ខ្មែរប៉ុស្ដិ៍ Close

តើគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមប្រទេស G-7 អាចផ្តល់អ្វីខ្លះដល់អាស៊ីអាគ្នេយ៍?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 35
តើគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមប្រទេស G-7 អាចផ្តល់អ្វីខ្លះដល់អាស៊ីអាគ្នេយ៍? តើគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមប្រទេស G-7 អាចផ្តល់អ្វីខ្លះដល់អាស៊ីអាគ្នេយ៍?

កាលពីសប្តាហ៍មុន នាអំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំក្រុមប្រទេស G-7 នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចាប់ផ្តើមដាក់ឱ្យដំណើរការនូវភាពជាដៃគូសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល (PGII) ។

ភាពជាដៃគូ PGII ត្រូវបានគាំទ្រតាមរយៈការប្តេជ្ញាចិត្តក្នុងការផ្តល់នូវទឹកប្រាក់ចំនួន ៦០០ ពាន់លាន ដុល្លារពីសំណាក់ ប្រទេស G-7 សម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសកលនៅឆ្នាំ ២០២៧ និងមានគោលបំណងដើម្បីគាំទ្រដល់សន្តិសុខថាមពលសកល តាមរយៈការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទន់នៅក្នុងសេដ្ឋកិច្ចឌីជីថលនៅក្នុងចំណោមកិច្ចការផ្សេងៗទៀត។

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការបន្ត និងការពង្រីកនៃគំនិតផ្តួចផ្តើម Build Back Better World (B3W) ដែលត្រូវបានដាក់ចេញដោយលោក Biden កាលពីឆ្នាំមុន ដើម្បីជាជម្រើសយុទ្ធសាស្រ្តក្នុងការទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) របស់ចិន។

បើទោះបីជាវាស្ថិតក្នុងដំណាក់ កាលបឋមក៏ដោយ ក៏ភាពជាដៃគូ PGII អាចផ្តល់នូវសក្តានុពលជាច្រើនដល់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ហើយមានរឿង២ ដែលអាចនឹងក្លាយទៅជាអត្ថប្រយោជន៍ដ៏ពិសេស។

ទី១៖ ទឹកប្រាក់ចំនួន ៦០០ លានដុល្លារនឹងត្រូវបានគេចំណាយទៅលើការកសាងបណ្តាញទូរគមនាគមន៍ក្រោមបាតសមុទ្រសកលដែលតភ្ជាប់ពីតំបន់អាស៊ីអាគ្នេយ៍ទៅតំបនអឺរ៉ុបខាងលិចតាមរយៈតំបន់មជ្ឈឹមបូព៌ា។

ទី២៖ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ USAID នឹងធ្វើការបណ្តាក់ទុនចំនួន ៤៩ លានដុល្លារនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងបណ្តាញថាមពលក្នុងតំបន់ ហើយកម្មវិធីនេះត្រូវបានគេរំពឹងថានឹងផ្តល់មកវិញនូវហិរញ្ញប្បទានចំនួន ២ ពាន់លានដុល្លារ។

នៅទីបំផុតសហរដ្ឋអាមេរិកនិងប្រទេសជាសម្ព័ន្ធមិត្តបានដឹងយ៉ាងច្បាស់អំពីវិធីសាស្ត្រដ៏ល្អបំផុតក្នុងការចូលរួមជាមួយប្រទេសអាស៊ីអាគ្នេយ៍តាមរយៈភាសាសេដ្ឋកិច្ច។

កាលពីខែឧសភា សហរដ្ឋអាមេរិកបានដាក់ឱ្យដំណើរការក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដោយទទួលបានការគាំទ្រពីសំណាក់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន ៧ បើទោះបីជាក្របខណ្ឌនេះមិនបានបញ្ជាក់អំពីព័ត៌មានលម្អិតជាច្រើនក៏ដោយ។

កាលពីកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ដែលត្រូវបានគេរង់ចាំអស់រយៈពេលជាយូរមកហើយកាលពីខែឧសភាកន្លងមកនោះ សហរដ្ឋអាមេរិកបានធ្វើការប្តេជ្ញាចិត្តក្នុងការផ្តល់ទឹកប្រាក់ចំនួន ១៥០ លានដុល្លារទៅកាន់តំបន់នេះសម្រាប់កិច្ចសហប្រតិបត្តិការដែនសមុទ្រ ថាមពលស្អាត និងការគ្រប់គ្រងជម្ងឺរាតត្បាត។

សម្រាប់សហរដ្ឋអាមេរិកនិងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងក្រុមប្រទស G-7 ភាពជាដៃគូ PGII គឺជាចលនាយុទ្ធសាស្ត្រមួយដើម្បីបំពេញដល់គម្លាតហេដ្ឋារចនាសម្ព័ន្ធសកលសម្រាប់បរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពី ជម្ងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ហើយតំបន់អាស៊ីអាគ្នេយ៍តែងតែទទួលយកនូវគំនិតផ្តួចផ្តើម ឬកម្មវិធីសេដ្ឋកិច្ចទាំងឡាយ ដោយមិនបានខ្វល់ថាប្រទេសណាជាអ្នកស្នើឡើងនោះឡើយ។

ដើម្បីឱ្យភាពជាដៃគូ PGII អាចផ្តល់នូវអត្ថប្រយោជន៍បានច្រើនបំផុតដល់តំបន់អាស៊ីអាគ្នេយ៍ ផែនការនេះគួរតែ «គិតគូរអំពីគម្លាតហេដ្ឋារចនាសម្ព័ន្ធ» និងត្រូវបំពេញតម្រូវការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។

របាយការណ៍កាលពីឆ្នាំ ២០១៧ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់អាស៊ីអាគ្នេយ៍អាចដើរទាន់ជាមួយនឹងអត្រាកំណើនរបស់តំបន់នេះ គេត្រូវធ្វើការវិនិយោគទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំទឹកប្រាក់ចំនួន ១៨៤ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០៣០ វានឹងកើនឡើងដល់ ២,៧ ទ្រីលានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការធ្លាក់ចុះនៃទិន្នផលក្នុងតំបន់សម្រាប់ឆ្នាំនេះប្រហែល ១០% ធៀបនឹងពេលមុនមានវិបត្តិកូវីដ-១៩ ប្រទេសអាស៊ីអាគ្នេយ៍ពិតជាត្រូវការការជួយជំរុញផ្នែកសេដ្ឋកិច្ចដែលអាចទទួលបានតាមរយៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

តំបន់អាស៊ីអាគ្នេយ៍ក៏ជាទីកន្លែងសម្រាប់ទីផ្សារឌីជីថលដ៏ធំ និងកំពុងរីកចម្រើនដែលត្រូវបានគេព្យាករណ៍ថាអាចនឹងឈានដល់ទំហំ  ៣៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។

ខណៈដែលដំណាក់កាលនៃការស្តារសេដ្ឋកិច្ចឡើង វិញពីវិបត្តិជម្ងឺរាតត្បាតកំពុងតែបន្ត ភាពជាដៃគូ PGII ក៏ត្រូវតែផ្តល់អាទិភាពដល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីជួយលុបបំបាត់នូវឧបសគ្គមួយចំនួនដែលរារាំងចំពោះសក្តានុពលសេដ្ឋកិច្ចឌីជីថលរបស់តំបន់នេះ។ គ្រឿងបរិក្ខារនិងបច្ចេកវិជ្ជាដែលមិនទាន់ត្រូវបានអភិវឌ្ឍន៍ ត្រូវតែជំនួសវិញដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរឹងមាំ និងមានភាពជឿនលឿន។

