ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ឈឹម ស៊ីថរ និងបក្ខពួកកំពុងរៀបចំឈុតឆាកទឹកភ្នែកក្រពើដើម្បីបិទបាំងការទាមទារខុសទំនងរបស់ពួកខ្លួន»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 26
លិខិតមិត្តអ្នកអាន៖ «ឈឹម ស៊ីថរ និងបក្ខពួកកំពុងរៀបចំឈុតឆាកទឹកភ្នែកក្រពើដើម្បីបិទបាំងការទាមទារខុសទំនងរបស់ពួកខ្លួន» លិខិតមិត្តអ្នកអាន៖ «ឈឹម ស៊ីថរ និងបក្ខពួកកំពុងរៀបចំឈុតឆាកទឹកភ្នែកក្រពើដើម្បីបិទបាំងការទាមទារខុសទំនងរបស់ពួកខ្លួន»

ផែនការអុកឡុកសភាពការណ៍របស់ឈឹម ស៊ីថរ និងគូកននៅមិនទាន់ចប់នៅឡើយនោះទេ។ កាលពីមុនការបោះឆ្នោតឃុំសង្កាត់ដែលទើបកន្លងផុតទៅថ្មីៗនេះ ពួកគេបានរៀបចំឈុតឆាកជា ច្រើនដើម្បីបំផ្លាញមុខមាត់ និងកិត្យានុភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីទម្លាក់កំហុសនិងបង្កាច់បង្ខូចអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការធ្វើសកម្មភាពផ្សេងៗ ដែលពួកបរទេសធ្លាប់បានធ្វើការបណ្តុះបណ្តាល ដូចជាការធ្វើពុតជាដួលនៅពេលសមត្ថកិច្ចសំណូមពរឲ្យឡើងឡានក្រុងទៅទីលានប្រជាធិប្បតេយ្យ ខណៈបក្ខពួកផ្សេងទៀតបានថតរូបបង្ហោះ ដោយចោទសមត្ថកិច្ចថាបានធ្វើបាបកម្មករជាដើម។

យុទ្ធសាស្ត្រនេះមានគោលដៅជួយដល់ក្រុមប្រឆាំងក្នុងការដណ្តើមកៅអីមេឃុំ-ចៅសង្កាត់ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ ល្បិចកលនេះមិនទទួលបានលទ្ធផលឡើយ ពីព្រោះប្រជាពលរដ្ឋខ្មែរមិនបានចាប់អារម្មណ៍ចំពោះទង្វើបំពានច្បាប់ ក៏ដូចជាការតវ៉ាទាមទារខុសទំនងនេះនោះទេហើយបន្តបោះឆ្នោតជូនគណបក្សកាន់អំណាចដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលធ្វើឲ្យគណបក្សកាន់អំណាចនេះទទួលបានសំឡេងភាគច្រើនលើសលប់ ជាពិសេសទទួលបានតំណែងចៅសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។

ទោះជាយ៉ាងនេះក៏ដោយ ក៏មេសហជីពអស់សុពលភាពនិងជាសកម្មនយោបាយគាំទ្រក្រុមប្រឆាំងផ្កាប់មុខជ្រុលនិយមឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកមួយក្តាប់តូចនេះ នៅមិនបញ្ឈប់សកម្មភាពរបស់ខ្លួនដែរ។ ឥឡូវ នេះ ពួកគេបានប្រជុំដាក់ផែនការជាថ្មីដើម្បីបន្តអុកឡុករំខានរដ្ឋាភិបាល។ ជាក់ស្តែង យោងតាមការរៀបរាប់របស់អតីតបុគ្គលិកណាហ្កាវើលដ៍ដែលបានចូលប្រជុំតាមអនឡាញជាប្រចាំជាមួយ ឈឹម ស៊ីថរ និងដែលបានចេញមកទទួលយកដំណោះស្រាយតាមកិច្ចសន្យាការងារជាមួយក្រុមហ៊ុន បានអោយដឹងថា «នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២ ឈឹម ស៊ីថរ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ដោយបានដាក់ចេញនូវផែនការសកម្មភាពដើម្បីធ្វើឲ្យមានការរំខានដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល»

