ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន ៖ «សមត្ថកិច្ចគួរតែចាត់វិធានការក្តៅទៅលើក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 34
លិខិតមិត្តអ្នកអាន ៖ «សមត្ថកិច្ចគួរតែចាត់វិធានការក្តៅទៅលើក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏» លិខិតមិត្តអ្នកអាន ៖ «សមត្ថកិច្ចគួរតែចាត់វិធានការក្តៅទៅលើក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏»

នៅក្នុងការធ្វើបាតុកម្មខុសច្បាប់នាថ្ងៃចន្ទ ទី២៧ មិថុនា ២០២២ នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមតូចនេះ ដឹកនាំដោយសកម្មជននយោបាយរបស់បក្សប្រឆាំង ឈឹម ស៊ីថរ ដែលត្រូវបានបញ្ឈប់ពីការងារ ក្នុងដំណាក់កាលនៃការរីករាលដាលនៃរោគរាតត្បាតកូវីដ-១៩ បាន «ចងក្រណាត់ពណ៌ខៀវលើក្បាល» ហើយសរសេរថា «កុំយកលុយ ដូរសិទ្ធិ»

ពេលស្តាប់ទៅ ពិតជាគួរឱ្យអស់សំណើចផង និងគួរឲ្យខ្មាសអៀនផង។ អស់សំណើច ពីព្រោះក្រុមនេះហើយដែលបានយកលុយដូរសិទ្ធិ ពោលគឺពួកគេបានទទួលយកលុយពីពួកបរទេសតាមរយៈយន្តការផ្សេងមកចាយ ដើម្បីជាថ្នូរនឹងសិទ្ធិ ដើរធ្វើបាតុកម្មខុសច្បាប់ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពអនាធិបតេយ្យក្នុងរាជធានីអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ។

ចំណែកឯរឿងដែលគួរឲ្យខ្មាសអៀននោះគឺនៅត្រង់ថា ក្រុមនេះកំពុងប្រើសិទ្ធិខុសច្បាប់ដោយបាននិងកំពុងបង្ខំថៅកែឲ្យទទួលយកខ្លួនចូលធ្វើការងារទាំងដែលគេមិនត្រូវការ។ និយាយតាមបែបផ្សេង ក្រុមឈឹម ស៊ីថរ នេះមិនអាចរកការងារថ្មីបានធ្វើទេ ពីព្រោះមិនចេះធ្វើអ្វីក្រៅពីជំនាញធ្វើបាតុកម្មខុសច្បាប់ បង្កភាពរញ៉េរញ៉ៃក្នុងក្រុមហ៊ុន និងនៅតាមទីសាធារណៈ។

ដូច្នេះ តើនៅលើពិភពលោកយើងនេះ តើមានថៅកែណាដែលបានរើសយកបុគ្គលិកប្រភេទបែបនេះអោយចូលធ្វើការអោយក្រុមហ៊ុនខ្លួន? ហេតុដូច្នេះហើយបានជាពួកគេចង់ប្រើសិទ្ធិបង្ខំគេឲ្យយកខ្លួនទៅធ្វើការដោយបានហៅថានោះជាសិទ្ធិការងារ។

នេះមិនមែនជាសិទ្ធិការងារទេ តែជាការចាប់បង្ខំគេឲ្យយកខ្លួនចូលធ្វើការងារ។ ការប្រើសិទ្ធិខុសច្បាប់បែបនេះ ទោះបីជាធ្វើបាតុកម្មរហូតសក់ស្កូវក៏គ្មានអ្នកណាទទួលយកខ្លួនទៅធ្វើការដែរ។ កុំថាឡើយក្រុមហ៊ុនណាហ្គាវើលដ៏ ទោះបីក្រុមហ៊ុននៅទូទាំងប្រទេសខ្មែរ មិនថាជាក្រុមហ៊ុនតូចរឺធំ ក៏គេមិនទទួលយកដែរព្រោះមនុស្សប្រភេទនេះ បើយកអោយចូលធ្វើការ គឺស្មើនឹងយក ជ័រភ្នៅទៅត្បៀតក្លៀក រឺក៏ដូចជាយកគ្រាប់បែកកំណត់ម៉ោងផ្ទុះ ទៅដាក់ក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។