ភាពជាដៃគូ PGII ក៏ត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងប្លង់មេឌីជីថលរបស់អាស៊ាន ដើម្បីលើកកម្ពស់និងកែលម្អការតភ្ជាប់ឌីជីថលដើម្បីបំពេញសក្តានុពលសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់នេះ។

ជាការពិតណាស់ ដោយសារគម្លាតនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារវាងប្រទេសជាសមាជិកអាស៊ានទាំង១០ នៅមានទំហំធំ ការអភិវឌ្ឍដែលផ្តល់ដោយភាពជាដៃគូ PGII អាចនឹងបង្កឱ្យមានវិសមភាព និងការមិនចុះសម្រុងគ្នាកាន់តែខ្លាំង ប្រសិនបើការអនុវត្តនោះមិនបានគ្រប់គ្រងអោយបានត្រឹមត្រូវ។

សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តគួរចងចាំថាតំបន់នេះមិនចង់ឲ្យមានការប្រកួត ប្រជែង «យកឈ្នះចាញ់គ្នា» នៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនោះទេ។ ដោយសារគំនិតផ្តួចផ្តើម BRI កំពុងតែដំណើរការនៅ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន ដូចនេះភាពជាដៃគូ PGII គួរតែមានគោលបំណងដើម្បីបំពេញបន្ថែមចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសដទៃ និងបំពេញចន្លោះប្រហោងផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលមានសារៈសំខាន់ចំពោះប្រទេសជាម្ចាស់ផ្ទះ។

ដោយសារតែតំបន់នេះបានធ្វើការពឹងផ្អែកកាន់តែខ្លាំងទៅលើប្រទេសចិនសម្រាប់ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចនេះភាពជាដៃគូ PGII អាចផ្តល់នូវភាពរីករាយចំពោះតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការផ្តល់នូវឱកាសបន្ថែមអោយពួកគេក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសខាងក្រៅផ្សេងៗទៀតដើម្បីស្វែងរកផលប្រយោជន៍ជាតិរបស់ពួកគេ។

អ្វីដែលជាករណីជាក់ស្តែង គឺបច្ចេកវិទ្យា 5G ដែល ប្រទេសនានានៅក្នុងតំបន់មានជម្រើសផ្សេងៗពីគ្នា។ ប្រទេសម៉ាឡេស៊ី និងសឹង្ហបុរីបានចាប់ដៃគូជាមួយក្រុមហ៊ុន Ericsson ខណៈប្រទេសឥណ្ឌូណេស៊ី បានងាកទៅរកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ហើយប្រទេសវៀតណាមកំពុងតែសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ 5G ដែលមិនមែនជារបស់ប្រទេសចិន ដើម្បីផលិតបច្ចេកវិទ្យា 5G របស់ពួកគេដោយខ្លួនឯង។

ដូច្នេះ ភាពជាដៃគូ PGII ត្រូវតែជួយបង្កើតនូវជម្រើសបន្ថែម ក្រៅពីគំនិតផ្តួចផ្តើម BRI នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជួយបំពេញនូវគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលប្រទេសជាច្រើនកំពុងតែប្រឈមមុខនៅក្នុងយុគសម័យក្រោយជម្ងឺរាតត្បាត។ ការបន្ថែមនូវជម្រើសទាំងនេះ គឺជាអ្វីមួយដែលតំបន់នេះនឹងពេញចិត្ត។ បើទោះបីជាតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធគឺជាកិច្ចការដ៏ចាំបាច់ ប៉ុន្តែផលប្រយោជន៍ជាតិ នៅតែមានសារៈសំខាន់។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែត្រូវរង់ចាំមើលថា តើភាពជាដៃគូ PGII នឹងត្រូវដាក់ឱ្យដំណើរការយ៉ាងដូចម្តេច ហើយតើវានឹងអាចត្រូវបានគេបន្តដាក់ឱ្យអនុវត្តនៅក្នុងយុទ្ធសាស្រ្តរបស់សហរដ្ធអាមេរិកដោយ របៀបណា ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកា និងការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងត្រូវធ្វើ ឡើងនៅឆ្នាំ ២០២៤? បើមិនដូច្នោះទេ យើងអាចនឹងមើល ឃើញនូវការវិលត្រឡប់នៃរបៀបវារៈ «America First» របស់លោក Donald Trump ដែលត្រូវបានសម្គាល់តាមរយៈការដកសហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។

