ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជា មានផែនការបង្កើតឲ្យមានការទូទាត់ឆ្លងដែន តាមរយៈប្រព័ន្ធ KHQR

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 61
ធនាគារជាតិនៃកម្ពុជា មានផែនការបង្កើតឲ្យមានការទូទាត់ឆ្លងដែន តាមរយៈប្រព័ន្ធ KHQR ធនាគារជាតិនៃកម្ពុជា មានផែនការបង្កើតឲ្យមានការទូទាត់ឆ្លងដែន តាមរយៈប្រព័ន្ធ KHQR

ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ KHQR ជាផ្លូវការនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។

លោកស្រី ជា សិរី បានឲ្យដឹងថា ប្រព័ន្ធ KHQR ជាប្រព័ន្ធថ្មីមួយទៀត ក្នុងប្រព័ន្ធបាគងដែលបន្ថែមភាពងាយស្រួល ដល់ការទូទាត់ជាមួយ QR Code ។

លោកស្រី ជា សិរី បានបន្ដថា «បច្ចុប្បន្នក្រឡេកទៅមើលការលក់ដូរ របស់ប្រជាពលរដ្ឋឃើញមានតាំងប្រព័ន្ធ QR Code របស់គ្រឹះស្ថានធនាគារជាច្រើន ដើម្បីផ្ដល់ជូនដល់អតិថិជនទូទាត់ តាមគ្រឹះស្ថានហិរញ្ញវត្ថុណាដែលអតិថិជនប្រើប្រាស់។ បន្ទាប់ពីឃើញផលលំបាក នៃការទូទាត់នេះ ធនាគារជាតិនៃកម្ពុជា បានបង្កើតស្ដង់ដាររួមមួយ អនុញ្ញាតឲ្យប្រព័ន្ធធនាគារអាចស្កេន QR Code របស់ធនាគារមួយទៀតបាន មានន័យថាអតិថិជនប្រើប្រាស់ធនាគារ «ក» អាចទៅស្កេន QR Code របស់ធនាគារ «ខ» បានដូចគ្នា ឲ្យតែធនាគារទាំងនោះជាសមាជិករបស់ប្រព័ន្ធ KHQR»

លោកស្រីបានបញ្ជាក់ថា «បន្ទាប់ពីកម្ពុជាមានស្ដង់ដាររួមថ្នាក់ជាតិបែបនេះ នៅថ្ងៃក្រោយបើចង់ធ្វើសមាហរកម្ម ក្នុងតំបន់ជាមួយប្រទេសជិតខាង គឺយើងអាចប្រើស្ដង់ដាររួមតែមួយនេះ ដោយកម្ពុជាភ្ជាប់ស្ដង់របស់ខ្លួនជាមួយស្ដង់ដារប្រទេសជាដៃគូ នោះធនាគារទូទាំងប្រទេសរបស់កម្ពុជា និងធនាគារទូទាំងប្រទេសរបស់ប្រទេសជាដៃគូ អាចប្រើប្រាស់ប្រព័ន្ធ QR Code តែមួយបានយ៉ាងងាយស្រួល ប៉ុន្ដែបើមិនមានប្រព័ន្ធ QR Code រួមនេះទេយើងត្រូវប្រើប្រាស់ QR Code របស់ធនាគារគ្រប់ប្រភេទ»

លោកស្រីបញ្ជាក់ថា បន្ទាប់ពីមានប្រព័ន្ធ KHQR នេះនឹងកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធ QR Code របស់គ្រឹះស្ថានធនាគារជាច្រើន លើបញ្ជរទៀតហើយ នេះជាការសម្រួលដល់ការទូទាត់បានស្រួលជាមុន សុវត្ថិភាព និងឆាប់រហ័ស ។ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ KHQR សង្ឃឹមថា ការទូទាត់តាមប្រព័ន្ធ QR Code នេះកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧ ជាសមាជិកបាគង បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន២៩ បានបំពេញមុខងារ ដោយជោគជ័យជាមួយ KHOR និងបានដាក់ឱ្យប្រើប្រាស់ និងទូទាត់ទំនិញជាមួយនឹងដៃគូពាណិជ្ជករនៅទូទាំងប្រទេស ៕

អត្ថបទទាក់ទង