ផែនការសកម្មភាពរបស់ពួកគេគឺរៀបចំញ្ញត្តិដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដោយប្រមូលផ្តុំទ្រង់ទ្រាយធំនៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែម្តង។ បន្ទាប់មកទៀត ពួកគេគ្រោងរៀបចំធ្វើសន្និសីទកាសែតដើម្បីត្អូញត្អែរពីបញ្ហារបស់ខ្លួនដោយតម្រូវឲ្យកូនក្រុមទាំងអស់ជួយ Share Page ឱ្យបានផូសផុលក្នុងគោលបំណងទាក់ទាញការអាណិតអាសូរ។ ឈឹម ស៊ីថរ ក៏បានដាក់ផែនការ ឲ្យគូកនទាំងអស់កុំឲ្យឡើងលើរថយន្តក្រុងដែលរដ្ឋបាលរាជធានីរៀបចំ ព្រមទាំងតម្រូវឲ្យអង្គុយលើទីតាំងដែលអាជ្ញាធររុញឡើងឡាន។ ឈឹម ស៊ីថរ អះអាងថា នឹងដឹកនាំចេញធ្វើសកម្មភាពដោយផ្ទាល់ប្រសិនបើសមាជិកក្រុមដឹកនាំមិនហ៊ានចេញធ្វើសកម្មភាពទេ ដោយអះអាងថា ពួកគេអាចជ្រើសរើសថ្ងៃណាមួយដើម្បីប្រមូលផ្តុំកម្លាំងរហូតធ្វើឱ្យអាជ្ញាធរខ្លាចនិងទប់លែងជាប់។ ទាំងអស់នេះគឺជាផែនការដែល មានលក្ខណៈញុះញង់ និងចាប់បង្ខំឲ្យគូកនរបស់ខ្លួនធ្វើ សកម្មភាពបើទោះបីជាអ្នកខ្លះបានសំដែងការមិនយល់ស្របក៏ដោយ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ សកម្មជននយោបាយឈឹម ស៊ីថរ កំពុងព្យាយាមយកអតីតបុគ្គលិកណាហ្គាវើលដ៍ ទាំងនោះធ្វើជាឈ្នាន់ដើម្បីចង់បានតំណែងប្រធានសហជីពរបស់ខ្លួនមកវិញដោយសុខចិត្តបំភាន់ឲ្យអតីតបុគ្គលិកទាំងនោះ យល់ច្រឡំថា ការទាមទារឲ្យថៅកែយកធ្វើការវិញជាសិទ្ធិការងារ។ តាមពិត សិទ្ធិការងារគឺជាសិទ្ធិដែលថៅកែ និងនិយោជិតបានយល់ព្រមជ្រើសរើស និងទទួលយកការងារធ្វើជាថ្នូរនឹងប្រាក់ឈ្នួល និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ក្នុងករណីដែលភាគីណាមួយយល់ឃើញថា ខ្លួនមិនអាចទទួលយកបាន ពួកគេមានសិទ្ធិសុំឈប់ពីការងារ ឬបញ្ឈប់ពីការងារ ដោយអនុវត្តតាមច្បាប់ស្តីពីការងារតាមរយៈការទូទាត់សំណង និងផលប្រយោជន៍ផ្សេងៗ។ «គ្មានថៅកែណាមានសិទ្ធិបង្ខំឲ្យនិយោជិតណាម្នាក់អោយនៅធ្វើការបម្រើខ្លួនអស់មួយជីវិតទាំងដែលគេមិនពេញចិត្តនោះឡើយ» ហើយ «ក៏គ្មាននិយោជិតណាមានសិទ្ធិបង្ខំឲ្យថៅកែទទួលយកខ្លួនធ្វើការរហូតទាំងដែលថៅកែមិនពេញចិត្តនោះដែរ»។ ហេតុដូច្នេះហើយបានជាគេបង្កើតច្បាប់ការងារឬកិច្ចសន្យាការងារដើម្បីឲ្យភាគីទាំងអស់គោរពក្នុងករណីដែលមានការសុំលាឈប់ ឬការបញ្ឈប់ពីការងារ។ ប៉ុន្តែ ឈឹម ស៊ីថរ បែរជាមិនយល់ពីគោលការណ៍នេះហើយចាប់បង្ខំឲ្យនិយោជក់ទទួលយកខ្លួននិងគូកនឲ្យនៅធ្វើការទាំងដែលក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់និងយល់ព្រមផ្តល់សំណងតាមច្បាប់ការងារ។