ជាងនេះទៅទៀត គម្រោងដែលមានទំហំដ៏ធំបែបនេះ ក៏មានបញ្ហាប្រឈមផ្ទៃក្នុងដោយផ្ទាល់ផងដែរ។ ការអនុវត្តមិនមែនជាការដើរលេងនៅក្នុងឧទ្យាននោះទេ។ វាពិតជាមានការលំបាកយ៉ាងខ្លាំងនៅពេលដែលគំនិតផ្តួចផ្តើមមួយមានការជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសដ៏សំខាន់ៗចំនួន ៧ ជាមួយនឹងផលប្រយោជន៍នៅក្នុងតំបន់ជាច្រើន។

គំនិតផ្តួចផ្តើម BRI របស់ប្រទេសចិនត្រូវបានរៀបចំឡើងដោយរដ្ឋ និងបានដាក់ឱ្យអនុវត្តដោយសាជីវកម្មដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋ។ ដូច្នេះហើយ វាអាចនឹងផ្តល់លទ្ធផលបានយ៉ាងឆាប់រហ័ស។ គេនឹងរង់ចាំមើលថា តើភាពជាដៃគូ PGII អាចនឹងសម្រេចបាននូវលទ្ធផលដូចគ្នាដែរឬទេ។

តាមពិតទៅ សហគ្រាសអាចនឹងធ្វើឱ្យយុទ្ធសាស្ត្រកាន់តែមានភាពមិនច្បាស់លាស់ ប្រសិនបើក្រុមប្រទេស G-7 មិនអាចផ្តល់ផែនការប្រតិបត្តិឱ្យបានត្រឹមត្រូវទេនោះ។ ដោយពិចារណាទៅលើបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ នៃនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក និងភាពស្មុគស្មាញនៃការគ្រប់គ្រងផលប្រយោជន៍ពហុភាគីរបស់ប្រទេសដែលរួមចំណែកទាំងអស់ សហរដ្ឋអាមេរិកអាចនឹងប្រឈមមុខនឹងកិច្ចការដ៏គួរឱ្យភ័យខ្លាច។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានផ្តោតយ៉ាងមុតមាំទៅលើតម្រូវការក្នុងការជំរុញសេដ្ឋកិច្ចរបស់ពួកគេ ហើយគំនិតផ្តួចផ្តើមណាមួយដែលជួយជំរុញផលប្រយោជន៍របស់ពួកគេនឹងត្រូវបានស្វាគមន៍ ដូចអ្វីដែលពួកគេបានធ្វើជាមួយគំនិតផ្តួចផ្តើម BRI និងក្របខ័ណ្ឌសេដ្ឋកិច្ច IPEF អញ្ចឹង។ លុះត្រាតែសហរដ្ឋអាមេរិកបានធ្វើការវិនិយោគឱ្យបានច្បាស់លាស់នៅក្នុងការប្រែក្លាយផែនការមួយចំនួនរបស់ភាពជាដៃគូ PGII ឱ្យក្លាយទៅជាការពិត បើពុំដូច្នេះទេ ភាពជឿជាក់របស់អាមេរិកក្នុងនាមជាសម្ព័ន្ធមិត្ត និងជាដៃគូនឹងត្រូវបានគេចោទជាសំណួរនៅក្នុងតំបន់ ជាពិសេសគឺនៅក្នុងដែនសេដ្ឋកិច្ចតែម្តង៕

The Diplomat

អត្ថបទទាក់ទង