ខ្មែរប៉ុស្ដិ៍ Close

អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព សង្កេតឃើញថា ការបោះឆ្នោតនៅកម្ពុជាពុំមានការគំរាមកំហែង គាបសង្កត់ និងអំពើហិង្សាឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 50

អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP ដែលចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា ពុំមានការគំរាមកំហែង គាបសង្កត់ និងអំពើហិង្សាឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍ដែលយើងទទួលបាន នៅថ្ងៃទី០៧ ខែមិថុនានេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃបោះឆ្នោត ដែលត្រូវនឹងថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២២ គណៈប្រតិភូ អង្គការ IPTP បានធ្វើទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ។ យើងមានការចាប់អារម្មណ៍ចំពោះចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើន ហើយយើងសង្កេតឃើញថា ប្រជាពលរដ្ឋបានចេញមកបោះឆ្នោតដោយសេរី និងសម្ងាត់។

អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព បានបន្ថែមថា សំខាន់ជាងនេះទៅទៀត អ្នកបោះឆ្នោតហាក់ដូចជាមានអារម្មណ៍រំភើបនិងសប្បាយរីករាយក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោតនេះ ។ យើងសង្កេតឃើញថាពុំមានសញ្ញានៃការគំរាមកំហែង ការគាបសង្កត់ និងអំពើហិង្សាណាមួយឡើយ។ ក្រៅពីនេះ បុគ្គលិកបោះឆ្នោត ត្រូវបានជ្រើសរើសតាមរយៈដំណើរការមួយដែលមានតម្លាភាពនិងភាពប្រកួតប្រជែង ហើយពួកគេបានបំពេញការងារប្រកបដោយសុចរិតភាព និងវិជ្ជាជីវៈ។

អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព បានបញ្ជាក់បន្ថែមថា ជាការពិតណាស់ យើងខ្ញុំសង្កេតឃើញថា គ.ជ.ប បានអនុវត្តតាមនីតិវិធីជាច្រើន ស្របតាមគោលការណ៍ណែនាំអន្តរជាតិ។ យ៉ាងណាមិញ យើងខ្ញុំសូមជូនយោបល់ទៅ គ.ជ.ប ថាគួរផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីនៅការិយាល័យបោះឆ្នោតដោយផ្អែកការបង្ហាត់បង្ហាញ និងការអនុវត្តផ្ទាល់ គួរផ្តល់ភាពងាយស្រួលដល់ជនពិការ និងអ្នកដែលត្រូវការជំនួយជាពិសេស ក៏ដូចជាការបង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅលើជញ្ជាំង ឬក្តារនៅការិយាល័យ បោះឆ្នោត។

តាមសេចក្តីប្រកាសរបស់គ.ជ.ប បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។

គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕ Fresh News

អត្ថបទទាក់ទង