នូវការសាងសង់ដំណាក់កាលចុងក្រោយ។ ទន្ទឹមនឹងនេះដែរ គេរំពឹងថាស្ថានីយ៍អវកាសអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងត្រូវបញ្ឈប់ប្រតិបត្តិការនៅត្រឹមចុងឆ្នាំ ២០៣០ ហើយអង្គការ NASA នៅមិនទាន់បានប្រកាសអំពីផែនការសាងសង់ស្ថានីយ៍អវកាសជំនួសនៅឡើយទេ។

ការសិក្សាមួយនៅពេលថ្មីៗនេះដែលត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងកិច្ចការអន្តរជាតិ (Belfer Center for Science and International Affairs) នៅសាលា «Harvard Kennedy School» បានព្យាករណ៍ថា «ប្រទេសចិននឹងដើរលឿនជាងសហរដ្ឋអាមេរិកនៅក្នុងផ្នែកបច្ចេកវិទ្យាសំខាន់ៗនៃសតវត្សរ៍ទី ២១ នេះ នៅក្នុងរយៈពេល ១ ទសវត្សរ៍ទៀត»។ លោក Nicolas Chaillan ដែលជាអតីតមន្ត្រីជាន់ខ្ពស់ផ្នែក Software នៅមន្ទីរបញ្ចកោណ បានអះអាងថា «ប្រទេសចិនបានឈ្នះការប្រកួតប្រជែងនៅក្នុងផ្នែក Cyberspace រួចស្រេចទៅហើយ»។

ក្នុងពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ «ព្រឹត្តិការណ៍ Sputnik Moment»បានបង្កឱ្យមានវិបត្តិទំនុកចិត្ត និងការព្រួយបារម្ភនៃការបាត់បង់នូវភាពមានប្រៀបរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានប្តេជ្ញារួមកម្លាំងគ្នា ហើយក្រោយមកបានយកឈ្នះលើសហភាពសូវៀត។ នៅពេលសហភាពសូវៀតដួលរលំ អតីតគូសត្រូវទាំង២ នេះបានសហការគ្នា បូករួមទាំងនៅក្នុងបេសកកម្មរួមដើម្បីឈានទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (International Space Station) ទៀតផង។

ប្រទេសរុស្ស៊ីបាននិយាយថា «ខ្លួននឹងបញ្ចប់កិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកស្ថានីយ៍អវកាស ដើម្បីប្រតិកម្មទៅនឹងទណ្ឌកម្មដែលខ្លួនបានទទួលរង បន្ទាប់ពីការឈ្លានពាននៅអ៊ុយក្រែន» ហើយសហរដ្ឋអាមេរិកនិងរុស្ស៊ី ក៏បានប្រឈមមុខនឹងការប្រទូសរ៉ាយគ្នាជាថ្មីម្តងទៀត។ ក្រៅពីការប្រកួតប្រជែងលើបេសកកម្មនៅស្ថានព្រះច័ន្ទ និងភពព្រះអង្គារ កែវពង្រីក (Telescope) របស់សហរដ្ឋអាមេរិកនិងចិន កំពុងបង្កើនសមត្ថភាពរុករកនៅក្នុងលំហអវកាស ដើម្បីស្វែងរកសមាសធាតុនៅក្រៅភពផ្សេងៗទៀត។

ប៉ុន្តែ ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិននៅលំហអវកាស ក៏កំពុងងាកឆ្ពោះទៅរកការប្រកួតប្រជែងសព្វាវុធផងដែរ ដោយក្នុងនោះ ភាគីនីមួយៗកំពុងចោទប្រកាន់គ្នាទៅវិញទៅមកពីបទធ្វើសព្វាវុធនីយកម្មនៅលំហអវកាស។ ការបង្កើតក្រុមការងារលំហអវកាសរបស់អាមេរិក (US Space Force) នៅឆ្នាំ ២០១៩ នៅក្រោមរដ្ឋបាលរបស់លោក Trump បានធ្វើឱ្យស្ថានភាពវិវឌ្ឍទៅកាន់តែតានតឹង ដែលអាចឈានទៅ បង្កផលវិបាកផ្នែកសន្តិសុខជាតិ និងយោធាយ៉ាងធ្ងន់ធ្ងរ។

បើងាកមកមើលនៅលើផែនដីវិញ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាយ៉ាងស្វិតស្វាញក៏កំពុងកើនឡើងកម្តៅផងដែរ។ បដិវត្តឧស្សាហកម្មជំនាន់ទី៤ ( Industry 4.0) កំពុងប្រែក្លាយប្រទេសចិនឱ្យទៅជាបណ្តាញដ៏ធំ ល្វឹងល្វើយមួយនៃបណ្តុំទីក្រុងឆ្លាតវៃ។ បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា5G និងបណ្តាញអ៊ីនធឺណិតកំពុងជួយពង្រឹងអភិបាលកិច្ចសង្គម និងរបៀបរស់នៅរបស់ពលរដ្ឋចិន។

សម្រាប់មនុស្សមួយចំនួន ប្រទេសចិនដែលនឹងមានលក្ខណៈឌីជីថលនីយកម្មជឿនលឿននៅក្នុងពេលអនាគតគឺជារឿងល្អ ខណៈអ្នកផ្សេងទៀតបានលើកឡើងថា «ប្រទេសចិនដែលមានបច្ចេកវិទ្យាកាន់តែទំនើបខ្លាំង គឺជារឿងដ៏អាក្រក់សម្រាប់អនាគត»។ ការដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ត្រូវបានគេចាត់ទុកជាវិធានការមួយដើម្បីទប់ស្កាត់ពិភពលោកសេរីពីការក្លាយខ្លួនទៅជារដ្ឋដែលពោរពេញទៅដោយការរឹតត្បិតនិងការស៊ើបការណ៍ (Mass Surveillance State)។

ជារួម ប្រព័ន្ធអ៊ីនធឺណិតនៅពេលនេះ ត្រូវបានបែងចែកទៅជាប៉ូលឌីជីថល ២ គឺបច្ចេកវិទ្យាឌីជីថល (Virtual Reality) ដែលមានលក្ខណៈបើកចំហនិងសេរី ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងលំហរអ៊ីនធឺណេត (Cyber Space) របស់ប្រទេសចិនដែលមានចរិតលក្ខណៈតាមបែបចិន។ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាទំនើបរវាងសហរដ្ឋអាមេរិកនិងចិន កំពុងនាំមកនូវបញ្ហាប្រឈមជាច្រើន។

ការប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកឧត្តមភាពក្នុងលំហរអ៊ីនធឺណិត (Cyber Space) និងលំហអវកាស អាចនឹងក្លាយទៅជាកត្តាកំណត់ថា «តើនរណានឹងក្លាយជាមហាអំណាចយោធា និងភូមិសាស្ត្រសេដ្ឋកិច្ចនាំមុខគេ»។ ក្រៅពីការបង្កការរង្គោះរង្គើដល់ការរក្សាតុល្យភាពអំណាចសកល ការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនេះក៏កំពុងបង្កការបំផ្លាញដល់សមត្ថភាពរបស់សហគមន៍វិទ្យាសាស្ត្រផងដែរ ក្នុងការដោះស្រាយវិបត្តិដែលកំពុងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។

ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ-១៩ អ្នកវិទ្យាសាស្ត្របានបង្កើតវ៉ាក់សាំង mRNA នៅក្នុងល្បឿនដែលគេមិននឹកស្មានដល់។ ទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នាជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ និងបានបង្កការរាំងស្ទះដល់ការឆ្លើយតបជាសកលទៅនឹងការរាតត្បាតនៃវីរុស។

ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការកើនឡើងកម្ដៅនៅក្នុងពិភពលោក អ្នកវិទ្យាសាស្ត្រចិន បានបង្កើតបច្ចេកវិទ្យាបៃតងដ៏ទំនើបបំផុតមួយចំនួន។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកបែរជាបានហាមឃាត់ការនាំចូលបន្ទះសូឡា ដែលផលិតដោយចិន ដោយបានលើកហេតុផលពីការរំលោភសិទ្ធិមនុស្សរបស់ចិននៅតំបន់ Xinjiang។

ស្ថានភាពប្រទូសរ៉ាយគ្នាដ៏ខ្លាំងបែបនេះ កំពុងធ្វើឱ្យសហរដ្ឋអាមេរិកនិងចិនមិនសូវផ្តោតការយកចិត្តទុកដាក់លើភាពចាំបាច់ក្នុងការធ្វើការរួមគ្នាដើម្បីសង្គ្រោះភពផែនដីទេ។ ជាជំនួសវិញ ពួកគេបាននិងកំពុងជាប់ដៃ នៅក្នុងការប្រកួតប្រជែងគ្នាដើម្បីបង្កើតអាវុធកាន់តែគ្រោះថ្នាក់ ដូចជាដ្រូនទម្លាក់គ្រាប់បែក «Killer Drone» និងគ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេង «Hypersonic Missile»

ការប្រកួតប្រជែងកាន់តែតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកំពុងស្ថិតនៅលើផ្លូវដ៏គ្រោះថ្នាក់ ដែលអាចបង្កការបំផ្លាញដល់គ្នាទៅវិញទៅមក និងដែលអាចទាញមនុស្សជាតិទាំងមូលចូលទៅក្នុងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលអាចជាវិនាសកម្មនៃការប្រែប្រួលអាកាសធាតុ ឬជាវិនាសកម្មនុយក្លេអ៊ែរ។

ក្រៅពីនេះ កម្លាំងមួយទៀតក៏អាចនឹងលេចចេញជារូបរាងឡើង ហើយអាចបង្កការគំរាមកំហែងដល់មនុស្សជាតិផងដែរ។ នៅខែមិថុនា វិស្វករម្នាក់របស់ក្រុមហ៊ុន Google លោក Blake Lemoine បានអះអាងថា «ប្រព័ន្ធឆាត «Chatbot» របស់ក្រុមហ៊ុនឈ្មោះ LaMDA មានសមត្ថភាពបញ្ចេញប្រតិកម្មដូចគ្នាទៅនឹងមនុស្ស» ក៏ប៉ុន្តែអ្នកជំនាញភាគច្រើនបានច្រានចោលនូវការអះអាងរបស់លោក Lemoine ដែលថា «LaMDA មានសតិដឹងដូចមនុស្ស»

