ខ្មែរប៉ុស្ដិ៍ Close

តើតំបន់អាស៊ីអាគ្នេយ៍នឹងធ្វើតាមការចង់បានរបស់អាមេរិកដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 53
តើតំបន់អាស៊ីអាគ្នេយ៍នឹងធ្វើតាមការចង់បានរបស់អាមេរិកដែរឬទេ? តើតំបន់អាស៊ីអាគ្នេយ៍នឹងធ្វើតាមការចង់បានរបស់អាមេរិកដែរឬទេ?

ជាមួយនិងកិច្ចប្រជុំពិសេសលើកទី២ រវាងអាស៊ាន និងសហរដ្ឋអាមេរិកដែលនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ២សប្តាហ៍ទៀត រដ្ឋបាលអាមេរិកមានគោលបំណងប្រើព្រួញមួយបាញ់ឱ្យបានសត្វ២ ដែលនោះគឺ «ចិន និងរុស្ស៊ី» នៅក្នុងអំឡុងពេលកើតមានវិបត្តិនៅអ៊ុយក្រែន។

ការគាំទ្ររបស់តំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនចំនួន ៦៥៦ លាននាក់ (ច្រើនជាងតំបន់អឺរ៉ុប) និងដែលចិនចាត់ទុកជាតំបន់ជិតខាងរបស់ខ្លួន នឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការផ្តាច់ប្រទេសរុស្ស៊ីពីបណ្តាញពាណិជ្ជកម្មពិភពលោក ហើយអាចជួយអាមេរិកឱ្យយកឈ្នះលើប្រទេសចិនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។

នៅពេលនេះ ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris នឹងចាត់វិធានការបន្ថែមទៀតនៅឯកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១២-១៣ ខែឧសភា។

បណ្តាមេដឹកនាំអាស៊ានអាចនឹងប្រើប្រាស់ឱកាសនេះ ដើម្បីពង្រឹងទីផ្សារទំនាក់ទំនងឡើងវិញជាមួយអាមេរិក ក្នុងនាមជាអ្នកការពារប្រឆាំងនឹងការពង្រីកទឹកដីរបស់ចិន ក៏ដូចជាអ្នកទប់ស្កាត់បំណងប្រាថ្នារបស់ចក្រភពរុស្ស៊ីនៅតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល។

ប៉ុន្តែដោយសារតែភាពចម្រុះ ការបង្រួបបង្រួមក្រុមដែលពោរពេញទៅដោយការខ្វែងគំនិតគ្នាឱ្យដើរស្របនឹងគោលដៅគោលនយោបាយស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក ដែលមានបំណងទប់ទល់ជាមួយនឹងចិន គឺជាកិច្ចការដ៏លំបាកមួយដែលអាចសម្រេចបាននៅឯកិច្ចប្រជុំកំពូលរយៈ ពេល ២ថ្ងៃ លុះត្រាណាតែអាមេរិកអាចផ្តល់ឱ្យប្រទេសទាំងនេះនូវកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏ធំ បូករួមនឹងកិច្ចព្រមព្រៀងសន្តិសុខដ៏អស្ចារ្យនិងគួរឱ្យទាក់ទាញ។

គោលនយោបាយស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងនីតិរដ្ឋ, ស្ថាប័នប្រជាធិបតេយ្យ និងអភិបាលកិច្ចប្រកបដោយគណនេយ្យភាព។ គោលបំណងសំខាន់របស់វាគឺ «កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងប្រកបដោយភាពច្នៃប្រឌិតជាមួយសម្ព័ន្ធមិត្ត, បណ្តាប្រទេសជាដៃគូ និងស្ថាប័ននានាទាំងនៅ ក្នុងតំបន់និងនៅក្រៅតំបន់» (យោងតាមគេហទំព័រផ្លូវការរបស់សេតវិមាន)។

ប៉ុន្តែរបបផ្តាច់ការ កំពុងរីកលូតលាស់នៅប្រ៊ុយណេ ឡាវកម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា ហើយពួកគេភាគច្រើនក៏មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយប្រទេសចិនផងដែរ។ ប្រទេសវៀតណាម ដែលជាប្រទេសផ្តាច់ការឯកបក្ស មិនបានរៀបចំការ បោះឆ្នោតនោះទេ ហើយក៏បានចាប់អ្នករិះគន់របបកុម្មុយនិស្តរាប់រយនាក់ដាក់ពន្ធនាគារផងដែរ។

ប្រទេសឡាវគឺជារដ្ឋឯកបក្សមួយទៀត ខណៈដែលប្រទេស ប្រ៊ុយណេគឺជារបបរាជានិយមផ្តាច់ការ ហើយស្តេចស៊ុលតង់ Hassanal Bolkiah បានបន្តអនុវត្តសិទ្ធិអំណាចតាមបែបផ្តាច់ការចាប់តាំងពីឆ្នាំ ១៩៦៧ មកម្ល៉េះ។ ប្រទេសនេះមិនមានការបោះឆ្នោត, ប្រព័ន្ធផ្សព្វផ្សាយសេរី ឬបទដ្ឋានសិទ្ធិមនុស្សប្រកបដោយអត្ថន័យឡើយ។ ចំណែកឯរដ្ឋាភិបាលសម្ព័ន្ធមិត្តយោធារបស់ប្រទេសថៃ ក៏មិនបានផ្តល់នូវក្តីសង្ឃឹមសម្រាប់លទ្ធិប្រជាធិបតេយ្យដែរ។

ពួកគេភាគច្រើនយល់ថា «ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបាននៅក្នុងការធ្វើពាណិជ្ជកម្ម» ហើយបានរីករាយនឹងទំនាក់ទំនងដ៏ល្អជាមួយចិន។ ទីក្រុងប៉េកាំងបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ តាមរយៈស្រោមសំបុត្រដ៏ធំរបស់ខ្លួន នៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។ នៅប្រទេសហ្វីលីពីន ចិនក៏កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទៀតផង។

ប្រទេសចិនបានពង្រឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់ដោយមិនអើពើលើសហរដ្ឋអាមេរិក ហើយពាណិជ្ជកម្មទ្វេភាគីរវាងចិនជាមួយតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងដល់ ៦៨៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០ ដែលជាចំនួនច្រើនជាងទ្វេដង បើប្រៀបធៀបនឹងការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងអាស៊ាន ដែលមានចំនួនត្រឹមតែ ៣៦២ ពាន់លានដុល្លារ នៅក្នុងរយៈពេលដូចគ្នា។

ខណៈដែលប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម, សិង្ហបុរី និងហ្វីលីពីនកំពុងប្រឈមមុខនឹងជម្លោះនៅដែនសមុទ្រដែលពិបាកដោះស្រាយ ពួកគេក៏មានការមិនពេញចិត្តខ្លាំងផងដែរចំពោះការឈ្លានពានរបស់ចិន។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី ៣ ខែមេសា ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin នៅចំពេលកើតមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរនៅសមុទ្រចិនខាងត្បូង។

ការប្រឈមមុខដាក់គ្នានៅពេលបច្ចុប្បន្ននេះ មានជាប់ទាក់ទងនឹងការឈ្លានពានរបស់ចិនចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ ជាមួយនឹងប្រទេសឥណ្ឌូណេស៊ី ប្រទេសចិនបានប៉ះទង្គិចគ្នាជុំវិញការទាមទារសិទ្ធិអធិបតេយ្យភាពលើតំបន់កោះ Natuna ដែលសម្បូរទៅដោយប្រេង។

នេះគឺជាជំនួបកំពូលពិសេសលើកទី ២ ជាមួយបណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍ដែលប្រធានាធិបតីអាមេរិករៀបចំធ្វើនៅក្នុងស្រុក។ លោក Barack Obama បានទទួលស្វាគមន៍បណ្តាមេដឹកនាំអាស៊ានក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ នៅរដ្ឋកាលីហ្វ័រញ៉ា។ សហរដ្ឋអាមេរិកកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលនេះ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកអាចក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។

ប្រធានបទសេដ្ឋកិច្ចកំពូលនៅក្នុងកិច្ចប្រជុំ រួមមានការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩, សន្តិសុខសុខភាពពិភពលោក, ការប្រែប្រួលអាកាសធាតុ, ការអភិវឌ្ឍធនធានមនុស្ស, កិច្ចសហប្រតិបត្តិការដែនសមុទ្រ, ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ការតភ្ជាប់មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសថៃ ដោយសារប្រទេសនេះគ្រោងនឹងវិវឌ្ឍខ្លួនទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់នៅក្នុងតំបន់ ក្រោមផែនការយុទ្ធសាស្រ្តជាតិរយៈពេល ២០ ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនមេដឹកនាំអាស៊ានទាំងអស់សុទ្ធតែបាននិងកំពុងត្រៀមខ្លួនទៅកាន់សេតវិមានដើម្បីប្រារព្ធខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាននោះទេ។ ជាមួយនឹងរដ្ឋប្រហារដែលបានកើតឡើងកាលពី ១ឆ្នាំមុន មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing មិនទទួលបានការស្វាគមន៍ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលឡើយ។

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏កំពុងតែមមាញឹកខ្លាំង ខណៈពេលដែលលោកកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ហើយអាចនឹងចាកចេញពីតំណែងនៅក្នុងខែមិថុនាខាងមុខនេះ។

អាន ៖ លោក Duterte នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នោះទេ

កិច្ចប្រជុំរយៈពេល ២ថ្ងៃ រវាងអាស៊ាននិងអាមេរិកនឹងធ្វើឡើង នៅ ៣ ថ្ងៃក្រោយការបោះឆ្នោតថ្ងៃទី៩ ខែឧសភានៅហ្វីលីពីន។ លោក Duterte មិនធ្លាប់បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនោះទេ នៅក្នុងអំឡុងពេលកាន់តំណែងរយៈពេល ៦ ឆ្នាំរបស់លោក។

ដោយមើលឃើញអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេ សមាជិកអាស៊ានពិតជាមានការព្រួយបារម្ភថា «ពួកគេអាចនឹងត្រូវបានទាញចូលទៅក្នុងបញ្ហាជម្លោះនៅអ៊ុយក្រែន ដែលអាចនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្រោយការរាតត្បាតនៃវីរុសកូវីដ-១៩»។

សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងអង្គការ NATO បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ដោយសារការលុកលុយចូលប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។ ក្នុងគោលបំណងរារាំងរុស្ស៊ីពីការធ្វើពាណិជ្ជកម្មជាមួយពិភពលោក ពួកគេថែមទាំងបានដកប្រទេសរុស្ស៊ីចេញពីប្រព័ន្ធ SWIFT ទៀតផង។

បើទោះបីជាកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខមានភាពផ្ទុយគ្នាខ្លះទៅនឹងកិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុន និងមានភាពផ្ទុយគ្នាពីវោហាសាស្ត្ររបស់រដ្ឋបាលអាមេរិកជុំវិញសិទ្ធិមនុស្ស និង
លទ្ធិប្រជាធិបតេយ្យក៏ដោយ «ក៏សហរដ្ឋអាមេរិកនៅពេលនេះ បាននិងកំពុងព្យាយាមស្វែងរកពិន្ទុខ្លះពីតំបន់អាស៊ីអាគ្នេយ៍នៅក្នុងអំឡុងពេលកើតមានវិបត្តិនៅអ៊ុយក្រែន»៕ UCA News

អត្ថបទទាក់ទង