តាំងពីដើមទីរហូតមក ដល់បច្ចុប្បន្នអ្នកដែលបានតាមដានព្រឹត្តិការណ៍នេះប្រាកដជាបានយល់ច្បាស់ណាស់អំពីគោលបំណង និងរបៀបវារៈនយោបាយរបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមតូចនេះ។

គោលបំណងរបស់ពួកគេមិនមែនទាមទារសិទ្ធិការងារអ្វីនោះឡើយ គឺទាមទារចង់ធ្វើប្រធានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៏ ដើម្បីបន្តក្រឡុកក្រុមហ៊ុននេះ ដែលមានបុគ្គលិកកម្មកររាប់ពាន់នាក់កំពុងបម្រើការងារ។

មនុស្សដែលគេនិយាយពីសិទ្ធិ និងយល់ដឹងពីសិទ្ធិ គឺគេត្រូវយល់ពីសិទ្ធិរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃ។ និយាយអំពីការងារ គឺសិទ្ធិរបស់កម្មករ និយោជិត និងសិទ្ធិរបស់និយោជក។ ភាគីទាំងពីរនេះមានសិទ្ធិដូចគ្នា ដោយម្ខាងមានសិទ្ធិជ្រើសរើសការងារ និងម្ខាងទៀតមានសិទ្ធិជ្រើសរើសបុគ្គលិកដើម្បីបម្រើការងារ។ សិទ្ធិរបស់ភាគីទាំងសងខាងមិនអាចត្រូវបានគេចាប់បង្ខំនោះឡើយ។

ឧទាហរណ៍ថា បាតុករមួយក្រុមតូចនេះត្រូវគេបង្ខំឲ្យធ្វើការនៅក្នុងកន្លែងមួយដែលខ្លួនមិនពេញចិត្ត តែគេមិនឲ្យឈប់ពីការងារ តើពួកគេយល់ព្រមធ្វើដែរឬទេ? បើពួកគេអាចឆ្លើយសំណួរនេះបាន ពួកគេនឹងយល់ថា តើពួកគេមានសិទ្ធិឯណាមកចាប់បង្ខំថៅកែណាហ្គាវើលដ៏ឲ្យយកពួកគេចូលធ្វើការ?

និយាយអំពីសិទ្ធិរបស់មនុស្សទូទៅវិញ ការធ្វើបាតុកម្មរញ៉េរញ៉ៃនៅតាមដងផ្លូវសាធារណៈ ឬបិទផ្លូសាធារណៈគឺជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

ដូច្នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមតូចនេះ ដែលដឹកនាំដោយសកម្មជននយោបាយ ឈឹម ស៊ីថរ មិនស្គាល់សិទ្ធិ និងមិនបានគោរពសិទ្ធិអ្នកដទៃនោះឡើយ។

នៅពេលដែលពួកគេបំពានសិទ្ធិអ្នកដទៃ សិទ្ធិរបស់ខ្លួននឹងត្រូវចប់នៅថ្ងៃណាមួយ។ រហូតមកទល់ពេលនេះ ខ្ញុំសង្កេតឃើញអាជ្ញាធរហាក់ដូចជាស្លូត មានការអត់ឱន និងអនុគ្រោះចំពោះក្រុមអាណាធិប្បតេយ្យនេះពេកហើយ។ វិធានការក្តៅក៏គួរតែពិចារណាប្រកាន់យកដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសិទ្ធិមនុស្សទូទៅដែលក្រុមនេះកំពុងបំពាន រាប់ទាំងសិទ្ធិរបស់សមត្ថកិច្ចផងដែរ ដែលត្រូវបានក្រុមនេះបង្កឲ្យមាន របួស និងបាត់បង់សម្ភារៈមួយចំនួនទៀត។

ដូច្នេះ តើគេគួរទុកឲ្យមនុស្សមួយក្រុមតូចនេះបង្កភាពអនាធិបតេយ្យ និងបំពានសិទ្ធិអ្នកដទៃដល់ពេលណាទៀត?

ដោយ : និស្សិតច្បាប់ម្នាក់នៃសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ

អត្ថបទទាក់ទង