ប៉ុន្តែសមត្ថភាពរបស់បញ្ញាសិប្បនិម្មិតចំពោះស្វ័យសិក្សា «Self-learning» កំពុងមានការរីកចម្រើនជាបណ្តើរៗ ហើយគន្លងនៃវឌ្ឍនភាពបែបនេះ ភាគច្រើននៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ «តើបញ្ញាសិប្បនិម្មិត (AI) អាចវិវឌ្ឍទៅជាតួអង្គមួយដែលអាចគេចផុតពីការគ្រប់គ្រងរបស់មនុស្សដែរឬទេ?»

នៅពេលនេះ បញ្ញាសិប្បនិម្មិត (AI) កំពុងបំពេញការងារល្អជាងមនុស្សទៅទៀតនៅក្នុងការវិស័យជាក់លាក់មួយចំនួន។ មនុស្សខ្លះបានលើកឡើងថា «បញ្ញាសិប្បនិម្មិតអាចរៀនធ្វើកិច្ចការងាររបស់មនុស្ស ដែលទាក់ទងនឹងការប្រើបញ្ញា»។ មនុស្សមួយចំនួនបានប្រមើលមើលដល់អនាគតមួយ នៅពេលដែលបញ្ញាសិប្បនិម្មិតដ៏មហាវៃឆ្លាតអាចមានសមត្ថភាពលើសពីសមត្ថភាពរបស់មនុស្ស។

នៅឆ្នាំ ២០១៧ លោក Stephen Hawking បានព្រមានថា «ការរះឡើងនៃបញ្ញាសិប្បនិម្មិតដ៏មានអំណាច អាចជារឿងដ៏ល្អបំផុត ឬអាចជារឿងដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមានសម្រាប់មនុស្សជាតិ»។ ដូច្នេះ សហគមន៍សកលលោកគួរតែមានការសន្ទនាបើកចំហមួយទៅលើរបៀបក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិតប្រកបដោយមានការប្រុងប្រយ័ត្ន និងប្រកបដោយក្រមសីលធម៌។

ប៉ុន្តែ ដោយសារតែសង្គ្រាមបច្ចេកវិទ្យានិងភាពមិនទុកចិត្តគ្នាកាន់តែខ្លាំងនៅតែបន្តកើតមាន រវាងសហរដ្ឋអាមេរិកនិងចិន វាអាចជារឿងដ៏លំបាកណាស់ក្នុងការស្រមៃឃើញថា «ភាគីទាំង២ នឹងអាចឈានទៅរកការព្រមព្រៀងគ្នាដើម្បីធ្វើរឿងទាំងនេះ»។ អ្វីដែលទំនងបំផុតនោះគឺ «ប្រទេសទាំង២ នឹងបន្តអភិវឌ្ឍយ៉ាងសម្ងាត់នូវប្រព័ន្ធកុំព្យូទ័រយក្ស «Supercomputer» ដែលមានកម្លាំង និងមានសមត្ថភាពកាន់តែខ្លាំងដើម្បីអាចបន្តគ្រប់គ្រងលើបញ្ញាសិប្បនិម្មិត»។

គួរឱ្យសោកស្តាយ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាទំនើបរវាងសហរដ្ឋអាមេរិកនិងចិន អាចនឹងធ្វើឱ្យមនុស្សជាតិស្ថិតក្នុងភាពងាយរងគ្រោះនឹងវិនាសកម្មខ្លាំង ដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត (AI)។ ពិភពលោកនៅមានជម្រើសមួយ ដែលនោះគឺ «យើងត្រូវធ្វើការរួមគ្នា ដើម្បីប្រើប្រាស់វិទ្យាសាស្ត្រឱ្យទៅបញ្ជៀសវិបត្តិដែលមនុស្សជាតិកំពុងប្រឈមមុខ» ឬយើងអាចជ្រើសរើសបន្តធ្វើសព្វាវុធនីយកម្មលើផ្នែកបច្ចេកវិទ្យាដែលនឹងរុញច្រានយើងទាំងអស់គ្នាចូលទៅក្នុងការបំផ្លិចបំផ្លាញ។

សេណារីយ៉ូទី៣ អាចនឹងកើតមាន ដែលនោះគឺ «នៅពេលវេលាជាក់លាក់ណាមួយនៅថ្ងៃខាងមុខយើងលែងមានជម្រើស ហើយបញ្ញាសិប្បនិម្មិតដែលមានសតិដឹងដូចមនុស្ស អាចនឹងលេចរូបរាងឡើង ហើយនៅ ពេលនោះ មនុស្សអាចនឹងលែងមានសមត្ថភាពគ្រប់គ្រងលើវាបានទៀតហើយ»៕

South China Morning Post

អត្ថបទទាក់ទង