ម្យ៉ាងវិញទៀតកន្លងមក រដ្ឋាភិបាលតែងតែបានខិតខំប្រឹងប្រែងអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការអព្យាក្រឹត្យ ហើយក្រសួងការងារ ក៏បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ និងបានលើកទឹកចិត្តដោយមិនមានភាពលម្អៀងឱ្យមានការជួបជជែកគ្នារហូតដល់ទៅ ១១ ដងដើម្បីស្វះស្វែងឱ្យក្រុមអ្នកតវ៉ាព្រមទទួលយកប្រាក់អតីតភាពការងារ និងខិតខំស្វែងរកកន្លែងធ្វើការថ្មី ដើម្បីជាការជំនួស។ប៉ុន្តែហេតុអ្វីបានជាក្រុមអតីតបុគ្គលិកនៅតែបន្តបដិសេធមិនព្រមទទួលយក ខណៈដែលពួកគាត់ក៏សុទ្ធតែបានយល់ច្បាស់ហើយដែរថា ការដោះស្រាយបានឈានមកដល់ដំណាក់កាលនេះ មិនអាចវិលត្រឡប់ក្រោយវិញបាននោះទេព្រោះវាអាចបង្កឱ្យមានភាពច្របូកច្របល់?

អ្វីដែលអាក្រក់បំផុតទៀតនោះគឺ ផែនការបង្កប់ដោយល្បិចទុច្ចរិតដើម្បីទម្លាក់កំហុសលើអាជ្ញាធរដែលគ្រាន់តែចាំការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬក៏ជួយសម្របសម្រួលឲ្យមានកិច្ចពិភាក្សាគ្នារកដំណោះស្រាយ។ ឈុតឆាកដែលគេកំពុងរៀបចំពេលនេះគឺដើម្បីរុញដុំថ្មក្តៅដែលខ្លួនជាអ្នកដុត ទៅឲ្យនាយករដ្ឋមន្ត្រីក្នុងគោលបំណងភ្ជាប់រឿងនេះទៅរាជរដ្ឋាភិបាល។ ឈុតឆាកដែលឈឹម ស៊ីថរ កំពុងរៀបចំនេះទៀតសោតគឺជាការសម្តែង «ទឹកភ្នែកក្រពើ» ដើម្បីទាក់ទាញក្តីអាណិតអាសូរពីមហាជនឲ្យមើលឃើញថា ពួកគេជាជនរងគ្រោះ តែតាមពិតគឺពួកគេនេះហើយជាអ្នកធ្វើឲ្យបញ្ហាអូសបន្លាយក្រោមរបៀបវារៈនយោបាយដោយមិនទទួលយកដំណោះស្រាយតាមផ្លូវច្បាប់។

ទោះជាយ៉ាងណា ឈុតឆាកទាំងនេះនឹងមិនទទួលបានផលឡើយពីព្រោះគ្មានច្បាប់ណាអាចបង្ខំឲ្យថៅកែទទួលយកបុគ្គលិក ដែលគេបញ្ឈប់ពីការងារឲ្យចូលធ្វើការងារវិញនោះទេ។ ម្យ៉ាងទៀត មហាជនក៏បានដឹងលឺគ្រប់គ្នាហើយថា នៅក្នុងពិភពលោកនេះ សម្រាប់ការងារនៅក្នុងវិស័យឯកជន ការធ្វើការងារគឺកើតឡើងតាមរយៈការព្រមព្រៀងគ្នារវាងថៅកែនិងបុគ្គលិក ដោយឈរលើមូលដ្ធាននៃកិច្ចសន្យាការងារ។ វាគឺជាអ្វីដែលគេបានអនុវត្តជាទូទៅនៅក្នុងពិភពលោកយើងនេះ សូម្បីតែនៅក្នុងប្រទេសប្រជាធិប្បតេយ្យនៅលោកខាងលិច ក៏មិនដែលមានករណីបុគ្គលិកកម្មករគំរាម និងបង្ខំថៅកែអោយយកខ្លួនចូលធ្វើការវិញនោះដែរ។

ដូចនេះហើយទើបមហាជនខ្មែរទូទៅចាត់ទុកថា ការតវ៉ាទាមទាររបស់អតីតបុគ្គលិកណាហ្គាវើលដ៍គឺជារឿងដែលមិនសមហេតុផល និងខុសទំនង ហើយវាក៏ជារឿងខុសច្បាប់ទម្លាប់ផងដែរ។ ដូច្នេះ បងប្អូនដែលចាញ់កលល្បិច ឈឹម ស៊ីថរ គួរតែដកខ្លួនចេញដោយងាកទៅទទួលយកសំណងពីក្រុមហ៊ុន ហើយទៅរកការងារថ្មីធ្វើដើម្បីកុំឲ្យខាតពេល និងខាតប្រយោជន៍ ព្រោះទីបំផុតរឿងនេះនឹងឡើងដល់តុលាការ ហើយក៏គ្មានច្បាប់ឯណាដែលតុលាការតម្រូវឲ្យថៅកែទទួលយកបុគ្គលិកដែលគេបញ្ឈប់ពីការងារនោះឡើយ៕

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង